នាយទាហាន​ឈ្មោះ វង្ស ភី គឺជា​ឈ្មួញ​ប្រមូល​ទិញ​ឈើ​គ្រញូង​ពី​ពលរដ្ឋ​ដែល​ចូលទៅ​កាប់​លើទឹក​ដី​សៀម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ដោយសារ​តែមាន​ឈ្មួញ​ចាំ​ប្រមូល​ទិញ​ឈើ​គ្រញូង​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​លើទឹក​ដី​សៀម ទើប​នៅតែមាន​អ្នក​លួច​ឆ្លងដែន​ផ្សងគ្រោះថ្នាក់​សព្វបែបយ៉ាង​។ មានការ​បង្ហើប​ឲ្យ​ដឹងថា នាយទាហាន​ម្នាក់​ឈ្មោះ វង្ស ភី បម្រើ​ការងារ​នៅ​អង្គភាព​កងពលតូច​អន្តរាគមន៍​លេខ​៦ ហើយ​មាន​ទីលំនៅ​ក្នុងភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង គឺជា​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង​ច្រើន​ឆ្នាំ​មកហើយ​នៅតាម​តំបន់​ព្រំដែន​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​។ កន្លងមក​មិនដែល​ឃើញ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មោះ វង្ស ភី ដែលជា​នាយទាហាន​ក្នុង​កងពលតូច​អន្តរាគមន៍​លេខ​៦ គឺជា​អ្នក​បញ្ចុះបញ្ចូល​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន ក៏ដូចជា​ពលរដ្ឋ​ចំណាកស្រុក​ឲ្យ​ឆ្លងដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​។ ដូច្នេះ​មន្ត្រី​អាជ្ញាធរខេត្ត​ឧត្ដរមានជ័យ ក៏ដូចជា​ថ្នាក់ដឹកនាំ​យោធា​ក្នុង​ខេត្តឧត្ដរមានជ័យ គួរពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ឈ្មួញ​ឈ្មោះ វង្ស ភី ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ទៀត​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៦ មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ដឹងថា ឈ្មោះ វង្ស ភី និង​បក្ខពួក បាន​ប្រើប្រាស់​រថយន្ត​កាមរី​ឆ្លាម ពណ៌​ស្ករ អត់​ស្លាក​លេខ ដឹកឈើ​គ្រញូង​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ ចូលមក​ស្រុក​អន្លង់វែង ហើយ​បន្តទៅ​ខេត្ត​ត្បូងឃ្មុំ ដើម្បី​លក់​ឲ្យ​ឈ្មួញ​យួន​តាម​ព្រំដែន​។

ជុំវិញ​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​អន្លង់វែង បាន​អំពាវនាវ​ឲ្យ​លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ ក៏ដូចជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ ចាត់វិធានការ​បង្ក្រាប​នាយទាហាន​ដែលជា​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយសារ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​យកមក​លក់​ឲ្យ​ឈ្មួញ​រូបនេះ​តទៅទៀត​។ ជាពិសេស​លោក ឈុំ ខេង មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៦ ពិនិត្យមើល​សកម្មភាព​កូនចៅ​ក្រោម​ឱវាទ​របស់ខ្លួន​ឈ្មោះ វង្ស ភី ដែលជា​ឈ្មួញ​ជួញដូរ​ឈើ​គ្រញូង​ជាបន្ទាន់ ប្រសិនបើ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទេនោះ​។ ជាងនេះទៅទៀត​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ ក៏ដូចជា​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ គួ​ឬ​ចាត់វិធានការ​ទៅលើ​នាយទាហាន​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ឈើ​គ្រញូង​ប្រឡាក់​ឈាម​កើតឡើង​តទៅទៀត​៕

ST-339លោក ស ថាវី អភិបាលខេត្តឧត្ដរមានជ័យ odor