ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន ពេល​ឈូស​ឆាយដី​ធ្វើ​ចម្ការ​

ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន ពេល​ឈូស​ឆាយដី​ធ្វើ​ចម្ការ​



បាត់ដំបង ៖ គ្រាប់មីន និង​គ្រាប់​ផ្លោង​ជាច្រើន​ប្រភេទ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅក្នុង​ដី​ច​ម្ការ​មួយ​កន្លែង ដែល​គេ​សង្ស័យ​ថា ​អាច​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ ខណៈ​​ម្ចាស់​ចម្ការ​បាន​ធ្វើ​ការ​ឈូស​ឆាយដី​នៅក្នុង​ចម្ការ​របស់​ខ្លួន ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ប្រកបដោយ​ភាព​ភ័យ​ខ្លាច​ថែម​ទៀត​ផង។​

​ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​លើ​ដីចម្ការ​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​តា​គ្រក់ ឃុំ​ត្រែង​ ស្រុក​រតនៈ​ម​ណ្ឌល ខេត្តបាត់ដំបង ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកស្រី ជា កិច្ច អាយុ​៥២​ឆ្នាំ​ រស់នៅ​ត្រង់​ចំនុច​កើត​ហេ​តុ​ខាងលើ។​

​អ្នកស្រី​ដែល​ជា​ម្ចាស់​ចម្ការ​បាន​គូស​បញ្ជាក់​ថា ដី​នេះ​គឺ​អ្នកស្រី ​និង​ក្រុម​គ្រួសារ​ បាន​ប្រកបរបរ​កសិក​ម្ម​ជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ពុំ​ដែល​មាន​បញ្ហា​អ្វី​នោះ​ឡើយ ទើបតែ​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ ប្រហែល​ម៉ោង​១០​ព្រឹក ខណៈ​​អ្នកស្រី​ចុះទៅ​ធ្វើការ​ឈូស​ឆាយដី​ក្នុង​ចម្ការ ​ដើម្បី​ដាំ​ដំណាំ ស្រាប់តែ​ប្រទះឃើញ​មាន​គ្រាប់​ជាច្រើន​ប្រភេទ​ បាន​ផុស​អណ្ដែត​ឡើង​មក​លើ​ដី ទើប​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​តែម្តង ដោយ​អ្នកស្រី​បាន​រាយការណ៍​ទៅ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ នៅក្នុង​មូលដ្ឋាន​ឲ្យ​មក​ពិ​និត្យ​ទៅតាម​ជំនាញ​របស់​គេ។​

​បន្ទាប់ពី​កម្លាំង​បាន​ទៅដល់​គឺ​សង្កេត​ឃើញថា គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គឺ​សរុប​មាន​ចំនួន​២៣​គ្រាប់ ដែល​ក្នុង​នោះ​មាន​គ្រាប់មីន​៦៩​ចំនួន​១១​គ្រាប់ គ្រាប់​បេ​៤០ ចំនួន​៦​គ្រាប់ គ្រាប់​ប្លោង​ទំហំ​៦០​មីលី​ម៉ែត្រ ចំនួន​៣​គ្រាប់ និង​គ្រាប់ប្លោង​ទំហំ​១០០ មីលីម៉ែត្រ​ចំនួន​៣​គ្រាប់ គឺ​នៅ​ពេល​នោះ​កម្លាំង​បាន​រាយការណ៍ ព្រមទាំង​បាន​ប្រគល់​គ្រាប់​ទាំង​អស់​នេះ​ទៅ​ឲ្យ​ក្រុម​ស៊ីម៉ាក់ ដើម្បី​យក​ទៅ​ធ្វើការ​ក​ម្ទេច​ចោល​ ទៅតាម​ជំនាញ​របស់​គេ ព្រមទាំង​បាន​អះ​អាង​ថា គ្រាប់​ទាំងនេះ​គឺ​អាច​នៅ​សេសសល់​
​តាំងពី​សម័យ​សង្គ្រាម​មក​ម្ល៉េះ ដោយសារតែ​តំបន់​នេះ​គឺជា​សមរភូមិ​ដ៏​ក្តៅ​គគុក​រវាង​កងទ័ព​ព្រៃ ជាមួ​យ​នឹង​កង​ទ័ព​របស់​រដ្ឋាភិបាល ហើយក៏​នៅ​មាន​អនុភាព​អាច​សម្លាប់​មនុស្ស​ ឬ​សត្វ​បាន​ដែរ៕

ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន ពេល​ឈូស​ឆាយដី​ធ្វើ​ចម្ការ​