ក្រសួង​ធនធានទឹក ​បង្ហាញ​ពី​សកម្មភាព ជួសជុល ស្តា​ប្រឡាយ និង​សាងសង់​សំណង​ធារាសាស្ត្រ នៅ​តាម​បណ្ដា​ខេត្ត​

ក្រសួង​ធនធានទឹក ​បង្ហាញ​ពី​សកម្មភាព ជួសជុល ស្តា​ប្រឡាយ និង​សាងសង់​សំណង​ធារាសាស្ត្រ នៅ​តាម​បណ្ដា​ខេត្ត​

ភ្នំពេញ ​៖ មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម នៅ​តាម​បណ្ដា​ខេត្ត​នានា​បាន​និង​​កំពុង​ធ្វើ​សកម្មភាព​ជួស​ជុល ស្តា​ប្រឡាយ និង​សាងសង់​សំណង​ធារាសាស្ត្រ ​និង​សង់​សំណង់​សិល្បការ​ជាច្រើន​កន្លែង​ទៀត​ដើម្បី​ត្រៀម​បង្ហូរ ​និង​រក្សា​ទឹក​ទុក​ឲ្យ​ធ្វើ​កសិកម្ម​បង្កបង្កើនផល ​ខណៈ​រដូវវស្សា​ចូល​មក​ដល់​។​

យោង​តាម​គេហទំព័រ ក្រសួង​បាន​បង្ហាញ​ថា បន្ទាប់ពី​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ ២​០​១៦ មកដល់ពេលនេះ ដំណើរការ​ស្ដារ​ឡើង​វិញ ប្រឡាយ​មេ​តា​មះ ជំហាន​ទី​២ ស្ថិត​ក្នុង​ឃុំ​ក្របៅ និង​ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង សម្រេច​លទ្ធផល​បាន​ប្រមាណ ៦៥ ភាគរយ​ហើយ។​
​ការ​ដ្ឋាន​ស្ដារ​ឡើង​វិញ ប្រឡាយ​មេ​តា​មះ ជំហាន​ទី​២ ប្រវែង ៦.១០០ ម៉ែត្រ រួម​ជាមួយនឹង​ការ​សាង​សង់​សំណង់​សិល្បការ​ជាច្រើន​កន្លែង​ទៀត គឺ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៦ ខាងមុខ ។​

នៅពេល​បញ្ចប់​ការដ្ឋាន​ស្ដារ​ឡើង​វិញ​ជំហាន​ទី​២​នេះ ប្រឡាយ​មេ​តា​មះ នឹង​មាន​លទ្ធភាព​ស្រោច​ស្រ​ព​លើ​ផ្ទៃដី​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​របស់​បងប្អូន​ប្រជាកសិករ​ប្រមាណ ២.៣០០ ហិកតា។​ ចំណែក ដំណើរការ​ជួសជុល​ឡើងវិញ​ទំនប់​អាងទឹក​កន្ទួត ស្ថិត​ក្នុង​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មក​ដល់ពេលនេះ សម្រេច​លទ្ធផល​បាន​ប្រមាណ ៦០ ភាគរយ​ហើយ។​ ការដ្ឋាន​ជួសជុល​ឡើងវិញ​ទំនប់​អាងទឹក​កន្តួត ត្រូវ​បាន​ចាប់​ដំណើរការ​កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ដើមខែ​កញ្ញា ឆ្នាំ​២០១៦ ខាងមុខ​។​ ក្រោយពេល​ជួសជុល​រួច ទំនប់​អាងទឹក​ក​ន្តួ​ត នឹង​មាន​លទ្ធ​ភាព​ស្តុក​ទឹកបាន​ប្រមាណ ៨០០.០០០ ម៉ែត្រគូប សម្រាប់​បម្រើ​ឲ្យ​ការប្រើប្រាស់ និង​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​របស់​បងប្អូន​គ្រួសារ​ទ័ព និង​ប្រជាពលរដ្ឋ ប្រមាណ ១៨០ គ្រួសារ។​

ដោយឡែក គិត​ត្រឹម​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ នេះ ដំណើរការ​ស្ដារ​ឡើង​វិញ ព្រែក​តា​អ៊ុក ស្ថិត​ក្នុង​ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល សម្រេច​លទ្ធផល​បាន​ប្រមាណ ៦៥ ភាគរយ​ហើយ បន្ទា​ប់ពី​បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ។​ ការដ្ឋាន​ស្ដារ​ឡើង​វិញ ព្រែក​តា​អ៊ុក ប្រវែង ២.៧០០ ម៉ែត្រ រួម​ជាមួយនឹង​ការសាងសង់​ផ្លូវ​អម​សងខាង​ព្រែក សរុប​ប្រវែង ២.៦០០ ម៉ែត្រ និង​សំណង់​សិល្បការ​មួយ​ចំនួន​ទៀត គឺ​គ្រោង​នឹង​បញ្ចប់​នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០១៦ ខាងមុខ ។​ ក្រោយពេល​ស្ដារ​រួច ក្រៅពី​ការ​នាំ​ទឹក​ពី​ទន្លេបាសាក់ ទៅ​ស្រោចស្រព​លើ​ផ្ទៃដី​ដំណាំ​ស្រូវ​របស់​បង​ប្អូន​ប្រជាកសិករ ជាង ២០០ ហិកតា ព្រែក​តា​អ៊ុក ក៏​នឹង​ដើរ​តួនាទី​នាំ​ដី​ល្បប់ ទៅ​កែប្រែ​គុណភាព​ដី​នៅ​តំបន់​នោះ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ៕