3​នាក់​ជិះ​ម៉ូតូ​បុក​រថភ្លើង ស្លាប់​2​នាក់​និង​របួសធ្ងន់​ម្នាក់ ពេល​ព្យាយាម​ឆ្លងកាត់​ផ្លូវដែក

3​នាក់​ជិះ​ម៉ូតូ​បុក​រថភ្លើង ស្លាប់​2​នាក់​និង​របួសធ្ងន់​ម្នាក់ ពេល​ព្យាយាម​ឆ្លងកាត់​ផ្លូវដែក



ខេត្តកំពត ៖ ចាត់​ទុក​ថា ជា​ករណី​ទី​១​ហើយ​នៅ​កម្ពុជា​ដែល​មាន​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​បុក​នឹង​រថភ្លើង​កំពុង​បើកបរ​ឆ្លងកាត់​បណ្តាល​ឱ្យ​មនុស្ស​២​នាក់​ស្លាប់​ភ្លាម និង​ម្នាក់​ទៀត​រង​របួសធ្ងន់​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ឧសភា ត្រង់​ផ្លូវលំ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ស្ថិត​ក្នុងភូមិ​គាថា​វង្ស​ក្រោម ឃុំ​ត្រពាំង​សាលា ខាងលិច​ស្រុក​បន្ទាយមាស ។

តាម​សម្តី​មន្ត្រី​នគរបាល​ស្រុក​បន្ទាយមាស បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ទៅ​បុក​នឹង​រថភ្លើង​នោះ​គឺ​ជិះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​រថភ្លើង​កំពុង​បើកបរ​ខ្វែង​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​ឆ្ពោះទៅ​ខេត្ត​ព្រះ​សីហ​នុ ។ អ្នក​ស្លាប់​ម្នាក់​ឈ្មោះ ថាប់ សា​វិ​ន ហៅ​ក្រឹម អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ក្តុល ឃុំ​ត្រពាំង​សាលា​ខាងលិច និង​ម្នាក់​ទៀត​ឈ្មោះ សយ ចាន់​ដា​រ៉ា ហៅ​ចេក អាយុ​៣៥​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​គាថា​វង្ស ស្ថិត​នៅ​ក្នុងស្រុក​បន្ទាយមាស ចំណែក​អ្នក​រង​របួស​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ។

មន្ត្រី​ដដែល​បាន​និយាយ​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ទំនងជា​ស្រវឹងស្រា ព្រោះ​នៅ​កន្លែង​កើតហេតុ​គេ​ប្រទះ​ឃើញ​ស្រា​បៀ​២​កំប៉ុង​ផង​ដែរ​នៅ​ក្បែរ​សព ។

លោក ប៉ោ វី អភិបាលរង​ស្រុក​បន្ទាយមាស បាន​បញ្ជាក់​ថា អ្នក​ទាំង​៣​បាន​ជិះ​ម៉ូតូឌុប​គ្នា​ពេល​មក​ដល់​ចំណុច​ផ្លូវ​ដែល​រថភ្លើង​ឆ្លងកាត់ អ្នក​បើក​ម៉ូតូ​មិន​បាន​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថភ្លើង​ដែល​កំពុង​មាន​ល្បឿន​បណ្តាល​ឱ្យ​ស្លាប់​២​នាក់​និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ សង្គ្រោះ​ភ្លាម​ៗ​ដែរ ៕