អាចារ្យ​អេ ចូលរួម​ជាមួយ​លោក សោម ឆាយា ជា​អ្នក​អត្ថាធិប្បាយ​ក្នុង​កម្មវិធី មតិ​ផ្ទុយ​

អ្នក​ធ្វើ​អត្ថាធិប្បាយ​ប៉ុស្តិ៍​វិទ្យុ អេប៊ីស៊ី ដ៏​ល្បីល្បាញ​ អាចារ្យ​អេ នឹង​ចូលរួម​ជាមួយ​ លោក សោម ឆាយា នៅ​ក្នុង​កម្មវិធី មតិ​ផ្ទុយ ដែល​នឹង​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន នៅ​សប្តាហ៍​ក្រោយ​នេះ។

 

កម្មវិធី មតិ​ផ្ទុយ នឹង​ចាប់​ផ្ដើម​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ខែ​ឧសភា ដែល​នេះ​គឺ​ជា​លើក​ដំបូង​របស់ អ្នក​ធ្វើ​អត្ថាធិប្បាយ​ប៉ុស្តិ៍​វិទ្យុ លោក​ អាចារ្យ​អេ នឹង​មាន​វត្តមាន​នៅ​កញ្ចក់​ទូរទស្សន៍។ កម្មវិធី​នេះ​ក៏​នឹង​ផ្សាយ​ផ្ទាល់​ក្នុង​ពេល​តែ​មួយ​ទៅ​កាន់​ប៉ុស្តិ៍​វិទ្យុ អេប៊ីស៊ី ផង​ដែរ គឺ​ចាប់​ពី​ថ្ងៃ​ចន្ទ ដល់​សុក្រ វេលា​ម៉ោង ៧:00 ព្រឹក ដល់​ម៉ោង ៩:០០ ព្រឹក។

 

អាចារ្យ​អេ ចូលរួម​ជាមួយ​លោក សោម ឆាយា ជា​អ្នក​អត្ថាធិប្បាយ​ក្នុង​កម្មវិធី មតិ​ផ្ទុយ​

 

អាចារ្យអេ ត្រូវ​គេ​ស្គាល់​ថា​មាន​ប្រជា​ប្រិយភាព​ខ្លាំង និង​មាន​អ្នក​ចូល​ចិត្ត​ស្ដាប់​ជា​ច្រើន​នៅ​លើ​ប៉ុស្តិ៍​វិទ្យុ​ អេប៊ីស៊ី កម្ពុជា (Radio ABC Cambodia) ដែល ភីអិនអិន ​រំពឹង​ថា ប្រិយមិត្ត​ដែល​ចូលចិត្ត​ស្តាប់​វិទ្យុ អេប៊ីស៊ី នឹង​តាម​ដាន​ទស្សនា​កម្មវិធី មតិ​ផ្ទុយ នៅ​លើ​កញ្ចក់​ទូរទស្សន៍ ភីអិនអិន ផង​ដែរ​។

 

លោក សោម ឆាយា អគ្គនាយក​រង​ទូរទស្សន៍ ភីអិនអិន បាន​ថ្លែង​ថា “​យើង​មាន​សេចក្ដី​សោមនស្ស​រីក​រាយ​ជា​ខ្លាំង​ដែល​ អាចារ្យ​អេ នឹង​ចូលរួម​ជាមួយ​ពួក​យើង។ យើង​នឹង​ផ្សាយ​ផ្ទាល់​អំពី​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ប្រចាំថ្ងៃ​”។

 

កម្មវិធី​នេះ នឹង​ផ្តល់​ឱកាស​ដល់​សាធារណជន​ទូរសព្ទ​ចូល ដើម្បី​ចែករំលែក​អំពី​មតិយោបល់ និង សំណួរ​ផ្សេងៗ។ ទូរទស្សនិកជន និង​ប្រិយមិត្ត​ប៉ុស្តិ៍​វិទ្យុ​ទាំងអស់​ដែល​ចង់​ចូលរួម​ជាមួយ​កម្មវិធី អាច​ខល​ចូល​តាម​លេខ​ទូរសព្ទ 070 23 10 10 / 012 23 10 10 ។

 

លោក អាចារ្យអេ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មាន​សេចក្ដី​សប្បាយ​រីករាយ​ដែល​នឹង​ក្លាយ​ទៅ​ជា​ផ្នែក​មួយ​របស់​គម្រោង​កម្មវិធី​គួរ​ជា​ទី​ចាប់​អារម្មណ៍​មួយ​នេះ។ ពួក​យើង​រំពឹង​ថា ពួក​យើង​នឹង​ធ្វើ​ជា​ប្រយោជន៍​សំខាន់​មួយ​ជូន​ដល់​សង្គម​តាម​រយៈ​កម្មវិធី​មួយ​នេះ”។

 

លោក អាចារ្យ​អេ និង​លោក សោម ឆាយា កន្លង​មក​ជា​បុគ្គល​ដែល​មាន​ការ​មើល​ឃើញ​បញ្ហា​នៃ​រឿង​ខុសៗ​គ្នា ហើយ​កត្តា​នេះ​អាច​នឹង​បង្ក​បរិយាកាស​កម្មវិធី​ប្រកប​ទៅ​ដោយ​ការ​ជជែក​ដេញដោល​គ្នា គួរ​ជា​ទី​ចាប់​អារម្មណ៍។

 

ភីអិនអិន បាន​ចាប់​ផ្តើម​ចាក់​ផ្សាយ​ជា​ផ្លូវការ​ពី​ខែ​កក្កដា-២០១៥ ដែល​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​ពី​ប្រភព​ផ្សេងៗ​ជាច្រើន​។ ឯ​ប៉ុស្តិ៍​វិទ្យុ អេប៊ីស៊ី ផ្សាយ​តាម​រយៈ​រលក​ធាតុ​អាកាស (ហ្វ្រេកង់) 107.5 MHz ចាប់​តាំង​ពី​ឆ្នាំ២០០៧ មក ដែល​មាន​ប្រិយមិត្ត​គាំទ្រ​ជា​ច្រើន​លាន​នាក់៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​