ប្រកាច់​អ្នក​ទប់​ជើង​គ្រែ

គ្រាន់តែ​រឿង​ស្នេហ៍​ក្រៅ​ខោ​របស់​មេបក្ស​មួយ​...​វា​ហាក់ដូចជា​នៅ​បន្ត​អូស​បន្លាយ​វែង​ឆ្ងាយ​ពេក​...​មិន​ទាន់​ដឹង​មាន​ប៉ុន្មាន​នាក់​ទៀត​ទេ ត្រូវ​រង​គ្រោះ ដោយ​ការ​ចាប់​...​ដោយ​ការ​រុញច្រាន​... ដោយ​ការ​តវ៉ា​...​ដោយ​ការ​ប្រើ​អំពើ​ហិង្សា​...​។​ល​។

មតិ​ជា​ច្រើន​និយាយ​ថា អី​ចាំបាច់​អូស​បន្លាយ​វែង​ឆ្ងាយ​ម្ល៉េះ ? ២​នាក់​សោះ​ស្រណុក​សុខ​ស្រួល​...​ពី​ក្នុង​ប្រទេស​ទៅ​ដល់​ក្រៅ​ស្រុក​ទៀត យូរ​ឆ្នាំ​ហើយ​...​វា​មក​ជាប់គុក ជាប់​ច្រវាក់​​អា​អ្នក​ទប់​ជើង​គ្រែ​ទៅ​វិញ​...​វា​ហាក់ដូចជា​នាំ​គ្នា​ដុត​បង្កាត់ភ្លើង ដែល​ដំបូង​មាន​តែ​ផ្សែង​...​ឱ្យ​ឆេះ​សន្ធោសន្ធៅ រាលដាល​...​ពន្លត់​មិន​ឈ្នះ​...​។

ឱ ! អ្នក​ជួយ​ទប់​ជើង​គ្រែ​អើយ​...​ទប់​មិន​ឈ្នះ បែរជា​គ្រែ​រលំ​សង្កត់​ស្ទើរ​ស្លាប់ ស្ទើរ​រស់​ទៅ​វិញ​...​គិត​ទៅ​មន្ត​ស្នេហ៍​មួយ​នេះ​មាន​បារមី​ខ្លាំងពូកែ​មែន !

តើ​នៅ​​មាន​អ្នក​ណា​ទៀត​ស្ម័គ្រ​ហក់​ចូល​ជួយ​ទប់​ជើង​គ្រែ​ទេ ?

ទំនង​ចាំ​ប្រមូល​អ្នក​ដែល​ជួយ​ទប់​ជើង​គ្រែ​ឱ្យ​អស់​សិន​...​ចាំ​លេង​ជាមួយ​តួឯក​តាម​ក្រោយ​...​លេង​មុនគេ​តួឯក​ប្រុស​សក់ល្បាយអាចម៍ខ្លា​...​។

ចំណែក​តួឯក​ស្រី​ទំនង​មិន​លេង​ទេ​...​ទុក​គ្រាន់​ទាក់​ម៉ូយ​...​ក្រែងលោ​ទាក់​បាន​តួឯក​កំពូល​ៗ​ទៀត ។

មែនទែន​ទៅ ល្បែង​មួយ​នេះ​...​វា​មិន​ទៅ​បាក់​ក​អ្នក​ដែល​ត្រឡប់ត្រឡិន​លើ​គ្រែ​ទេ​...​វា​បែរជា​មក​ប្រកាច់​អ្នក​ជួយ​ទប់​ជើង​គ្រែ​ទៅ​វិញ​...​ហេ ! ហេ !