លោក​អូបាម៉ា​​នឹង​ធ្វើ​ទស្សនកិច្ច​​​ប្រវត្តិសាស្ត្រ​នៅ​ទី​ក្រុង​ហ៊ីរ៉ូស៊ីម៉ា​ ប្រទេស​ជប៉ុន​

​​​​ លោក​បារ៉ាក់ អូបាម៉ា​​​នឹង​ធ្វើ​ដំណើរ​​ទស្សនកិច្ច​ទៅ​កាន់​​​ទី​ក្រុង​ហ៊ីរ៉ូស៊ីម៉ា​​​​​ក្នុង​ខែ​ឧសភា​​នេះ។ វា​ជា​ទស្សនកិច្ច​លើក​ដំបូង​​​នៃ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​កំពុង​កាន់​តំណែង​​​​​ទៅ​កាន់​ទី​ក្រុង​ជប៉ុន​ដែល​បាន​រង​ការ​​បំផ្លាញ​ដោយ​គ្រាប់​បែក​​នុយក្លេអ៊ែរ​​ក្នុង​ឆ្នាំ​១៩៤៥។

 

លោក​អូបាម៉ា​​នឹង​ធ្វើ​ទស្សនកិច្ច​​​ប្រវត្តិសាស្ត្រ​នៅ​ទី​ក្រុង​ហ៊ីរ៉ូស៊ីម៉ា​ ប្រទេស​ជប៉ុន​
 

តាម​លោក​​Josh Earnest អ្នក​នាំ​ពាក្យ​​នៃ​សេតវិមាន​ លោក​អូបាម៉ា រួម​ដំណើរ​ជា​មួយ​​​នាយក​រដ្ឋមន្ត្រី​ជប៉ុន​​​​​​​ លោក Shinzo Abe នឹង​​​ទៅ​កាន់​​ហ៊ីរ៉ូស៊ីម៉ា​​នា​ថ្ងៃ​ទី​២៧ ខែ​​ឧសភា​ខាង​មុខ​នេះ បន្ទាប់​​ពី​​ចូល​​រួម​ជំនួប​កិច្ច​​ប្រជុំ​​កំពូល​​​បណ្ដា​ប្រទេស​ G7 (ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ខ្លាំង​ទាំង​៧ រួម​មាន​សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និង​អង់គ្លេស ) នៅ​​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន។

 

សេចក្ដី​ថ្លែង​ការណ៍​ពី​អ្នក​នាំ​ពាក្យ​សេតវិមាន​ដដែល​បាន​​ប្រកាស​ឲ្យ​ដឹង​ថា៖ “លោក​ប្រធានាធិបតី​នឹង​​ធ្វើ​​ដំណើរ​ទស្សនកិច្ច​​ជា​ប្រវត្តិសាស្ត្រ​​​ទៅ​កាន់​ទី​ក្រុង​ហ៊ីរ៉ូស៊ីម៉ា​​​​ជា​មួយ​លោក​​​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe​ គឺ​​ដើម្បី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​​​របស់​សហរដ្ឋអាមេរិក​​​ក្នុង​ការ​បន្ត​កិច្ចការ​សន្តិភាព​និង​សន្តិសុខ​ពិភពលោក​ដោយ​​គ្មាន​​អាវុធ​នុយក្លេអ៊ែរ”។

 

យ៉ាង​ណា​ក្ដី ប្រភព​​​​​ពី​សេតវិមាន​ដដែល​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​ពុំ​មាន​​ការ​សុំ​ទោស​ទៅ​កាន់​ជប៉ុន​អំពី​រឿង​​ទម្លាក់​គ្រាប់​បែក​នោះ​ទេ។

 

នា​ថ្ងៃ​​ទី​៦ ខែ​សីហា ១៩៤៥ សហរដ្ឋអាមេរិក​បាន​ទម្លាក់​គ្រាប់​បែក​អាតូមិច​​ជា​លើក​ដំបូង​​នៅ​ទី​ក្រុង​ហ៊ីរ៉ូស៊ីម៉ា​ដែល​បាន​សម្លាប់​​មនុស្ស​ប្រមាណ​ ១៤០ ០០០​នាក់។ រយៈ​ពេល​បី​ថ្ងៃ​​បន្ទាប់​ កង​ទ័ព​អាមេរិក​​បាន​ទម្លាក់​គ្រាប់​បែក​ភ្លុយតូនីញ៉ូម​​លើ​ទី​ក្រុង​កំពង់​ផែ​ ណាហ្គាសាគី ដែល​បាន​សម្លាប់​​​​មនុស្ស​​ប្រមាណ​៧៤ ០០០​នាក់​បន្ថែម​ទៀត៕

 

លោក​អូបាម៉ា​​នឹង​ធ្វើ​ទស្សនកិច្ច​​​ប្រវត្តិសាស្ត្រ​នៅ​ទី​ក្រុង​ហ៊ីរ៉ូស៊ីម៉ា​ ប្រទេស​ជប៉ុន​

ទីក្រុងហ៊ីរ៉ូស៊ីម៉ា

 

ចុចអាន៖  John Kerry ទៅ​ទស្សនកិច្ច​​​​ជា​ប្រវត្តិសាស្ត្រ​​​នៅ​​សួន​​រំឭក​វិញ្ញាណក្ខន្ធ​​​​ក្រុង​ហ៊ីរ៉ូស៊ីម៉ា

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC, Channelnewsasia​​​​​​​​​​​​​​​​​