ស្ថិតិ​ឆ្នាំ​២០១៥ ជន​ពិការ​កម្ពុជា​ បាន​ចូល​បម្រើ​ការងារ​ តាម​ស្ថាប័នរដ្ឋ​ចំនួន​២៣២០​នាក់​

ស្ថិតិ​ឆ្នាំ​២០១៥ ជន​ពិការ​កម្ពុជា​ បាន​ចូល​បម្រើ​ការងារ​ តាម​ស្ថាប័នរដ្ឋ​ចំនួន​២៣២០​នាក់​



ភ្នំពេញ​ ៖ យោង​តាម​ស្ថិតិ​ឆ្នាំ​២០១៥ របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិ​សម្បទា​ស្ដីពី ការ​ចូល​បម្រើ​ការងារ​របស់​ជន​ពិការ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ទាំង​៤០​បាន​ឲ្យ​ដឹង​ថា មាន​ជន​ពិការ​សរុប​ចំនួន​២៣២០​នាក់ ​បាន​ចូល​បម្រើ​ការងារ និង​មិន​ទាន់​បាន​គ្រប់​ទៅតាម​ផែនការ អង្គការ​ជន​ពិការ​ក​ម្ពុ​ជា និង​ម្ចាស់​ជំនួយ​ប្រទេស​អូស្ត្រាលី​ បាន​រៀប​ចំ​បើក​សិក្ខាសាលា​មួយ​ស្ដីពី​ការ​សម្រេច​បាន​នៃ​ការ​ដា​ក់​បញ្ចូល​ជន​ពិការ​ក្នុង​វិស័យ​ការងារ​ប្រព្រឹត្តទៅ​នា​ព្រឹក​ថ្ងៃទី​១០ ខែ​ឧសភា នៅ​ភោជនីយដ្ឋាន​ទន្លេ​បា​សាក់​២ ។​
​ ​
លោក​ ងិន សៅ​រ័ត្ន នាយក​ប្រតិបត្តិ​អង្គការ​ជន​ពិការ​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា ការសិក្សា​ស្រាវជ្រាវ​ស្ដីពី “​ការ​ដាក់​បញ្ចូល​ជន​ពិការ​ក្នុង​វិស័យ​ការងារ​” ធ្វើឡើង​ក្រោម​កិច្ចសហការ ​និង​ភាពជា​ដៃគូ​រវាង​អង្គការ​ជន​ពិការ​កម្ពុជា សកល​វិទ្យាល័យ​ប៉ូ​ណាស់ និង​សកល​វិទ្យាល័យ​ដេ​ឃី​ន​ ប្រទេស​អូស្ត្រាលី ក្រោម​ការឧបត្ថម្ភ និង​គាំទ្រ​ពី​រដ្ឋាភិបាល​អូស្ត្រាលី ដែល​មាន​រយៈពេល​២​ឆ្នាំ​កន្លះ (២០១៤-២០១៦)។

លោក​បន្ត​ថា គោលបំណង​ក្នុង​សិក្ខាសាលា​នេះ សំដៅ​ចែករំលែក​ព័ត៌មាន​ពី​របកគំហើញ​របស់​ការ​សិក្សា​ស្រាវជ្រាវ​លើ​ជន​ពិការ និង​វិស័យ​ការងារ។ ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ស្វែងរក​ការ​គាំទ្រ​ពី​ដៃគូ​ពាក់ព័ន្ធ ជាពិសេស​និយោជក​ក្នុង​ការ​អនុវត្ត​ជំហាន​បន្ត​ទៀត​ក្នុង​ការ​ដាក់បញ្ចូល​ជន​ពិការ​ក្នុង​វិស័យ​ការងារ ដើម្បីឲ្យ​​ស្រប​ទៅ​តាម​បរិបទ​សង្គម​កម្ពុជា។ តាមរយៈ​ការសិក្សា​នេះ យើង​បាន​រក​ឃើ​ញ​ថា មាន​កត្តា​សំខាន់​ចំនួន​៧ ដែល​អាច​ជួយ​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ដាក់​បញ្ចូល​ជន​ពិការ​ក្នុង​វិស័យ​ការងារ រួមមាន ​៖ ១.​ឥរិយា បទ​វិជ្ជមាន​របស់​និយោជក ២.​ឥរិយាបថ​វិជ្ជមាន​របស់​សង្គម ៣.​ការអប់រំ ៤.​ទំនុកចិត្ត ៥.​បណ្ដាញ​ដែល​អាច​ទុក​ចិត្ត​បាន ៦.​លទ្ធភាព​ទទួល​បាន​ព័ត៌មាន ៧.​បណ្ដាញ​សង្គម។ ការសិក្សា​នេះ​ក៏បាន​បង្ហាញថា ការ​អន្តរាគមន៍​ក្នុង​ការ​សម្រេច​បាន​នូវ​ការ​ដាក់​បញ្ចូល​ជន​ពិ​ការ​ក្នុង​វិស័យ​ការងារ​ត្រូវ​ផ្ដោត​សំខាន់​ទៅលើ​ទាំង​ផ្នែក​តម្រូវការ និង​ផ្នែក​ផ្គត់ផ្គង់​។ ផ្នែក​ទាំងពីរ​នេះ​មាន​ទម្ងន់​ និង​សារៈសំខាន់​ស្មើគ្នា ប៉ុន្តែ​មកដល់​បច្ចុប្បន្ន​នេះ ការចូលរួម​របស់​និយោជក​នៅ​មាន​កម្រិ​ត​នៅឡើយ។ កត្តា​ផ្នែក​តម្រូវការ ទាមទារ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​ការចូលរួម​របស់​និយោជក​ក្នុង​ការ​កសាង​សមត្ថភាព​របស់​ជន​ពិការ​ដូចជា ការ​ជ្រើសរើស និង​ការ​គាំទ្រ​ដ៏​សមស្រប​ណាមួយ​ដល់​ជន​ពិការ​នៅ​កន្លែង​ការងារ​របស់​ពួកគាត់។

