លោក​ឡោក ហ៊ួ​រ ​ចូល​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​របស់​ក្រសួង​រៀបចំ​ដែនដី

លោក​ឡោក ហ៊ួ​រ ​ចូល​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​របស់​ក្រសួង​រៀបចំ​ដែនដី



ភ្នំពេញ​ ៖​ ​​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ថ្មី លោក ជា សុផារ៉ា បាន​ប្រកាស​ដាក់​ឈ្មោះ​ ​​តំណាងរាស្ត្រ​លោក ឡោក ហ៊ួ​រ ​​នៅ​ក្នុង​បញ្ជី ខ្មៅ​របស់​ក្រសួង ​ពាក់ព័ន្ធ​ជម្លោះដីធ្លី​ជាមួយ ប្រជាពលរដ្ឋ ទាំង​នៅ​ភ្នំពេញ និង​នៅ​តាម​ខេត្ត។

ក្នុង​កិច្ចប្រជុំ​មន្ត្រី​របស់​ក្រសួង​រៀបចំ​ដែនដី លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់​ឲ្យ​ដឹងថា លោក​នឹង​រៀបចំ​ដាក់​បញ្ចូល​ ឈ្មោះ​បុគ្គល​ណា ដែល​តែងតែ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ ទោះ​មាន​ឋានៈ​អ្វី​ក៏ដោយ ហើយ​លោក​នឹង​ធ្វើ​សេចក្តីរាយការណ៍ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ផងដែរ​។ គួរ​បញ្ជាក់ដែរថា ក្រោយពី​លោក ឡោក ហ៊ួ​រ បាន​ប្រើប្រាស់​គ្រឿងចក្រ​ជាច្រើន​គ្រឿង ដោយ​ធ្វើ​សកម្មភាព​ជីកដី​លើក​ទំនប់ រំលោភ​យក​ដីព្រៃ​លិច​ទឹក ដី​បឹង​អតីត​ឡូត៍​នេសាទ និង​ដី​ប្រជាពលរដ្ឋ ដែល​កំពុង​មានទំនាស់​ដោះស្រាយ​មិនទាន់​ចប់​រាប់សិប​ហិកតា នៅក្នុង​ស្រុក​កៀនស្វាយ​និង​ស្រុក​ស្អាង ហើយ​អ្នកស្រុក​ប្ដឹង​ទៅ​អភិបាល​ខេត្តកណ្តាល​រួចមកហើយ​នោះ លោក ម៉ៅ ភិ​រុណ បានចេញ​លិខិត​មួយច្បាប់​ជូន អភិបាលស្រុក​កៀនស្វាយ និង​អភិបាលស្រុក​ស្អាង ដើម្បី​ឲ្យ​ដឹកនាំ​មន្ត្រី​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច ចុះទៅ​កាន់​ទីតាំង​ប្រព្រឹត្ត​បទល្មើស​។

​ ​យោងតាម​លិខិត​របស់លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល ចុះ​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០១៦​​ បាន​ឲ្យ​ដឹងថា ទំនាស់​ដីធ្លី​បាននិងកំពុង​កើតឡើង រវាង​ប្រជាពលរដ្ឋ និង លោក ឡោក ហ៊ួ​រ នៅក្នុង​ភូមិសាស្ត្រ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ និង​ឃុំ​ប្រាសាទ ស្រុក​ស្អាង និង​ប្រជាពលរដ្ឋ​មួយចំនួន​។ ដើម្បី​រដ្ឋបាល​ខេត្តកណ្តាល មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុង​ការសិក្សា​ស្រាវជ្រាវ និង​ដោះស្រាយ​ទំនាស់​ដីធ្លី​ដោយ​សន្តិវិធី អភិបាលខេត្ត​កណ្តា​ល បាន​ជម្រាប​ដំណឹង​ដល់ អភិបាលស្រុក​ស្អាង និង​ស្រុក​កៀនស្វាយ ត្រូវធ្វើ​ការ​ទប់ស្កាត់​ និង​បញ្ឈប់​សកម្មភាព​ជីក​លើក ឈូស​ឆាយដី​អនាធិបតេយ្យ ក្នុង​តំបន់​ដែល​លោក ឡោក ហ៊ួ​រ ឬ​អ្នកដទៃ​ផ្សេងទៀត គ្រប់គ្រង​មិន​ស្របច្បាប់ និង​មិន​អនុញ្ញាត​ឲ្យ​មានការ​លក់ ទិញ​ ឬ​ផ្ទេរសិទ្ធិ​គ្រប់គ្រង ព្រមទាំង​ចេញ​លិខិតស្នាម​លើដី​វិវាទ​។ ទទឹម​និង​នេះ អភិបាលខេត្ត កណ្តាល នឹង​បង្កើត​គណៈកម្មការ ចំពោះ​កិច្ចការ​មួយ​នេះ​ដើម្បី ចុះ​អង្កេត​ស្រាវជ្រាវ​លើ​ដី ទំនាស់​ជាក់ស្តែង​តាម បណ្តឹង​របស់​ប្រជាពលរដ្ឋ៕