បុរស​ម្នាក់​អារក​សម្លាប់​មន្ត្រី​ឥណទាន​​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ម្នាក់​​នៅ​ក្នុ​ង​ស្រុក​ឈូក ខេត្ត​កំពត​

បុរស​ម្នាក់​​ដែល​បាន​អារក​​សម្លាប់​មន្ត្រី​ឥណទាន​មីក្រូហិរញ្ញវត្ថុ​ម្នាក់​ ដែលបាន​​ទៅ​ផ្ទះ​របស់​គាត់​ក្នុង​​​ខេត្ត​កំពតនោះ​ ត្រូវ​បាន​ចាប់​​ខ្លួន​កាលពី​ម្សិលមិញ ក្នុង​អ្វី​ដែល​នគរ​បាល​ជឿ​​​ថា ទំនង​ជា​​អំពើ​មនុស្ស​ឃាត​​បង្ក​ឡើង​ដោយ​ជម្លោះ​ជុំវិញ​​​​​គណនី​ដែល​កូន​របស់ជន​សង្ស័យ​​បាន​បើក​​ជាមួយ​​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​របស​​់​ជន​រងគ្រោះ។

​លោក សំរិទ្ធ សិលាវិបុល អធិការ​នគរ​បាល​​​​ស្រុក​ឈូក​​បាន​មាន​ប្រសាសន៍​ថា នគរ​បាល​ប្រហែល​​៣០​នាក់​បាន​ឡោម​ព័ទ្ធ​​ផ្ទះ​របស់​បុរស​ឈ្មោះ​ ប្រុស វិត អាយុ​៤៨​ឆ្នាំ នៅក្នុង​ឃុំ​ត្រមែង ស្រុក​ឈូក នៅ​ម៉ោង​ប្រហែល​១១​ថ្ងៃ​ត្រង់ បន្ទាប់ពី​អ្នក​ជិត​ខាង​រាយការណ៍​ថា បុរស​រូប​នេះ​​ទើប​​តែ​​បាន​សម្លាប់​មនុស្ស​។

ជន​សង្ស័យរូប​នេះ​បាន​​ឡើង​លើ​ដំបូល​ផ្ទះ​​ដោយ​​ទុក​ចោល​សាកសព​ ជឹម បូរិន អាយុ​២៤​ឆ្នាំប្រឡាក់​សុទ្ធតែ​ឈាម​ ជា​មន្ត្រី​ឥណទាន​​​​មីក្រូហិរញ្ញវត្ថុ​​​អម្រឹតក្នុង​មូល​ដ្ឋាន​​នៅ​​ជាប់​​ជើង​​ជណ្ដើរ។

លោក សិលា​វិបុល ​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​នគរ​បាល​​របស់​យើង​មក​ដល់​ផ្ទះ​នោះ ជន​ដៃដល់​បាន​ឡើង​លើ​ដំបូល​ផ្ទះ​ដោយ​​​មាន​​កាន់​​ដាវ​​មួយ​ផង​”។

លោក​បាន​និយាយ​ថា “​យើង​បាន​​និយាយ​បញ្ចុះបញ្ចូល​​បុរស​រូប​នេះ​ដោយ​ការ​និយាយ​​ថា ‘សូម​ចុះ​មក យើង​មិន​ធ្វើ​អី​អ្នក​ទេ​’”។

លោកបាន​ថ្លែង​ថា បន្ទាប់​ពី​ប្រើ​ពេល​​អស់​​​​៤ម៉ោង បុរស​ឈ្មោះ វិត​ បាន​យល់ព្រម​ ដោយ​​​​ទម្លាក់​ដាវ​របស់​ខ្លួន​ចោល​មុន​ពេល​នគរ​បាល​​សម្រុក​ឡើង​លើ​ដំបូល​ ហើយ​បាន​ចាប់​ខ្លួនជននេះ​​តែ​ម្ដង​។

លោក សំ សំអឿន នាយរងការិយា​ល័យ​​ព្រហ្មទណ្ឌ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ចាប់​ខ្លួន​ ជន​សង្ស័យ​រូប​នេះ​ត្រូវ​បាន​នាំ​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​។ លោក​បាន​បន្ថែម​ថា អាជ្ញាធរ​​សន្និដ្ឋាន​ថា ករណី​​នេះ​​ជា​អំពើ​មនុស្សឃាត​។

លោក​ សំអឿន ​​មាន​ប្រសាសន៍​ថា “​យើង​​​​បាន​រក​ឃើញ​​កូន​កាំបិត​មួយ​ និង​ដាវ​មួយនៅ​កន្លែង​​​​កើត​ហេតុ​។ ជន​រងគ្រោះ​ត្រូវ​បាន​​​អារក​​​​បួន​កាំបិត​​ ហើយ​​បាន​ស្លាប់​ភ្លាមៗ​។ ជា​រួម​ នគរ​បាល​​បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា វា​ជាករណី​មនុស្ស​​​​ឃាត”។

លោក ណុប សារ៉េន នាយ​ប៉ុស្តិ៍​ឃុំ​បាន​មាន​​​ប្រសាសន៍​ថា ​មូល​ហេតុ​ចំពោះ​ការ​​សម្លាប់​នេះ​​​​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ តែ​​លោក​សង្ស័យ​​​ថា​​វា​ពាក់ព័ន្ធ​អង្គហេតុ​ថា ​កូន​​របស់​​លោក ប្រុស ​​វិត ដែល​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​មាន​​​គណនី​ជាមួយ​មីក្រូហិរញ្ញវត្ថុ​អម្រឹត​។

លោក សារ៉េន ​មាន​ប្រសាសន៍​ថា “​យើង​មិន​ដឹង​ច្បាស់​លាស់​​ថា​តើ​ជន​រងគ្រោះ​មក​​ទារ​​​​​​លុយ ឬ​​មក​យក​លុយ​​ដាក់​សន្សំ​ពី​ជន​ដៃ​ដល់​ឡើយ​”។

លោក​បាន​បន្ថែម​ថា “យើង​គ្រាន់​តែ​ដឹង​ថា ​ម្ចាស់​ផ្ទះ​មាន​កូនដែលកំពុង​ធ្វើការ​​​នៅ​ប្រទេស​កូរ៉េ​ ហើយ​ពួកគាត់​​បាន​បើក​​​គណនី​ជាមួយ​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត”។

លោក ម៉ក់ វិចិត្រ ប្រធាន​សាខា​មីក្រូហិរញ្ញ​វត្ថុ​អម្រឹត​​ប្រចាំ​ខេត្ត​នេះ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​៕ សារុន​

The post បុរស​ម្នាក់​អារក​សម្លាប់​មន្ត្រី​ឥណទាន​​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ម្នាក់​​នៅ​ក្នុ​ង​ស្រុក​ឈូក ខេត្ត​កំពត​ appeared first on ខេមបូឌា ដេលី.