ឃាត់ខ្លួន​ព្រះសង្ឃ​ក្លែងក្លាយ​ និង​បក្ខពួក​ម្នាក់​ករណី​ក្លែង​ត្រា ​និង​ឆបោក​

ឃាត់ខ្លួន​ព្រះសង្ឃ​ក្លែងក្លាយ​ និង​បក្ខពួក​ម្នាក់​ករណី​ក្លែង​ត្រា ​និង​ឆបោក​



សៀមរាប​ ៖​ ព្រះសង្ឃ​ក្លែងក្លាយ​ម្នាក់ ​និង​បក្ខពួក ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម​ធ្វើការ​ឃាត់ខ្លួន​ទៅតាម​បណ្ដឹង​របស់​ពលរដ្ឋ​ រួច​បញ្ជូន​ទៅ​តុលាការ​ បន្ទាប់ពី​ជនសង្ស័យ​បាន​ប្រើ​ត្រា​ក្លែងក្លាយ​ដើរ​បិណ្ឌបាត ​បោកប្រាស់​ពលរដ្ឋ។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នា​រសៀល​ថ្ងៃ​ទី​៩ ​ខែ​ឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ក្រុម​ទី​៦​ភូមិ​បឹង​ដូន​ប៉ា​ សង្កាត់​ស្លក្រាម​ បន្ទាប់ពី​ទទួល​បណ្ដឹង​ជនរងគ្រោះ​ចុងក្រោយ។

មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន ​ទី​១. ​ឈ្មោះ​ស៊ុម សុ​ឃា ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ មាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ស្រែ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្ត​ព្រៃវែង​មាន​មុខ​របរ​ជា​អ្នកដើរ​បិណ្ឌបាត។ ​ទី​២​.ឈ្មោះ​ស៊ុម​ សូលី ភេទ​​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ស្រុកកំណើត​ភូមិ​ពន្លៃ​ឃុំ​អង្គាស​ ស្រុក​មេសាង​ ខេត្ត​ព្រៃវែង​ជា​អ្នក​បើក​ម៉ូតូ​ដឹក​លោក។

មន្ត្រី​ដដែល​បញ្ជាក់​ថា ​ចំណែក​ជនរងគ្រោះ ​ដែល​ត្រូវ​ជន​ខាងលើ​បោកប្រាស់​ទី​១​ឈ្មោះ​ភុ​ត​ភិន​ អាយុ​៦០​ឆ្នាំ​ ជា​ចៅអធិការ​វត្ត​មេ​ជ្រៃ ដែល​ស្ថិត​ក្នុងភូមិ​ពាម​តា​អួរ ឃុំ​កែវ​ពណ៌​ស្រុក​ពួក។ ព្រះអង្គ​ត្រូវ​ជន​ខាងលើ​ក្លែង​ត្រា ​ដោយ​យក​ត្រា​ព្រះអង្គ​ទៅប្រើ​ប្រាស់។ ទី​២​ឈ្មោះ​ភឿ​ក សាវុធ ប្រុស​អាយុ​៦០​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម​ ត្រូវ​ជន​ខាងលើ​បោក​អស់​៣៧០​ដុល្លារ​។ ទី​៣​ឈ្មោះ​តូច សា​គុណ ​ភេទ​ស្រី ​អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ដូន​ប៉ា ស្កាត់​ស្លក្រាម ​ត្រូវ​ជនសង្ស័យ​បោក​អស់​៣៨០​ដុល្លារ​។ ចំណែក​ទី​៤​នៅ​មិនទាន់​មក​ដាក់ពាក្យ​បណ្តឹង​នៅឡើយ​ទេ។ ជនរងគ្រោះ​ទី​២​និង​ទី​៣ ត្រូវ​ជនសង្ស័យ​បោក​តាមរយៈ បិណ្ឌបាត​គោ​ថ្ម​មួយគូ​ ដែលមាន​តម្លៃ​៣៨០​ដុល្លារ យក​ទៅដាក់​ខ្លោងទ្វារ​វត្ត។

មន្ត្រី​ដដែល​បញ្ជាក់​ថា ​ក្រោយ​ទទួល​បណ្តឹង​ជនរងគ្រោះ​ និង​សាកសួរ​ជនសង្ស័យ​សមត្ថកិច្ច​បានក​សាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​១០ ​ខែ​ឧសភា ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់៕

ឃាត់ខ្លួន​ព្រះសង្ឃ​ក្លែងក្លាយ​ និង​បក្ខពួក​ម្នាក់​ករណី​ក្លែង​ត្រា ​និង​ឆបោក​

ឃាត់ខ្លួន​ព្រះសង្ឃ​ក្លែងក្លាយ​ និង​បក្ខពួក​ម្នាក់​ករណី​ក្លែង​ត្រា ​និង​ឆបោក​