លោក កឹម សុខា នឹងមិន​ចូលខ្លួន​តាម​ការកោះហៅរ​បស់​ព្រះរាជអាជ្ញា​ទេ​នា​ព្រឹក​នេះ​

ភ្នំពេញ:
លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ មិនបាន​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​11 ខែឧសភា តាម​ការកោះហៅ​របស់រ​បស់​លោក​កែវ សុជាតិ ព្រះរាជអាជ្ញារង​នោះទេ​។
​ការ​កោះ​អោយចូល​បំភ្លឺ​នេះ គឺ​ទាក់ទង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា​
​ប្តឹង​ពីបទ​បរិហាកេរ្តិ៍ កាលពី​ថ្ងៃទី​1 ខែមីនា ឆ្នាំ​2016​។​

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ធម្មិកោ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា លោក កឹម សុខា មិន​ចូលខ្លួន​បំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ​ទេ​។
​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ​ធម្មិកោ បាន​បន្តថា “​លោក​ប្រធានស្តីទី កឹម សុខា បានសម្រេច​ចិត្ត​ធ្វើ​ពលី​កម្ម​ប្រឈម​នឹង​ច្បាប់ ហើយ​សុខចិត្ត​អោយគេ​ចាប់ខ្លួន​លោក ដើម្បី​ផ្តល់​កំលាំងចិត្ត​អោយ​យើងទាំងអស់គ្នា​នៅ​ខាងក្រៅ​។ ហេតុដូច្នេះ ដើម្បី​ផ្តល់​សេចក្តី​កក់ក្តៅ​ជួន​លោក​វិញ យើង​ត្រូវតែ​រួប​រូ​ម​គ្នា​ប្តេជ្ញាចិត្ត​បន្ត​បេសកម្ម​ពិសិដ្ឋ​របស់លោក​រៀងរាល់​ថ្ងៃ​ជាមិនខាន ដើម្បី​ទាមទារ​សិទ្ធ​សេរីភាព និង​ប្រជា​ធិ​តេ​យ្យ​ពេញលេញ​ជួន​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ការពារ​បូរណភាព​ទឹកដី និង​ឯករាជ្យភាព​ជាតិ​យើង​”​។​

​កាលពី​នៅ​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៦ លោក កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​កោះហៅ​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦  វេលា​ម៉ោង​៩ ព្រឹក ដើម្បី​សាកសួរ​ករណី​បរិហារកេរ្តិ៍ កញ្ញា ធី សុវណ្ណ​ថា ហើយ​ចំពោះ​បញ្ហា​នេះ លោក សៀង សុខ ក៏បាន​ចេញ​ដីកា​កោះហៅ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២ រូប ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​ផងដែរ គឺ​ទី​១, លោក តុ វ៉ាន់​ចាន់ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៦ ខែ ឧសភា វេលា​ម៉ោង​៩ ព្រឹក​។  ចំណែក​លោក ពិន រតនា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​១៦ ខែឧសភា វេលា​ម៉ោង​១៤ និង​៣០ នាទី ដើម្បី​សាកសួរ​ពី​ដំណើររឿង​ពាក់ព័ន្ធ និង​អំពើ​ពេស្យាចារ ៕​