បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តពោធិ៍សាត់ បន្ត​កើតមាន​យ៉ាង​រាលដាល​

ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​រិះគន់ថា មន្ត្រីរដ្ឋបាល​បាល​ជលផល​ខេត្តពោធិ៍សាត់ មិនសូវ​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នោះទេ ហើយ​យូរៗ​ម្ដង​ឃើញ​សមត្ថកិច្ច​នគរបាល​ឬ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ជា​អ្នក​បង្ក្រាប​បទល្មើស​ទៅវិញ​។ កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ចាប់ខ្លួន​អ្នកនេសាទ​ជនជាតិ​យួន​ចំនួន​៤​នាក់ រួមទាំង​វត្ថុតាង​ក្នុងពេលដែល​ពួកគេ​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​អតីត​ឡូត៍​លេខ​២​ដែលជា​តំបន់ហាមឃាត់​។

ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ការចាបខ្លួន​អ្នកនេសាទ​ជនជាតិ​យួន​ទាំង​៤​នាក់​នោះ ធ្វើឡើង​នៅ​កណ្ដាល​បឹង​ទន្លេសាប​ក្នុងភូមិ​ក្អម​សំណ ឃុំ​មេទឹក ស្រុក​បាកាន​។ សមត្ថកិច្ច​រឹបអូស​បាន​កាណូត​ធំ​តូច​ចំនួន​ជាង​១០​គ្រឿង ឧបករណ៍​អួន​ចំនួន​៥​វង់ ហើយ​សមត្ថកិច្ច​កំពុង​សួរនាំ​ដើម្បី​ចាត់វិធានការ​តាមច្បាប់​។ ទោះជា​យ៉ាងណា​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មេទឹក ស្រុក​បាកាន បាន​វាយតម្លៃថា​មិនយូរ​ទេ​ជនជាតិ​យួន​ទាំងនោះ​នឹងត្រូវ​ដោះលែង​វិញ ហើយ​ពួកគេ​ទៅ​ប្រព្រឹត្ត​សកម្មភាព​ដូចដើម​ជាមិនខាន​។ មេខ្លោង​ជនជាតិ​យួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ខាងលើនេះ តែងតែមាន​ទំនាក់ទំនង​ជាមួយ​សម​ត្ថ​កិច្ច​ដូច្នេះ​គេ​អាច​រត់ការ​ដោះលែង​បក្ខ​ពួកគេ​ជាមិនខាន​។

មន្ត្រីរាជការ​ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ពិនិត្យ​មើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តពោធិ៍សាត់​ខ្លះ​ផង​។ ដោយហេតុថា​រហូតមក​ដល់ពេលនេះ​ជនជាតិ​យួន​នៅតែ​ប្រើ​ឧបករណ៍​ខុសច្បាប់​ធ្វើ​សកម្មភាព​នេសាទ​យ៉ាង​អនាធិបតេយ្យ​ដដែល ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ គឺ​មានតែ​សមត្ថកិច្ច​ផ្សេង​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ជា​អ្នក​បង្ក្រាប​។ ចំណែក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏​មិនដែល​គិតគូរ​ពី​រឿង​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែរ ធ្វើ​ឲ្យ​បទល្មើស​ក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​បាកាន ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង កើតឡើង​ឥតឈប់ឈរ​៕

1686លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល