សៀមរាបអង្គរ មិនតក់ស្លុតពេលប៉ះណាហ្គាវើល តែប៉ូលិស ជឿជាក់ក្នុងការផ្តួលខេត្តក្រចេះ

ក្រុមសៀមរាបអង្គរ នឹងត្រូវប្រជែងជាមួយក្រុមណាហ្គាវើល ដោយមិនមានភាពតក់ស្លុត សម្រាប់ការប្រកួតជម្រុះពានរង្វាន់សម្តេចហ៊ុនសែន លើកទី១០ ប្រចាំឆ្នាំ២០១៦ នៅថ្ងៃពុធនេះ រីឯក្រុមអគ្គស្នងការនគរបាលជាតិ(ប៉ូលិស) ដែលកំពុងតែប្រឈមនូវភាពសៅហ្មងទាំងការប្រកួតក្របខ័ណ្ឌលីកកំពូល និងការប្រកួតពានរង្វាន់សម្តេចហ៊ុនសែននេះ បានដាក់ទិសដៅយកឈ្នះក្រុមខេត្តក្រចេះឲ្យបាន ហើយក្រុមភ្នំពេញក្រោន វេស្ទើន និងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) ក៏អាចនឹងឈ្នះ៣ពិន្ទុនៅថ្ងៃនេះដែរ។
soc
លោក ជួន សុខវ៉ាន់ឌី អ្នកដឹកនាំក្រុមសៀមរាបអង្គរ បាននិយាយថា៖«ជាធម្មតាក្រុមមកពីនៅខេត្ត នៅពេលជួបក្រុមកំពុងលេងនៅលីកកំពូល តែងតែជួបការលំបាក។ បើយើងលេងការពារសុទ្ធនោះ យើងអាចចាញ់ណាហ្គាវើល ត្រឹម១ទៅ២គ្រាប់ប៉ុណ្ណោះ ប៉ុន្តែយើងនឹងរៀបចំប្រព័ន្ធលេងតាមធម្មតា គឺមានវាយបក និងទប់ ហើយយើងគ្មានភាពតក់ស្លុតក្នុងការប្រកួតជាមួយក្រុមណាហ្គាវើលនោះទេ»។

សម្រាប់ការប្រកួត២លើកកន្លងមកនេះ ក្រុមណាហ្គាវើល និងសៀមរាបអង្គរ ដែលឈរនៅពូលDជាមួយគ្នា បានឈ្នះទាំង២ប្រកួតដូចគ្នា ដោយក្នុងនោះ សៀមរាបអង្គរ បានឈ្នះក្រុមខេត្តក្រចេះ ៣-០ និងបានលត់ក្រុមខេត្តព្រះវិហារ ១១-០ ឯណាហ្គាវើល បានលត់ក្រុមខេត្តស្វាយរៀង ៦-០ និងខេត្តក្រចេះ ១៦-១ ប៉ុន្តែការជួបគ្នាថ្ងៃនេះគ្មានអ្នកណាជឿថា សៀមរាបអង្គរ អាចរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួនបាននោះទេ។
soc1
ចំណែកក្រុមប៉ូលិស ដែលបានជួបការខកចិត្តយ៉ាងខ្លាំងជាមួយលទ្ធផលស្មើ ៣-៣ ជាមួយក្រុមខេត្តស្វាយរៀង បន្ទាប់ពីបានលត់ក្រុមខេត្តព្រះវិហារ ៩-០ ក្នុងការប្រកួតបើកឆាកនោះ បានដាក់គោលដៅយ៉ាងច្បាស់ក្នុងការយកឈ្នះក្រុមរងគ្រោះខេត្តក្រចេះ គឺពួកគេមិនឲ្យមានការភ្តាត់ដូចជួបក្រុមខេត្តស្វាយរៀងទៀតនោះទេ។

លោក អ៊ុង កនយ៉ានិត គ្រូបង្វឹកក្រុមប៉ូលិស បាននិយាយថា៖«យើងបានរៀបចំបានល្អហើយ ហើយយើងនឹងឈ្នះនៅក្នុងការប្រកួតនេះ គឺមិនអាចមានការថ្លោះថ្លូយដូចការប្រកួតលើកមុននោះទេ។ យើងត្រូវការរកគ្រាប់បាល់ឲ្យបានច្រើន ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ព្រោះយើងត្រូវតែឈ្នះជាដាច់ខាត»។
soc2
ដោយឡែកសម្រាប់ការប្រកួតទាំង៣គូប្រចាំពូលC នៅថ្ងនេះដែរ ត្រូវបានគេមើលឃើញថា ភ្នំពេញក្រោន ក្រុមស៊ីម៉ាក់ ដែលមាន៦ពិន្ទុដូចគ្នា និងវេស្ទើន ដែល២ប្រកួតកន្លងមក បានឈ្នះ១ និងចាញ់១ប្រកួតនោះ នឹងទទួលបានជ័យជម្នះរៀងៗខ្លួន ព្រោះក្រុមទាំង៣នេះ សុទ្ធតែត្រូវជួបក្រុមមកពីខេត្ត ដែលមានកម្រិតលេងនៅខ្សោយជាងខ្លួនដូចគ្នា៕

កម្មវិធីប្រកួតទាំង៦គូនៅថ្ងៃពុធនេះ
– ប៉ៃលិន v វេស្ទើន នៅកីឡដ្ឋានខេត្តប៉ៃលិន រសៀលម៉ោង ៣:៣០
– ខេត្តកំពត v ស៊ីម៉ាក់ នៅកីឡដ្ឋានខេត្តកំពត រសៀលម៉ោង ៣:៣០
– ភ្នំពេញក្រោន v ខេត្តកំពង់ស្ពឺ នៅកីឡដ្ឋាន RSN ល្ងាចម៉ោង ៦:០០
– សៀមរាបអង្គរ v ណាហ្គាវើល នៅកីឡដ្ឋានខេត្តសៀមរាប ម៉ោង ៣:៣០
– ខេត្តស្វាយរៀង v ខេត្តព្រះវិហារ នៅកីឡដ្ឋានខេត្តស្វាយរៀង ម៉ោង ៣:៣០
– ប៉ូលិស v ខេត្តក្រចេះ នៅពហុកីឡដ្ឋានជាតិ ល្ងាចម៉ោង ៦:០០