លោក​មានប្រសាសន៍​បន្ត​ថា យោង​តាម​ស្ថិតិ​ឆ្នាំ​២០១៥ របស់​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា ស្ដីពី​ការ​ចូល​បម្រើ​ការងារ​របស់​ជន​ពិការ​ក្នុង​ក្រសួង​ស្ថាប័នរដ្ឋ​ទាំង​៤០​បាន​ឲ្យ​ដឹង​ថា មាន​ជន​ពិការ​សរុប​ចំនួន ២៣២០​នាក់ ស្មើនឹង ១.១៧% បាន​ចូល​បម្រើ​ការងារ ហើយ​នឹង​មាន​ជន​ពិការ​ចំនួន​១៦២៩​នាក់ ស្មើនឹង ០.៨៣% គ្រោង​នឹង​ជ្រើសរើស​បន្ថែម​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ​មួយ​ចំនួន ដែល​មិន​ទាន់​បាន​គ្រប់​ទៅតាម​ផែនការ ឬ​អត្រា​កំណត់​ដូច​ចែង​នៅក្នុង​អនុក្រឹត្យ​ស្ដីពី​អត្រា​ជ្រើ​សរើស​ចូល​បម្រើ​ការងារ​នៅ​តាម​ក្រសួង​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន។

នា​ឱកាស​បើក​សិក្ខាសាលា​នេះ​ លោក ​ចាប រិទ្ធី អនុរដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តា​ល​វិជ្ជាជីវៈ បាន​ផ្ដោត​លើ​ការអនុវត្ត​ក្រសួង​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​៥ ចំនុច​គឺ​១ ការ​លើក​កម្ពស់​លក្ខខណ្ឌ​ការងារ និង​ភាព​សុខដុមរមនា​នៃ​ទំនាក់ទំនង​ការងារ​រវាង​កម្មករ និង​និយោជក ទី​២ ការ​អភិ​វឌ្ឍ​​បណ្តុះបណ្តាល​បច្ចេកទេស ទី​៣ ការ​អភិវឌ្ឍ​​មុខរបរ ទី​៤ ការ​អភិវឌ្ឍ​បេឡា​ជាតិ​សោធន​និវត្ត និង​យុទ្ធសាស្ត្រ​ទី​៥ ការ​អង្រឹង​អភិបាលកិច្ច​ល្អ។

ក្នុង​នោះ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​នៅ​តាម​ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន ចូលរួម​ជ្រើសរើស ជន​ពិការ ចូល​បម្រើ​ការងារ​ឲ្យ​បាន​គ្រប់​តាម​ផែន​ការ ដែល​អនុក្រឹត្យ​បាន​កំណត់​រួចហើយ ដោយ​ស្ថាប័នរដ្ឋ​២% និង​វិស័យ​ឯកជន​ចំនួន​១%៕

ស្ថិតិ​ឆ្នាំ​២០១៥ ជន​ពិការ​កម្ពុជា​ បាន​ចូល​បម្រើ​ការងារ​ តាម​ស្ថាប័នរដ្ឋ​ចំនួន​២៣២០​នាក់​