លោកស្រី ស៊ូ​ជី សន្យា​ជួយ​ទទួល​រ៉ាប់រង​លើ​កម្មករ​មី​យ៉ាន់​ម៉ា​ដែល​កំពុងធ្វើការ​នៅ​ថៃ​

​លោក Don Pramudwinai រដ្ឋមន្ត្រីការបរទេស​ថៃ បេសកជន​ពិសេស​តំណាង​នាយករដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ច័ន្ទ អូ​ចា បាន​បំពេញ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ទៅកាន់​មី​យ៉ាន់​ម៉ា​។ អំឡុងពេល​នៃ​ដំណើរ ទស្សនកិច្ច​នេះ លោក Don Pramudwinai ជួប​ជាមួយនឹង​សម​ភាគី​លោកស្រី អ៊ុង​សាន​ពិភាក្សា​លើ​ការ អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី និង​ជាពិសេស​លើ​ការទទួលខុសត្រូវ​លើ​កម្មករ​មី​យ៉ាន់​ម៉ា​នៅក្នុង​ប្រទេស​ថៃ​។

​ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​អះអាងថា មី​យ៉ាន់​ម៉ា នឹង​ជួយ​ថៃ​ក្នុងការ​រ៉ាប់រង និង​ទទួលខុសត្រូវ​ទៅលើ​កម្មករ​មី​យ៉ាន់​ម៉ា​ប្រមាណ​១.៦​លាន​នាក់​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។ សេចក្តី​ថ្លែង​កាណ៍​នេះ ធ្វើឡើង​នា​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​០៩ ខែឧសភា ម្សិលមិញ ក្រោយ​បញ្ចប់​ជំនួប​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ថៃ​លោក Don Pramudwinai​។​

​នាឱកាស​នៃ​សន្និសីទ​ដដែល​នោះ លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​សរសើរ​រដ្ឋាភិបាល​ថៃ​សម្រាប់​ការ​គាំពារ និង​ជំនួយ​ទៅកាន់​កម្មករ​ចំណាកស្រុក និង​គម្រោង​ក្នុងការ​បង្កើត​ច្បាប់​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​កាន់តែ​ល្អប្រសើរ​សម្រាប់​ក្រុមកម្មករ​ទាំងនោះ​ផងដែរ​។

​ប្រមុខ​ការទូត​មី​យ៉ាន់​ម៉ា​រូបនោះ ក៏បាន​សង្កត់ធ្ងន់​ដែលថា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា នឹង​ជួយ​សម្រួលការ​រ៉ាប់ រង​សម្រាប់​ប្រជាជន​ខ្លួន​នៅក្នុង​ប្រទេស​ថៃ ហើយ នឹងមិន​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាងកក​ទទួលបន្ទុក​តែ ម្នាក់ឯង​នោះទេ​។

​ជាមួយគ្នានេះ​ផងដែរ​ថា លោក Don Pramudwinai ក៏បាន​បញ្ជាក់ដែរថា រដ្ឋាភិបាល​ថៃ បាននិងកំពុង​តែ គិតគូរ​ពី​ផលប្រយោជន៍​សង្គម និង​សុខុមាលភាព​សម្រាប់​កម្ម​ករមី​យ៉ាន់​ម៉ា​ប្រមាណ​១.៥៩​លាន​នាក់​ដែល​បាន​ចុះបញ្ជី​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​បាងកក​ប៉ុស្តិ៍​ដែល​បាន​បន្ថែម​ដែល​លោក Don Pramudwinai ក៏បាន​ថ្លែងប្រាប់​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ថា កម្មករ​មី​យ៉ាន់​ម៉ា មាន​សិទ្ធិ​ស្មើគ្នា​ទៅនឹង​កម្មករ​ថៃ ក្នុងការ​ទទួលបាន​សេវា​សុខភាព ហើយ​កូន​របស់គេ​ក៏​អាច​ទទួលបាន ការអប់រំ​ពីសា​លា​រដ្ឋ​ផងដែរ​៕