ក្រសួង​ពាណិជ្ជកម្ម ​ជូនដំណឹង​ពី ​ការ​បញ្ជូន​ផលិតផល​ខ្មែរ​ទៅ​ទីផ្សារ​ប្រទេស​ចិន

ក្រសួង​ពាណិជ្ជកម្ម ​ជូនដំណឹង​ពី ​ការ​បញ្ជូន​ផលិតផល​ខ្មែរ​ទៅ​ទីផ្សារ​ប្រទេស​ចិន



ភ្នំពេញ ​៖ ក្រសួង​ពាណិជ្ជកម្ម នឹង​រៀបចំ​កម្មវិធី ស្តីពី​ការ​បញ្ជូន​ផលិតផល​ខ្មែរ ទៅ​ដាក់តាំង​ផ្សព្វផ្សាយ និង​លក់​នៅ​ពន្លា​ជាតិ​កម្ពុជា​ក្នុង​ផ្សារ​ទំនើប CIFM នៅ​ទីក្រុង​ហៃ​នី​ង​ ខេត្ត​ស៊ី​ជាំ​ង​ប្រទេស​ចិន ​តាមរយៈ​ក្រុមហ៊ុន​ចិន CHINA IMPORT-FOOD MALL CO,LTD. (CIFM)។ ការ​ដាក់​ពាក្យ​ចុះឈ្មោះ​ចូលរួម នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍ ទីផ្សារ​នៃ​ក្រសួងពាណិជ្ជកម្ម ចាប់ពី ថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​៣១ ខែ​មិថុនា ឆ្នាំ​២០១៦។

យោងតាម​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៦​នេះ ក្រសួងពាណិជ្ជកម្ម បាន​ជម្រាប​ដំណឹង​ដល់ សហគមន៍ ក្រុមហ៊ុន និង​សហគ្រាស​ឯកជន ក្នុងស្រុក​ទាំងអស់ អំពី​ការបញ្ជូន​ផលិតផល​ខ្មែរ ទៅ​ដាក់តាំង​ផ្សព្វផ្សាយ និង​លក់​នៅ​ពន្លា ជាតិ​កម្ពុជា​ក្នុង​ផ្សារ​ទំនើប CIFM នៅ​ទីក្រុង​ហៃ​នី​ង ខេត្ត​ស៊ី​ជាំ​ង​ប្រទេស​ចិន​។ ការ បញ្ជូន​ផលិតផល​ខ្មែរ​ទៅ​ទីផ្សារ​ចិន​នេះ គឺ​ក្នុង​គោលបំណង​ជំរុញ ការនាំចេញ​ផលិតផល​ខ្មែរ និង​ស្វែងរក​ទីផ្សារ​នៅ​ក្រៅ​ប្រទេស​។ ដូច្នេះ​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​កិច្ច សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន CHINA IMPORT-FOOD MALL CO,LTD. (CIFM) របស់​ប្រទេស​ចិន​ដើម្បី​បញ្ជូន​ផលិតផល​ខ្មែរ នៅ​ទីផ្សារ​ចិន តាមរយៈ​ផ្សារ​ទំនើប​របស់ ក្រុមហ៊ុន​នេះ​។ ក្រុមហ៊ុន​នេះ​បានផ្តល់​ទីតាំង​ក្នុង​ទីផ្សារ​ទំនើប របស់ខ្លួន​ដល់​ភាគី​កម្ពុជា សម្រាប់​រៀបចំ ពន្លា​ជាតិ​កម្ពុជា ( CAMBODAI PAVILION) នៅ​ទីក្រុង​ហៃ​នី​ង (Haining) ខេត្ត​ស៊ី​ជាង (Zhejiang) និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ដាក់តាំង​បង្ហាញ ផ្សព្វផ្សាយ និង​លក់​ផលិតផល​ខ្មែរ​នៅ​ទីនោះ​។ គួរ​បញ្ជាក់​ថា រាល់​ផលិត​ដែលមាន បំណង​ចង់​បញ្ជូន ទៅ​ផ្សារ​ទំនើប CIFM របស់​ប្រទេស​ចិន ត្រូវមាន​បិទ​ស្លាក​ណែនាំ​ពី ការប្រើប្រាស់​ជា​ភាសា ចិន​៕