ពលករ​ខ្មែរ​៦​នាក់​​ចាញ់​បោក​មេខ្យល់ ​​ដាច់​បាយ​ដាច់​ទឹក​៣​ថ្ងៃ​៣​យប់​ ​សម្រេច​ចិត្ត​ប្រគល់​ខ្លួនឲ្យ​ប៉ូលិស​ថៃ

ពលករ​ខ្មែរ​៦​នាក់​​ចាញ់​បោក​មេខ្យល់ ​​ដាច់​បាយ​ដាច់​ទឹក​៣​ថ្ងៃ​៣​យប់​ ​សម្រេច​ចិត្ត​ប្រគល់​ខ្លួនឲ្យ​ប៉ូលិស​ថៃ



ប៉ោយប៉ែត​ ៖ ​ពលករ​ចំណាក​ស្រុក​៦​នាក់ ​ត្រូវ​បាន​អាជ្ញាធរ​ ក្នុង​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​ និង​មន្ត្រី​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​នៅ​ទីនោះ​ ជួយសង្គ្រោះ​ទាន់​ពេល​វេលា ​ហើយ​បាន​បញ្ជូន​​​មក​ដី​ខ្មែរ​វិញ​ដោយ​សុវត្ថិភាព​​ បន្ទាប់ពី​ជនរងគ្រោះ​ខាងលើ​ចាញ់​បោក​មេខ្យល់​ថា​យក​ទៅ​កាប់​ឈើ​ រួច​ទុកចោល​នៅ​ក្នុង​ព្រៃ​អស់​រយៈពេល​៣​យប់​៣​ថ្ងៃ​បង្ក​ឲ្យ​ដាច់​បាយ​ដាច់​ទឹក​នោះ។

នៅ​ម៉ោង​៨​យប់​ថ្ងៃ​ទី​៩ ​ខែ​ឧសភា​ ឆ្នាំ​២០១៦ គេ​​បាន​សង្កេត​ឃើញ​ អាជ្ញាធរ ​និង​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ក្នុងស្រុក​ម៉ាឡៃ ​ខេត្ត​បន្ទាយមានជ័យ បាន​ទទួល​យក​ពលករ​រងគ្រោះ​ចំនួន​៦​នាក់​ ដែល​ថៃ​បាន​ប្រគល់​មក​វិញ។ អាជ្ញាធរ​ថៃ​បញ្ជាក់​ជូន​សមត្ថកិច្ច​ខ្មែរ​ថា ជនរងគ្រោះ​ពិតជា​ចាញ់បោក​មេខ្យល់​ដោយ​គេ​បាន​បោក​យក​លុយ​អស់ពី​ខ្លួន ​និង​ទុកចោល​ក្នុង​ព្រៃ ដ៏​ធំ​មួយ​នៅ​ក្នុង​ខេត្ត​ស្រះកែវ​ប្ រទេស​ថៃ។ ចំណែក​មេខ្យល់​នោះ បាន​​យក​លុយ​ជនរងគ្រោះ​អស់​ រួច​​គេច​ខ្លួន​បាត់​ស្រមោល។

ជនរងគ្រោះ​ទាំង​៦​រូប​នោះ​ទី​១​.មានឈ្មោះ អូន​ណា​ង ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​បឹង​រន្ធ ភូមិ​សំឡូត ខេត្ត​បាត់ដំបង ទី​២​. ឈ្មោះ សូន សុខ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​អង្គ​រកា​ ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្ត​តាកែវ ៣​.ឈ្មោះ យ៉ង់​នី ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​​ភូមិ​បឹង​រន្ធ ឃុំ​សំឡូត​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ៤.ឈ្មោះ​ឡុង​សាម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ៥​. ឈ្មោះ​ម៉ូ​វ សំណាង ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ រស់នៅ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ​៦. ឈ្មោះ ឯល​សារ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ​រស់នៅ​ភូមិ​សំរោង ឃុំ​អង្គ​ព្រៃ ​ស្រុក​ទឹកឈូ ខេត្ត​កំពត។

តាម​សេចក្ដី​រាយការណ៍ ពី​មន្ត្រី​ប៉ូលិស​ស្រុក​ម៉ាឡៃ​បាន​ឲ្យ​ដឹង​ថា ពលករ​ទាំង​៦​រូប​នោះ បាន​ធ្វើ​​ដំណើរ​ឆ្លងកាត់​តាម​ច្រក​របៀង​ក្រុង​ប៉ោយប៉ែត តាមរយៈ​មេខ្យល់​នាំ​ផ្លូវ ដោយ​យក​លុយ​ក្នុង​ម្នាក់ៗ ២៥០០​បាត​ឯណោះ។ មេខ្យល់​បាន​​បោក​ជនរងគ្រោះ​ថា ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ​ក្នុង​ដី​ថៃ ចាប់ពី​ថ្ងៃ​ទី​៦​ដល់​ថ្ងៃ​ទី​៩ ​តែ​ពេល​ជនរងគ្រោះ​ទៅ​ដល់​​​ មិន​មាន​ការងារ​ធ្វើ​នោះ​ទេ។ ឯ​មេខ្យល់​​​ បាន​រត់​គេចខ្លួន ក្រោយ​ពី​​​​នាំ​ពួកគេ​ទៅ​នៅ​ក្នុង​ព្រៃធំ​មួយ​នៅ​ក្នុង​ខេត្ត​ស្រះកែវ។ ដោយឡែក ជនរងគ្រោះ​ផ្ទាល់​បាន​អះអាង​ថា ដោយសារ​តែ​មាន ការ​អត់បាយ​អត់​ទឹក​ជាប់​គ្នា​៣​ថ្ងៃ​រហូត​មក ​​ទើប​​​សម្រេច​ដើរ​ចេញ​ពី​ព្រៃ​ដើម្បី​ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ចាប់។ ក្រោយមក​ប៉ូលិស​មិនបាន​ឃុំខ្លួន​នោះ​ទេ ហើយ​ក៏​បានផ្តល់​បាយទឹក​ជូន​ជនរងគ្រោះ​គ្រប់គ្រាន់ ​រួច​​ក៏​ប្រគល់​មក​ឲ្យ​អាជ្ញាធរ​ខ្មែរ​វិញ​តាម​ច្រក​តំបន់​ម៉ាឡៃ៕