ឥណ្ឌូនេស៊ី ចង់បានលោក Mourinho ធ្វើជាគ្រូបង្វឹក

លោក Jose Mourinho អតីតអ្នកចាត់ការទូទៅរបស់ក្លិប Chelsea នឹងពិចារណាទៅលើជំហានបន្ទាប់របស់លោក ខណៈដែលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ី ដែលជាប់បម្រាមពីការប្រកួតកីឡាបាល់ទាត់អន្តរជាតិ បានបង្ហាញខ្លួនក្នុងនាមជាអ្នកចង់បានរូបលោក។ លោក Imam Nahrawi រដ្ឋមន្ត្រីកីឡារបស់ឥណ្ឌូនេស៊ី បានប្រកាសថា លោកចង់បានលោក Mourinho ដែលកំពុងតែគ្មានការងារធ្វើ ចាប់តាំងពីខែធ្នូ ក្រោយពីត្រូវបានបណ្តេញចេញដោយក្លិប Chelsea ដើម្បីធ្វើការបង្វឹកដល់ក្រុមជម្រើសជាតិនៃប្រទេសនេះ។
mourinhoshocked
លោក Mourinho ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប Manchester United ដែលជាកន្លែងលោក Louis van Gaal បានចំណាយពេលភាគច្រើននៃរដូវកាលនេះក្រោមភាពស្រពេចស្រពិលជុំវិញអនាគត ប៉ុន្តែ លោក Nahrawi សង្ឃឹមថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ៥៣ឆ្នាំរូបនេះ អាចនឹងធ្វើការជ្រើសរើសយកឥណ្ឌូនេស៊ីជំនួសវិញ។ លោក Nahrawi ត្រូវបានដកស្រង់សម្តីខណៈដែលកំពុងនិយាយដោយទីភ្នាក់ងារសារព័ត៌មាន Antara កាលពីថ្ងៃចន្ទក្នុងទីក្រុងហ្សាការតា ថា៖ «បញ្ហានេះត្រូវបានយកមកពិភាក្សាជាមួយនឹងលោកប្រធានាធបិតី Joko Widodo»។

ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ លោក Nahrawi បានទទួលស្គាល់ថា «វាមិនមែនជាការងារស្រួលឡើយ» ជាពិសេសទាក់ទងនឹងទឹកប្រាក់ក្នុងការជួលលោក Mourinho។ លើសពីនេះទៅទៀត លោក Mourinho នឹងត្រូវដឹកនាំក្រុមមួយដែលបច្ចុប្បន្ន មិនអាចចូលរួមការប្រកួតអន្តរជាតិ ក្រោយពី FIFA ដាក់ពិន័យព្យួរឥណ្ឌូនេស៊ី កាលពីខែឧសភា ឆ្នាំមុន ជុំវិញការចោទប្រកាន់ផ្សេងៗថា រដ្ឋាភិបាលបានលូកដៃធ្វើអន្តរាគមន៍៕

ប្រភពព័ត៌មាន៖ Bangkok Post