កញ្ញា​តូ​តា ត្រូវ​នាយ​ខ្វាក់​ស្ទាបអង្អែល​សុដន់

រាជធានី​ភ្នំពេញ ៖ កញ្ញា​ម៉ាក សែន​សូ​នី​តា ហៅ​តូ​តា​បាន​លះបង់​ខ្ពស់​ក្នុង​ការ​សម្តែង​ដោយ​នាង​ឱ្យ​តួឯក​នាយ​ខ្វាក់​ចាប់​អង្អែល​សុដន់ ក្នុង​រឿង​«​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព​» របស់​ផលិតកម្ម​អិ​ល​ឌី​។ កញ្ញា​តូ​តា​ភ័យ​បុក​ពោះ​ផង និង​ខ្លាច​គេ​រិះគន់​ផង ចំពោះ​ការ​សម្តែង​ឈុត​នោះ ។

ខ្សែភាពយន្ត​ថ្មី​របស់​ផលិតកម្ម​អិ​ល​ឌី​រឿង «​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព​» ដាក់​សម្ពោធ កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ឧសភា ឆ្នាំ​២០១៦​នៅ​រោង​ភាពយន្ត​ធី​ខេ ទួល​គោក រាជធានី​ភ្នំពេញ​ដោយ​មាន​តារា​សម្តែង ផលិតករ ព្រមទាំង​ទស្សនិកជន​ច្រើន​កុះករ​ចូលរួម ។

រឿង​«​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព​» ចាងហ្វាង​ផលិតកម្ម​លោក​លៀក លី​ដា  និ​ព​ន្ឋ​ដោយ​លោក​ឌៀប សុ​វ​ណ្ណា​រ៉ា អ្នកចាត់ការ​ទូទៅ​លោក​លៀក លី​ណា និង​អ្នកគ្រប់គ្រង​ការ​ផលិត​លោក​អឿ  ស៊ី​ណា​ន ។

តារា​សម្តែង​មាន​លោក​ជា សុវណ្ណ​ន​រាស៍​, នាយ​គ្រឿន​, កញ្ញា​តូ​តា​, កញ្ញា​សាឡា​ត់ ស្រី​ឡា​ង​, លោក​ងួ​ន សុ​បិ​ន្ត​, អ្នក​នាង​ប៉េងប៉ោង​,  នាយ​ក្រាន់​, នាយ​ជេន​, នាយ​សាន​ម៉ៅ​, លោក​ស៊ឹ​ម សោភ័ណ និង​លោក​វណ្ណ មក​រាជា​ដើម ។

នៅ​ពេល​ចេញ​ផ្សព្វផ្សាយ​ឈុត​ខ្លះ​នៃ​រឿង មាន​ឈុត​មួយ​កញ្ញា​តូ​តា ត្រូវ​តួឯក​នាយ​ខ្វាក់​ចាប់​ស្ទាបអង្អែល​ដើមទ្រូង ធ្វើ​ឱ្យ​ការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន ។

កញ្ញា​តូ​តា ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ត្រូវ​គេ​សួរនាំ​ច្រើន​ថា ឈុត​អង្អែល​សុដន់​នោះ​ពិត ឬ​យ៉ាងណា ? កញ្ញា​តូ​តា​ឆ្លើយ​ថា «​ការ​សម្តែង​យើង​ជា​អ្នកសិល្បៈ​គឺ​គេ​ចេះ​លួច​ប្លង់ ជួនកាល​នៅ​ពេល​ដែល​យើង​មើល​ចំ​ទៅ​ហាក់បីដូចជា​នៅ​ជិត​ដើមទ្រូង​នាង​ខ្ញុំ​ណាស់ តែ​ការណ៍​ពិត​មាន​ផ្នែក​កាមេរ៉ា​នៅ​ពីលើ ហើយ​ដៃ​តួ​ប្រុស​ក៏​មិន​ចំ​ទ្រូង​ខ្ញុំ​ពេក​ដែរ ។  សិល្បៈ​នៃ​ការ​សម្តែង​នោះ​គ្រាន់តែ​ជា​រឿង​សិល្បៈ​ប៉ុណ្ណោះ បើជា​រឿង​ពិត​ជាក់ស្តែង​មែន​ក៏​មិន​អាច​ប៉ះពាល់​អី​ដូច​ក្នុង​ឈុត​រឿង​នោះ​ដែរ ទើប​នាង​ខ្ញុំ​ហ៊ាន​សម្តែង ។ អរគុណ​អ្នក​រិះគន់ នាង​ខ្ញុំ​ដែល​យល់​ថា​យើង​ជានា​រី​ខ្មែរ ប៉ុន្តែ​នាង​ខ្ញុំ​ក៏​បុក​ពោះ ហើយ​ពិតជា​ដឹង​ថា ពិតជា​មានការ​លើក​ឡើង​បែប​នេះ​មែន ។ យ៉ាងណា​ក្តី នោះ​ជា​សិល្បៈ​ទើប​មិន​ខ្លាច ខ្លាច​លុះត្រា​ជា​រឿង​អ្វីមួយ​ដែល​នាង​ខ្ញុំ​មិន​អាច​ទទួលយក​បាន​» ។

