Hello VOA៖ អ្នកជំនាញ​កសិកម្ម​ថា កម្ពុជា​គួរ​សិក្សា​ពី​លទ្ធភាព​យក​ទឹក​ក្រោម​ដី​សម្រាប់​វិស័យ​កសិកម្ម​

អ្នកជំនាញការ​ខាង​វិស័យ​កសិកម្ម លើកឡើងថា ប្រទេស​កម្ពុជា គួរតែ​ចាប់ផ្ដើម​សិក្សា​ពី​លទ្ធភាព​ក្នុង​ការយក​ទឹក​ក្រោម​ដី មកប្រើប្រាស់​សម្រាប់​វិស័យ​កសិកម្ម​របស់ខ្លួន ខណៈ​ប្រទេស​នេះ កំពុង​ជួបប្រទះ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក កែ សំអឿន លើកឡើងថា រដ្ឋាភិបាល ចាំបាច់​ត្រូវ​សិក្សា​ពី​លទ្ធភាព​យក​ទឹក​ក្រោម​ដី​មកប្រើប្រាស់​ឬ​យក​ទឹក​ពី​ទន្លេ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ទឹក​នេះ នៅពេល​អនាគត​ដ៏​វែងឆ្ងាយ​ទៀត​។​

​លោក កែ សំអឿន អ្នកសិក្សា​ខាង​វិស័យ​កសិកម្ម​ក្នុង​កម្មវិធី​អាហារូបករណ៍ Hubert Humphrey Fellowship នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក បានលើកឡើង​បែបនេះ​នៅក្នុង​កម្មវិធី
«Hello VOA» កាលពី​ថ្ងៃ​ច័ន្ទ ទី ៩ ខែឧសភា​នេះ​៖
«​ការយក​ទឹក​ក្រោម​ដី​មកប្រើប្រាស់​ហ្នឹង យើង​ត្រូវតែ​សិក្សា​មើលថា​តើ​យើង​អាច​យកមកប្រើ​ប្រាស់​បាន​ឬ​អត់​។ ចំពោះ​ខ្ញុំ ខ្ញុំ​មាន​សុទ្ធិ​និយម​ថា យើង​អាច​យកមកប្រើ​បាន​។ សំខាន់​យើង សិក្សា​វា​ឲ្យ​ច្បាស់​កន្លែង​ហ្នឹង​»​។​

​អ្នកជំនាញ​ដែល​បានធ្វើការ​សិក្សា​ខាង​វិស័យ​កសិកម្ម​រយៈពេល​១០​ខែ​នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ក្នុង​សហរដ្ឋអាមេរិក​នេះ បាន​មើលឃើញ​ពីបទ​ពិសោធន៍​នៃ​ការយក​ទឹក​ក្រោម​ដី​មកប្រើប្រាស់​សម្រាប់​រដ្ឋ​ប៉ែក​ខាងលិច​សហរដ្ឋអាមេរិក​នេះ​។​

«​ការដែល​គេ​យក​ទឹក​ក្រោម​ដី យកមក​ស្រោចស្រព​បាន គឺ​អ្នកបច្ចេកទេស ដើរតួនាទី​សំខាន់​ណាស់​។ គាត់​ដើរតួ​ជា​ខួរក្បាល​សម្រាប់​រដ្ឋាភិបាល ដែល​ចេញ​ថា​តើ​គាត់​មាន​គោលនយោបាយ​បែបណា ហើយ​ប្រើប្រាស់​យ៉ាងម៉េច ដើម្បី​កុំ​ឲ្យ​មាន​ផលប៉ះពាល់​អី​ផ្សេងៗ​»​។​

​លោក កែ សំអឿន លើកឡើងថា ការយក​ទឹក​ក្រោម​ដី មកប្រើប្រាស់​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​នេះ ប្រាកដ​ជាមាន​ផលប៉ះពាល់​ខ្លះៗ​ហើយ ប៉ុន្តែ លោក​ថា អ្នកជំនាញការ​និង​អ្នកបច្ចេកទេស​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​ព្រមទាំង​អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅតាម​សាកលវិទ្យាល័យ ចាំបាច់​ត្រូវ​ធ្វើការ​ជាមួយគ្នា ដើម្បី​ពិនិត្យមើល​ពី​ផលប៉ះពាល់ ដែល​អាច​កើតមានឡើង ដើម្បី​ត្រៀម​រក​ដំណោះស្រាយ​រយៈពេល​វែង​ចំពោះ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​នេះ​។​

​ប្រទេស​កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ ប្រមាណ​៣​លាន​ហិកតារ ហើយ​ពលរដ្ឋ​ប្រមាណ​៨០​ភាគរយ​គឺជា​កសិករ ដែល​ភាគច្រើន​ពឹងផ្អែក​លើទឹក​ភ្លៀង ដើម្បី​ធ្វើស្រែ​ចម្ការ​របស់​ពួកគេ​។​

​ប៉ុន្តែ ដោយសារ​គ្រោះរាំងស្ងួត​ប្រចាំឆ្នាំ​នៅក្នុង​តំបន់​និង​កង្វះ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​នៅក្នុង​ប្រទេស កសិករ​ខ្មែរ ត្រូវ​រងគ្រោះ​ដោយសារ​ការខ្វះ​ទឹក​ប្រើប្រាស់​នេះ​។​

​ស្ថានភាព​កង្វះ​ទឹក​នៅ​ឆ្នាំនេះ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មែនទែន រហូតដល់​ជំរុញ​ឲ្យ​រដ្ឋាភិបាល ប្រកូក​ប្រកាស​បើក​យុទ្ធនាការ​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដើម្បី​ដោះស្រាយ​បន្ទាន់​ចំពោះ​បញ្ហា​កង្វះ​ទឹក​នេះ​។​

​លោក កែ សំអឿន លើកឡើងថា រដ្ឋាភិបាល ចាំបាច់​ត្រូវ​សិក្សា​ពី​លទ្ធភាព​យក​ទឹក​ក្រោម​ដី​មកប្រើប្រាស់​ឬ​យក​ទឹក​ពី​ទន្លេ ដើម្បី​បញ្ចៀស​បញ្ហា​កង្វះ​ទឹក​នេះ នៅពេល​អនាគត​ដ៏​វែងឆ្ងាយ​ទៀត​។​

«​យើង​សិក្សា ថា​តើ​យើង​យក​ទឹក​ក្រោម​ដី​ហ្នឹង យើង​ចាយ​អស់​ប៉ុន្មាន ហើយ​បើ​យើង​កាត់​ប្រឡាយ​យក​ទឹក​ពី​ទន្លេ​មក យើង​ចំណាយ​អស់​ប៉ុន្មាន​? អញ្ចឹង យើង​មើលថា​តើ​មួយណា​អស់​តិចជាង យើង​យក​អាហ្នឹង​ទៅ​»​។​