មុន​ធ្វើជា​ម្ចាស់ផ្ទះ AFF U-16 Championship 2016 កម្ពុជា ចេញទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​វៀតណាម និង​ថៃ​

​ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​ពានរង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាន​ប្រចាំឆ្នាំ​២០១៦ (AFF U-16 Championship 2016) នៅក្នុង​ខែកក្កដា ក្រុម​កីឡាករ​ជម្រើសជាតិ​របស់​កម្ពុជា​អាយុ​ក្រោម ១៦​ឆ្នាំ (U-16) នឹងចូលរួម​ហ្វឹកហាត់ និង​ប្រកួត​ប្រកួត​មិត្តភាព​នៅ​ប្រទេស​វៀតណាម និង​ថៃ នៅក្នុង​ខែឧសភា និង​ខែមិថុនា ដើម្បី​ពង្រឹងសមត្ថភាព បច្ចេកទេស និង​ដកស្រង់​នូវ​បទពិសោធ​។

​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​របស់​កម្ពុជា (U-16) នឹងធ្វើ​ការហ្វឹកហាត់ និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​វៀតណាម រយៈពេល​មួយ​សប្តាហ៍ ចាប់បី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៧ ខែឧសភា មុន​ធ្វើដំណើរ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ ក្នុង​ខែមិថុនា ខាងមុខនេះ​។

​ការចេញដំណើរ​ទៅ​ហ្វឹកហាត់ និង​ប្រកួត​នៅ​វៀតណាម និង​ថៃ នេះដែរ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស ជាពិសេស​ដើម្បី​ដកស្រង់​នូវ​បទពិសោធន៍ សម្រាប់​ត្រៀម​ប្រកួត​ដណ្តើម​ពានរង្វាន់​យុវជន​ប្រចាំ​តំបន់​អាស៊ាន​ប្រចាំឆ្នាំ​២០១៦ (AFF U-16 Championship 2016) នៅក្នុង​ខែកក្កដា ដែល​កម្ពុជា នឹង​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​នេះ​។​

​គួរ​បញ្ជាក់ថា ការប្រកួត​ពានរង្វាន់ AFF U-16 Championship 2016 នឹងធ្វើ​ការប្រកួត​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៦ ដោយមាន​១១​ប្រទេស​ចូលរួម​ប្រកួត ដូចជា កម្ពុជា​(​ម្ចាស់ផ្ទះ​), ថៃ​, ឡាវ​, ប្រ៊ុយណេ​, មី​យ៉ាន់​ម៉ា​, ហ្វីលីពីន​, ម៉ាឡេស៊ី​, វៀតណាម​, សិង្ហ​បុរី​, ទី​ម័​រ​ខាងកើត និង​ប្រទេស​អូស្ត្រាលី​។​
 
​ការប្រកួត​ដោយ​បែង​ចែកជា​ពីរ​ពូ​ល គឺ​ពូ​ល A មាន​(​អូស្ត្រាលី​, មី​យ៉ាន​ម៉ា​, ហ្វីលីពីន​, ម៉ាឡេស៊ី​, វៀតណាម និង​សិង្ហ​បុរី​) ចំណែក​ពូ​ល B មាន​(​កម្ពុជា​, ថៃ​, ឡាវ​, ប្រ៊ុយណេ និង​ទី​ម័​រ​ខាងកើត​)​។ ហើយ​សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នេះដែរ កម្ពុជា នឹង​ប្រើ​កីឡដ្ឋាន​ចំនួន​២ គឺ​ពហុ​កីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)៕