ឃាត់ខ្លួន​មនុស្ស​៧​នាក់ ពាក់ព័ន្ធ​និង​ករណី ប្លន់​សម្លាប់​នៅ​ពោធិ៍​សែន​ជ័យ​

ភ្នំពេញ:
កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បើក​ប្រតិបត្តិការស៊ើបអង្កេត​និង​ស្រាវជ្រាវ ជាច្រើន​ម៉ោង​​រហូត​ឈានដល់​ការឃាត់ខ្លួនប្រុស​ស្រី​ចំនួន​៧​នាក់ ដែល​ពាក់ព័ន្ធ​និង សកម្មភាព វាយ​ប្លន់​សម្លាប់ក្មេងស្រី​វ័យ​១៩​ឆ្នាំ​ដែលជា​សិស្ស​​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ពងទឹក ប្លន់​យកទ្រព្យសម្បត្តិ​។​

​បើតាម​លោក យឹម សារ៉ាន់ អធិការនគរបាល​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថាជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​​យប់​ថ្ងៃទី​១០ ខែឧសភា នេះជនសង្ស័យ​ទាំងអស់​មាន​គ្នា​៧​នាក់ ក្នុងនោះ​មាន​ស្រី​២​នាក់ ដែល​បាន​រកឃើញថាជាប់​ពាក់ព័ន្ធ​​និង​ករណី​ប្លន់​វាយ​សម្លាប់​សិស្សស្រី​ថ្នាក់​ទី​១២ នៃ​សាលាវិទ្យាល័យ​ពងទឹក ប្លន់​យក​ទ្រព្យសម្បត្តិ ស្ថិតក្នុង​ដី​ឡូ​តិ៍​មួយកន្លែង​​នៅ​សំណង់បាក់បែក ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀលថ្ងៃទី​១០ ខែឧសភា​នេះ​។​

​លោក យឹម សារ៉ាន់ បាន​បន្តទៀត  ក្រោយ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចមកមុន​ដំបង​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​​ជនសង្ស័យ​ម្នាក់ នៅ​ជិត​ម្តុំ​ព្រៃ​សខណ្ឌដង្កោ ទើប​បន្ត​ចាប់បាន​ទាំង​សំបុក​នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ ក្រោយការចាប់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​របស់​នារី​រងគ្រោះ​ផងដែរ ហើយនៅពេលនេះ កំពុង​យកទៅ​សួរនាំ ថា​តើន​រណា​ជាប់​ពាក់ព័ន្ធ​ខ្លះ នៃ​អំពើឃាតកម្ម​នេះ​។​

​ក្មេងស្រី​រងគ្រោះ វីន រដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២D នៃ​វិទ្យាល័យ​ពងទឹកត្រូវបាន​គេ​ប្រទះឃើញ ដេកស្លាប់ ដោយ​ស្នាម​ឈាម​យ៉ាង​ជោគជាំ ស្ថិតនៅក្នុងដី​ឡូ​តិ៍​សំណង់​បាក់បែក​មួយកន្លែង ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា​នេះ​។​

​ចំណែក​ជនសង្ស័យ​៦​នាក់​ដែល​បាន​ឃាត់ខ្លួន​នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខនេះ ទី​១.​ឈ្មោះ សុខ សុភាព អាយុ​១៧​ឆ្នាំ​, ទី​២.​ឈ្មោះ ឡេង ដា​នី អាយុ​១៧​ឆ្នាំស្រុកកំណើត​នៅ ភូមិ​ថ្ល​ក​ដូន​ទុំ ឃុំ​បាន​កាន ស្រុក​ព្រៃ​កា​បាស ខេត្តតាកែវ​, ទី​៣.ឈ្មោះ គ្រឿ ច​ន្ធូ អាយុ​១៨​ឆ្នាំ ស្រុកកំណើត​នៅ ស្រុក​ត្រពាំង​ប្រាសាទ​, ទី​៤.​ឈ្មោះលឹម បញ្ញាវន្ត អាយុ​២០​ឆ្នាំ ស្នាក់នៅ​ក្រុង​តាខ្មៅ​, ទី​៥.​ឈ្មោះ ជុំ វិ​រៈ អាយុ​២២​ឆ្នាំស្នាក់នៅ​ភូមិ​តាបោះ សង្កាត់​ព្រៃ​ស និង​ទី​៦.​ឈ្មោះ ហុង សុ​ជោ​តា អាយុ​២១​ឆ្នាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំងអស់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច បាន​កំពុង​សាកសួរ និង​កសាងសំណុំរឿង​បញ្ជូនទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់ដើម្បី​ផ្តល់​ភាពយុត្តិធម៌ ជូន​ជនរងគ្រោះ​៕R