លោកអូបាម៉ា​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា

មន្រ្តីអ្នកនាំពាក្យសេតវិមានបានប្រកាសឲ្យដឹង នៅថ្ងៃអង្គារថា លោកអូបាម៉ា នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចជាប្រវត្តិសាស្រ្តមួយ ទៅកាន់ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា ប្រទេសជប៉ុន នៅចុងខែឧសភាខាងមុខនេះ។ លោកអូបាម៉ានឹងក្លាយទៅជាប្រធានាធិបតីអាមេរិកលើកដំបូងបង្អស់ ដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងដែលអាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ កាលពីចុងសង្រ្គាមលោកលើកទី២។

ដំណើរទស្សនកិច្ចរបស់លោកអូបាម៉ាទៅកាន់ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងតំបន់អាស៊ី ក្នុងចន្លោះ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ខែឧសភា ដោយលោកនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងទៅចូលរួមក្នុងជំនួបកំពូលក្រុមប្រទេស G7 នៅក្នុងប្រទេសជប៉ុន។

យោងតាមមន្រ្តីអ្នកនាំពាក្យសេតវិមាន លោកអូបាម៉ា អមដំណើរដោយលោកនាយករដ្ឋមន្រ្តីជប៉ុន ស្ហ៊ីនហ្សូ អាបេ នឹងធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា នៅថ្ងៃទី២៧ឧសភា “ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តនូវចក្ខុវិស័យ ដែលចង់ឃើញពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ”។ ចក្ខុវិស័យដែលលោកបានបង្ហាញឲ្យឃើញ នៅក្នុងសុន្ទរកថា នៅទីក្រុងប្រាក សាធារណរដ្ឋឆែក កាលពីឆ្នាំ២០០៩ ហើយដែលនាំឲ្យលោកបានទទួលរង្វាន់ណូបែលសន្តិភាព។

លោកអូបាម៉ា​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្រ្ត​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា

ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា ដែលរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែររបស់អាមេរិក កាលពីចុងសង្រ្គាមលោកលើកទី២

ទោះជាយ៉ាងណា លោកអូបាម៉ានឹងមិនធ្វើការសុំទោស ឬក៏បង្ហាញនូវការសោកស្តាយណាមួយ ចំពោះការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ានេះទេ។ នេះបើយោងតាមការឲ្យដឹងរបស់ទីប្រឹក្សារងខាងផ្នែកសន្តិសុខជាតិនៃសេតវិមាន។

គួរបញ្ជាក់ថា តាំងពីដើមរៀងមក សហរដ្ឋអាមេរិកតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវជំហរមួយថា ការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា និងណាហ្កាសាគី គឺជារឿងចាំបាច់ ដើម្បីបញ្ចប់សង្រ្គាមលោកលើកទី២។ ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២មក គេក៏មិនដែលឃើញមានប្រធានាធិបតីអាមេរិកណាមួយ ធ្វើដំណើរទៅកាន់ទីក្រុងដែលរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនេះដែរ។

គេនៅចាំបានថា លោកជីមី ការទ័រ ធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ានេះម្តង កាលពីឆ្នាំ១៩៨៤ ក៏ប៉ុន្តែ នៅពេលនោះ លោកបានចាកចេញពីតំណែងប្រធានាធិបតីអាមេរិករួចទៅហើយ។ ដូច្នេះ លោកអូបាម៉ានឹងក្លាយជាប្រធានាធិបតីអាមេរិកលើកដំបូងបង្អស់ ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២ ដែលធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ា នៅក្នុងពេលកំពុងកាន់តំណែង។

ពីទីក្រុងតូក្យូ លោកស្ហ៊ីនហ្សូ អាបេ បានប្រកាសស្វាគមន៍ សេចក្តីសម្រេចរបស់លោកអូបាម៉ា ដោយបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់ទីក្រុងហ៊ីរ៉ូស្ហ៊ីម៉ានេះមានអត្ថន័យសំខាន់ខ្លាំងណាស់ ហើយវាគឺជាឱកាសមួយ សម្រាប់ជប៉ុន ក៏ដូចជាសម្រាប់អាមេរិក ក្នុងការរំឭកវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទាំងអស់ ដែលបាត់បង់ជីវិតនៅក្នុងសង្រ្គាម៕

ប្រភពៈ RFI