សម្រាប់​ផលិតកម្ម​អិ​ល​ឌី​ភី​ក​ឆើ កញ្ញា​តូ​តា​កំពុង​ថត​ខ្សែ​រឿង​មួយទៀត គឺ​រឿង​«​ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ​» ជា​ប្រភេទ​រឿង​ភាគ ។ កញ្ញា​តូ​តា​សំណូមពរ​ទស្សនិកជន​ឱ្យ​ជួយ​គាំទ្រ​រឿង «​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព​» ព្រោះ​សាច់​រឿង​ល្អ មាន​ឈុត​កំប្លែង​សើច​សប្បាយ​ជា​ច្រើន​ឈុត ព្រមទាំង​ឈុត​កម្សត់ ស្រក់​ទឹកភ្នែក ។ «​នាង​ខ្ញុំ​ធានា​ថា​ទាំង​សើច​ទាំង​កម្សត់​អាច​ដល់​ថ្នាក់​យំ​មិនដឹង​ខ្លួន​ទៀត​ផង​» ។

ក្នុង​សាច់​រឿង​កញ្ញា​តូ​តា​បាន​ផ្សង​សុំ​ជួប​អ្នក​ដែល​នាង​ស្រឡាញ់​ទោះជា​ជន​ពិការ​ក៏​ដោយ​ព្រោះ​ម្តាយ​នាង​បង្ខំ​ឲ្យ​រៀប​ការ​ជាមួយ​កូន​អ្នកមាន​ដែល​នាង​មិន​ពេញចិត្ត ។ ក្រោយមក​តូ​តា​មានចិត្ត មាន​និស្ស័យ​លើ​នាយ​ខ្វាក់ ហើយ​ត្រូវ​ម្តាយ និង​គូ​ដណ្តឹង​តាម​បំបែក ។

ដោយ​ចង់​ឲ្យ​នាយ​ខ្វាក់មាន​ភ្នែក​ភ្លឺ ទោះ​មាន​សង្ឃឹម​១% ក្តី តូ​តា​ព្យាយាម​សុំ​ប្រាក់​ពី​ម្តាយ​ជួយ​ឲ្យ​នាយ​ខ្វាក់​វះកាត់់ ហើយ​ក៏​បាន​ភ្លឺ​មើលឃើញ ។ ទីបំផុត​អ្នក​ទាំង​ពីរ​បាន​រៀប​ការ​នឹង​គ្នា ។

លោក​លៀក លី​ដា ម្ចាស់​ផលិតកម្ម​អិ​ល​ឌី​ថ្លែង​ថា រឿង​នេះ​កម្សត់​យំ ព្រមទាំង​មាន​ឈុត​កំប្លែង​ច្រើន ។ សាច់​រឿង​អប់រំ​មហាជន​កុំឱ្យ​រើសអើង​ជន​ពិការ​ព្រោះ​គេ​មាន​សិទ្ធិ​ដូច​មនុស្ស​ទូទៅ​ដែរ ។ លោក​លៀក លី​ដា មាន​គម្រោង​យក​រឿង​«​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព​» ចាក់​បញ្ចាំង​នៅ​តាម​អង្គការ​ជន​ពិការ​ដើម្បី​ទស្សនា​កម្សាន្ត និង​ជា​ការ​លើកទឹកចិត្ត​ផង​ដែរ ។

រឿង «​នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព​» លោក លៀក លី​ដា បញ្ជាក់​ថា មិនមែន​ជា​រឿង​ចម្លង​ពី​រឿងព្រេង​ខ្មែរ​ទេ គឺជា​សាច់​រឿង​ថ្មី​មួយ ៕