ហួសចិត្ត​នឹង​អ្នកតំណាង​រាស្ត្រ​មាន​ងារ​ជា​ឧកញ៉ា​ និង​ផ្កាយ​៣​ប៉ូលិស​ម្នាក់​ បែរជា​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ក្នុង​មុខរបរ​ជំនួញ​ដីធ្លី​

​ពិតជា​រឿងរ៉ាវ​គួរ​ឲ្យ​ហួសចិត្ត​មែន​ ខណៈ​ដែល​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ងារ​ជា​ឧកញ៉ា​ និង​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ម្នាក់​ គឺ​ឯកឧត្តម​ ឡោក​ ហ៊ួ​រ​ អាយុ​៥៣​ឆ្នាំ​ បែរជា​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ក្នុង​មុខរបរ​ជំនួញ​ដីធ្លី​(​សម្បូរ​រឿងអាស្រូវ​ទំនាស់​ដីធ្លី​)​ទៅ​វិញ​ ។​

​ព្រោះតែ​ជាប់ជំពាក់​វាក់​វិ​ន​នឹង​រឿងអាស្រូវ​ទំនាស់​ដីធ្លី​ច្រើន​កន្លែង​ជាមួយ​ប្រជាពលរដ្ឋ​ គឺ​ឯកឧត្តម​ ឧកញ៉ា​ ផ្កាយ​៣​ប៉ូលិស​ ឡោក​ ហ៊ួ​រ​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវ​បាន​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​(​ដ​ន​ស​)​ ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី​ សម្រេច​កត់ត្រា​ចូល​ក្នុង​បញ្ជីខ្មៅ​(Black​ List)​របស់​ក្រសួង​ ។​ មាន​ន័យ​ថា​ រាល់​ឯកសារ​នៃ​ការ​ស្នើ​សុំ​ចុះបញ្ជី​ ឬ​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​ពាក់ព័ន្ធ​នឹង​ឯកឧត្តម​ ឧកញ៉ា​ ផ្កាយ​៣​ប៉ូលិស​រូប​នេះ​ នឹង​មិន​ត្រូវ​បាន​ចុះហត្ថលេខា​ទទួលស្គាល់​ឡើយ​ ។​

​លោក​ ឡោក​ ហ៊ួ​រ​ ជា​អ្នកជំនួញ​សម្បូរ​ល្បិច​កល​ម្នាក់​ ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩៩៩/១៧១​ ចុះ​ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​១៩៩៩​ ។​ ក្រៅពី​មាន​ងារ​ជា​ឧកញ៉ា​ គឺ​លោក​ឧកញ៉ា​ ឡោក​ ហ៊ួ​រ​ ក៏​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ អត្តលេខ​៦៧២២២​ម្នាក់​ដែរ​ ដែល​ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២០៩/១២២៦​ ចុះ​ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០០៩​ ។​

​នា​សម័យ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ឆ្នាំ​២០១៣​ លោក​ឧកញ៉ា​ផ្កាយ​៣​ប៉ូលិស​ ឡោក​ ហ៊ួ​រ​ បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​បម្រុង​លំដាប់​លេខ​រៀង​ទី​២​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ នៅ​មណ្ឌល​ខេត្តបាត់ដំបង​ ។​ ដោយសារ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នៅ​មណ្ឌល​ខេត្តបាត់ដំបង​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៥​អាសនៈ​ និង​មាន​បេក្ខជន​ជាប់​ឆ្នោត​មួយ​ចំនួន​បាន​មក​បំពេញការងារ​នៅ​ស្ថាប័ន​នីតិប្រតិបត្តិ​(​រាជរដ្ឋាភិបាល​)​ ទើប​លោក​ឧកញ៉ា​ផ្កាយ​៣​ប៉ូលិស​ ឡោក​ ហ៊ួ​រ​ បាន​ក្លាយជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង​ទល់​សព្វថ្ងៃ​ ។​

​សរុបសេចក្តី​មក​ នេះ​គឺជា​រឿងរ៉ាវ​គួរ​ឲ្យ​អាម៉ាស់​មួយ​ដែល​ក្នុង​នាម​ជា​អ្នកតំណាង​រាស្ត្រ​ មាន​ងារ​ជា​ឧកញ៉ា​ផង​ និង​ជា​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ម្នាក់​ផង​ បែរជា​ឯកឧត្តម​ ឡោក​ ហ៊ួ​រ​ ប្រព្រឹត្ត​អំពើ​មិន​គប្បី​ រហូត​ដល់​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ក្នុង​មុខរបរ​ជំនួញ​ដីធ្លី​ទៅ​វិញ​នោះ​ ៕​

ហួសចិត្ត​នឹង​អ្នកតំណាង​រាស្ត្រ​មាន​ងារ​ជា​ឧកញ៉ា​ និង​ផ្កាយ​៣​ប៉ូលិស​ម្នាក់​ បែរជា​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ក្នុង​មុខរបរ​ជំនួញ​ដីធ្លី​

ហួសចិត្ត​នឹង​អ្នកតំណាង​រាស្ត្រ​មាន​ងារ​ជា​ឧកញ៉ា​ និង​ផ្កាយ​៣​ប៉ូលិស​ម្នាក់​ បែរជា​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ក្នុង​មុខរបរ​ជំនួញ​ដីធ្លី​

Related