ឃាត់ខ្លួន​ឃាតក វាយ​សម្លាប់​សិស្ស​ថ្នាក់​ទី​១២​បាន​ហើយ

រាជធានី​ភ្នំពេញ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​មែន ក្រោយ​ពី​ការ​វាយ​សម្លាប់​ប្លន់​យក​ម៉ូតូ ពី​សិស្ស​ស្រី​ថ្នាក់​ទី​១២ ម្នាក់​បាន​សម្រេច ឃាត​កបាន​រត់គេច​ខ្លួន ចំណែក​កម្លាំង​នគរបាល ប៉ុស្ដិ៍​ចោម​ចៅ បាន​សហ​ការណ៍​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក យឹ​ម សា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ និង​នគរបាល​ប៉ុស្ដិ៍​ពងទឹក ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក វរ​សេនី​យ៏​ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​បំផុត​។

រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ដដែល បាន​ឈាន​ដល់​ការ​ឃាត់ខ្លួន ជន​ស្ស័​យ​ចំនួន​៧​នាក់​ដែល​ជា​ឃាតក​បាតដៃ​ប្រឡាក់​ឈាម ដែល​បាន​វាយ​សម្លាប់​សិស្ស​ស្រី ក្នុង​នោះ​ជន​ដៃដល់​ម្នាក់​គឺជា​បងប្រុស​ជីដូនមួយ​របស់​នាងរង​គ្រោះ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​របស់​ជន​រង​គ្រោះ​មក​វិញ​ផង​ដែរ​។ លោក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​បាន​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ដែល​ត្រូវជា​បងជីដូនមួយ នារី​រង​គ្រោះ នៅ​ក្នុង​សង្កាត់​ព្រៃ​ស បន្ទាប់​មក​ទើប​បន្ត​ទៅ ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ទៀត នៅ​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ ហើយ​ជនសង្ស័យ​ដែល​ឃាត់​នៅ​សង្កាត់​ទឹកថ្លា​នោះ មាន​ប្រុស​៤​នាក់ និង​ស្រី​២​នាក់​ខណៈ​ដែល​ពួក​គេ កំពុង​ស្នាក់​នៅ ក្នុង​បន្ទប់​តែ​មួយ​ជា​មួ​គ្នា ។

ជនសង្ស័យ​ជា​ឃាតក​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​១.​ឈ្មោះ ជុំ វី​រៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ តាបោះ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ជា​ជន​ដៃដល់ និង​ត្រូវជា​បងជីដូនមួយ​នារី​រង​គ្រោះ ហើយ​ក៏​ជា​សង្សារ​របស់​នាង​ផង​ដែរ ២.​ឈ្មោះ សុខ សុភាព អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បូ​រី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៣.​ឈ្មោះ ឡេ​ង ដា​នី អាយុ​១៧ មាន​ទីលំនៅ ក្នុងភូមិ​ថ្លុក​ដូន​ទុំ ឃុំ​បាន​កាន ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ៤.​ឈ្មោះ គ្រឿ ច​ន្ធូ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង ភូមិ​និង​ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​អន្លង់​វែង ខេត្ត​ឧត្ត​មាន​ជ័យ ៥.​លឹ​ម បញ្ញា​វន្ត អាយុ​២០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ ៦. ឈ្មោះ ហុង សុជាតា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុង​បូ​រី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី​៧.​ឈ្មោះ សុខ សុភា អាយុ​២២​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។ តាម​ចម្លើយ​ជនសង្ស័យ​សារភាព បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​មាន​ចំនួន​៣​នាក់ ក្នុង​នោះ​ម្នាក់​ជា​បងប្រុស​ជីដូនមួយ​ជន​រង​គ្រោះ និង​៤​ទៀត​នាក់​ជា​ជន​ផ្សំ​គំនិត ហើយ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​ឈាន​ដល់​ការ​វាយ​សម្លាប់​ជន​រង​គ្រោះ​នៅឡើយ​ទេ​៕