ស៊ីម៉ាក់​គ្រោង​បង្កើត​ U-19 ​ក្រោយ​ចប់​លីគ​រដូវ​កាល​នេះ

​ក្លឹប​បាល់ទាត់​កម្ចាត់​មីន​កម្ពុជា ( ស៊ីម៉ាក់ ) នឹង​បង្កើត​​ថ្នាល​យុវជន​ក្រោម​អាយុ​ ១៩​ឆ្នាំ​ ( U-19 ) ​របស់​​ខ្លួន​ ក្រោយ​កម្មវិធី​ប្រកួត​បាល់ទាត់​ក្របខ័ណ្ឌ​លីគ​កំពូល​កម្ពុជា​ចប់​រដូវ​កាល២០១៦។

 

ស៊ីម៉ាក់​គ្រោង​បង្កើត​ U-19 ​ក្រោយ​ចប់​លីគ​រដូវ​កាល​នេះ​លោក កែវ សារិន

 

​លោក កែវ សារិន គ្រូ​ជំនួយ​ក្លឹប​បាល់ទាត់​ស៊ីម៉ាក់​​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ចប់​​រដូវ​កាល​​​លីគ​ឆ្នាំ​២០១៦ ​ក្លឹប​របស់​លោក​ នឹង​​ធ្វើតេស្ត​រើស​យក​យុវជន​ក្រោម​អាយុ ១៩​ឆ្នាំ​ចំនួន ២១​នាក់​បន្ថែម​​​ ​លើ​កីឡាករ ៤​នាក់​ដែល​មាន​ស្រាប់។ ​ការ​ធ្វើតេស្ត​​ នឹង​ធ្វើ​ឡើង​នៅ​ភ្នំពេញ​មុន​គេ ប៉ុន្តែ​ប្រសិន​បើ​មិន​អាច​រើស​កីឡាករ​តាម​លក្ខខ័ណ្ឌ​គ្រប់​ចំនួន​ខាង​លើ​​ ក្លឹប​របស់​លោកនឹង​បន្ត​ទៅ​​​​​តាម​បណ្ដា​ខេត្ត​បន្ថែម​ទៀត។

 

​​គ្រូ​ជំនួយ​រូប​នេះ​បន្ត​ថា ​ការ​បង្កើត​ក្រុម​ថ្នាល​យុវជន​​នេះ​អាច​ចំណេញ​ដល់​​ក្រុម​ឈុត​ធំ​របស់​ស៊ីម៉ាក់ ​ក្នុង​ការ​ជ្រើសរើស​កីឡាករ​មក​លេង​នៅ​លីគ​កំពូល​​​រដូវ​កាល​ក្រោយ​ៗ​ទៀត ដែល​មិន​ពិ​បាក​​​​ស្វែង​រក​កីឡាករ​កម្ពុជា។ ​​ការ​បង្កើត​ថ្នាល​យុវជន​នេះ​ជា​បញ្ហា​ចាំ​បាច់​គួរតែ​ធ្វើ​ ពី​ព្រោះ​​​​​វា​​​​អាច​ឲ្យ​កម្ពុជា​មាន​​ការ​រីក​ចំរើន​វិស័យ​បាល់ទាត់។

 

​ក្លឹប​បាល់ទាត់​ស៊ីម៉ាក់​មាន​គម្រោង​មួយ​ទៀត​​គឺ ​ចង់​បង្កើត​ទីលាន​បាល់ទាត់​ផ្ទាល់​ខ្លួន​នៅ​ខេត្ត​កំពង់​ឆ្នាំង ប៉ុន្តែ​គម្រោង​​មួយ​នេះ​ត្រូវ​បាន​ផ្អាក​សិន​ បន្ទាប់​ពី​​​​ម្ចាស់​ជំនួយ​​​ក្រុម​ហ៊ុន​របស់​ជប៉ុន​​មិន​ទាន់​ផ្ដល់​​​​ប្រាក់​ក្នុង​ការ​សាង​សង់៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា