អង្គការ​ភេរវកម្ម​ដែល​មាន​បំផុត​ក្នុង​ពិភពលោក​

នៅលើពិភពលោកនេះ តាមពិតទៅមានអង្គការភេរវកម្មជាច្រើន ហើយអង្គការភេរវកម្មទាំងនោះមួយចំនួនសុទ្ធតែជាអង្គការដែលមានលុយច្រើនថែមទៀតផង។ ខាងក្រោមនេះ គឺជាអង្គការភេរវកម្មដែលមានបំផុតទាំង១០នៅលើពិភពលោក៖

1ក្រុម ISIS

ISIS គឺជាអង្គការភេរវកម្មដែលមានជាងគេ និងដែលពិភពលោកបានស្គាល់ ក្នុងនោះលុយដែលអង្គការនេះទទួលបានមាន ២ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ប៉ុន្តែអ្នកជំនាញខ្លះទៀត បានប៉ាន់ប្រមាណថាមានរហូតដល់ទៅ ៣ ពាន់លានដុល្លារឯនោះ។

ប្រភពចំណូលចម្បងរបស់អង្គការនេះមាន ជំនួញប្រេង ការចាប់ជំរិតទារប្រាក់ ការប្រមូលថ្លៃការពារ និងពន្ធ ការប្លន់ធនាគារ និងការលួច។

គោលដៅ គឺបង្កើតរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់ ស៊ីរី ហ្សកដានី លីបង់ និងប៉ាឡេស្ទីន ព្រមទាំងសង្គ្រាមសាសនាអ៊ីស្លាមជាមួយនិងក្រុមជនក្រៅសាសនា ក្រុមគ្រិស្តសាសនិក និងក្រុមសាសនាជីហ្វ។

2ក្រុម HAMAS

រដ្ឋប្រហារយោធារបស់អង្គការHAMAS មាននៅពេលដែលវាយដណ្ដើមកាន់កាប់បានតំបន់រំដោះកាសានៅឆ្នាំ២០០៧ ដែលធ្វើឲ្យអង្គការនេះមានឥទ្ធិពលខ្លាំងបានរយៈពេលជិតមួយទសវត្សដែរ។ ក្រុមនេះទទួលបានលុយ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ អំពីទីតាំង ក្រុមនេះស្ថិតនៅWest Bank និងតំបន់រំដោះកាសា។

ប្រភពចំណូលចម្បងរបស់អង្គការនេះ មានពន្ធ ជំនួយហិរញ្ញវត្ថុ និងការបរិច្ចាគ (ជាពិសេសប្រទេសកាតា)

គោលបំណង គឺការប្រយុទ្ធតស៊ូខាងយោធាប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល ព្រមទាំងបង្កើតនូវរដ្ឋអ៊ីស្លាមប៉ាឡេស្ទីន ដែលស្ថិតនៅចាប់ពីសមុទ្ររហូតដល់ទន្លេហ្សកដានី។

3ក្រុមFARC

FARC គឺជាក្រុមកងកម្លាំងបដិវត្តន៍របស់កូឡុំប៊ី (Fuerzas Armadas Revolucionarias de Colombia) និងជាក្រុមសកម្មជនដែលមានមូលដ្ឋានម៉ាកនិយម និងប្រឆាំងក្រុមចក្រពត្តិនិយម ព្រមទាំងជាតួអង្គសំខាន់ក្នុងការតស៊ូប្រយុទ្ធបង្ហូរឈាម សងសឹកកូឡុំប៊ីជាង៥០ឆ្នាំ។ អង្គការនេះទទួលបានប្រាក់ ៦០០លានដុល្លារជារៀងរាល់ឆ្នាំ និងមានទីតាំងនៅប្រទេស កូឡុំប៊ី។

ប្រភពចំណូលចម្បងរបស់អង្គការនេះ មានការ ផលិតថ្នាំញៀន និងការជួញដូរថ្នាំញៀន ការចាប់ជំរិតទារលុយ ការរុករករ៉ែ និងពន្ធ។

គោលបំណង គឺលុបបំបាត់របបមូលធននិយម ព្រមទាំងបង្កើតនូវសង្គមនិយមតាមបែបម៉ាក ។

4ក្រុមHezbollah

ក្រុមនេះត្រូវបានបង្កើតឡើងជាក្រុមទាហានដែលប្រយុទ្ធដើម្បីប្រជាជនក្រុមស៊ីអ៊ីត នៅប្រទេសលីបង់ និងប្រឆាំងនឹងអ៊ីស្រាអែល។ ក្រុម Hezbollah គឺដូចគ្នានិងក្រុម Hamas ដែរ ដែលជាកម្លាំងនយោបាយដ៏រឹងមាំ មួយ ដែលក្លាយជាក្រុមមួយក្នុងចំណោមក្រុមដែលមានអំណាចខ្លាំង នៅក្នុងប្រទេសលីបង់។ ចំពោះទីតាំង អង្គការនេះ ស្ថិតនៅក្នុងប្រទេសលីបង់ ហើយអង្គការនេះទទួលបានប្រាក់ ៥០០លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។

ប្រភពចំណូល មានជំនួយហិរញ្ញវត្ថុ និងការបរិច្ចាគ ការផលិត និងជួញដូរថ្នាំញៀន។

គោលបំណង៖ បង្កើតទាហានប្រយុទ្ធជាមួយនិងរដ្ឋអ៊ីស្រាអែល ព្រមទាំងបង្កើតអង្គការរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសលីបង់។

5ក្រុមTaliban

ក្រុមនេះជាចលនានយោបាយ និងយោធា ដែលធ្វើការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ ព្រមទាំងអនុវត្តវិធានរបស់ Sunni Islamic Sharia Law។ ក្រុមនេះទទួលបានលុយចំនួន ៤០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ប្រភពចំណូលមាន ការការជួញដូរគ្រឿងញៀន លុយពីអ្នកឧបត្ថម្ភ ពន្ធ ជំនួយផ្នែកហិរញ្ញវត្ថុ និងការបរិច្ចាគ។

គោលដៅ គឺបង្កើតរដ្ឋទេវតាធិបតេយ្យអ៊ីស្លាម នៅអាហ្វហ្គានីស្ថាន។

6ក្រុម Al-Qaeda

ក្រុមនេះជាអង្គការភេរវកម្ម ដែលធ្វើឲ្យមានមនុស្សស្លាប់ច្រើនបំផុត និងជាក្រុមដែលធ្វើឲ្យមានការប្រែ ប្រួលនូវឥរិយាបថរបស់លោកខាងលិចចំពោះក្រុមអ៊ីស្លាមយ៉ាងខ្លាំង។ ក្រុមនេះទទួលបានប្រាក់ចំនួន១៥០លានដុល្លារជារៀងរាល់ឆ្នាំ។
ប្រភពចំណូលចម្បងមានដូចជា ជំនួយផ្នែកហិរញ្ញវត្ថុ និងការបរិច្ចាគ ការចប់ជំរិតទារលុយ ព្រមទាំងការជួញដូរគ្រឿងញៀន។

គោលដៅគឺ បង្កើតក្រុមជីហាតសកលដើម្បីប្រឆាំងនិងគ្រិស្តសាសនិក និងក្រុមជីហ្វ ព្រមទាំងបង្កើតនូវរដ្ឋអ៊ីស្លាមដែលរួមសហការគ្នាដើម្បីប្រឆាំងនឹងកម្លាំងរបស់លោកខាងលិច។

7ក្រុម Lashka-e-Taiba

សម្រាប់អ្នកដើរតាមក្រុមនេះ វាជាក្រុមទាហាននៃភាពត្រឹមត្រូវ ហើយក្រុមនេះ ជាក្រុមភេរវកម្មអ៊ីស្លាមដែលមានឬសគល់នៅក្នុងប្រទេសប៉ាគីស្ថាន និងត្រូវបានចាត់ទុកជាក្រុមដែលមានអំណាចជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រុមនេះទទួលបានប្រាក់១០០លានដុល្លារជារៀងរាល់ឆ្នាំ។

ប្រភពចំណូលចម្បងមាន ជំនួយហិរញ្ញវត្ថុ និងការបរិច្ចាគ។

គោលបំណង គឺរំដោះភ្លាមៗនូវតំបន់កាស្មៀរឥណ្ឌា ហើយដាក់បញ្ចូលទៅក្នុងតំបន់កាស្មៀរប៉ាគីស្ថាន ក្រោមវិធានច្បាប់អ៊ីស្លាម។

8ក្រុម Al Shabab

ក្រុមនេះ គឺជាក្រុមទាហានធំបំផុតនៅក្នុងប្រទេសសូម៉ាលី ដែលកើតមាននៅក្នុងឆ្នាំ២០០៦។ ក្រុមនេះទទួលបានប្រាក់៧០លានដុល្លារជារៀងរាល់ឆ្នាំ។

ប្រភពចំណូលចម្បងមាន ការចាប់ជំរិតទារលុយ ជំនួញខុសច្បាប់ សកម្មភាពចោរសមុទ្រ និងពន្ធ។
ទីតាំងមាននៅប្រទេស សូម៉ាលី កេនយ៉ា និងអ៊ូហ្គាន់ដា។

គោលបំណង ដើម្បីដកចេញនូវកម្លាំងទ័ពបរទេសពីប្រទេសសូម៉ាលី ព្រមទាំងបង្កើតទីតាំងអ៊ីស្លាម។

9ក្រុម Real IRA

ក្រុមនេះបង្កើតឡើងដោយសកម្មជនដែលប្រឆាំងនឹងកិច្ចព្រមព្រៀងសន្តិភាព ខែមេសា ឆ្នាំ ១៩៩៨ និងត្រូវបានចាត់ទុកជាក្រុមដែលតស៊ូប្រយុទ្ធប្រឆាំងនឹងអង់គ្លេសដែលខ្លាំងបំផុត។ ក្រុមនេះទទួលប្រាក់ ៥០លានដុល្លារក្នុងមួយឆ្នាំ។

ប្រភពចំណូលចម្បងមាន ការរត់គយ និងជំនួញខុសច្បាប់ ជំនួយ និងការបរិច្ចាគ
ទីតាំងស្ថិតនៅប្រទេសអៀរឡង់ភាគខាងជើង ប្រទេសអៀរឡង់ និងប្រទេសអង់គ្លេស

គោលបំណង គឺរំដោះនូវភាគខាងជើងប្រទេសអៀរឡង់ និងបង្កើតនូវរដ្ឋអៀរឡង់រួបរួមមួយ ដែលរួមបញ្ចូលនូវភាគខាងជើងអៀរឡង់ និងប្រទេសអៀរឡង់ ។

10ក្រុម Boko Haram

ក្រុមនេះប្រឆាំងនឹងការអប់រំស្របតាមតម្លៃលោកខាងលិច ព្រោះពួកគេយល់ថាវាប្រឆាំងនឹងជំនឿរបស់សាសនាអ៊ីស្លាម ។ ក្រុមនេះទទួលប្រាក់២៥លានដុល្លារជារៀងរាល់ឆ្នាំ។

ប្រភពចំណូលចម្បងមាន ការចាប់ជំរិតទារលុយ ពន្ធ ការប្លន់ធនាគារ និងការលួច និងការយកថ្លៃការពារជាដើម។
ទីតាំងស្ថិតនៅប្រទេសនីហ្សេរីយ៉ា និងប្រទេសកាមេរ៉ូន។

គោលដៅ គឺប្រយុទ្ធប្រឆាំងនឹងអាណាចក្រនិយម និងឥទ្ធិពលរបស់លោកខាងលិច ទម្លាក់ឬបំផ្លាញចោលនូវលោករបស់សាសនាគ្រិស្ត ហើយបង្កើតនូវច្បាប់អ៊ីស្លាមក្នុងប្រទេសនីហ្សេរីយ៉ា។

ប្រែសម្រួល៖ Sophany
ប្រភព៖

  • អង្គការ​ភេរវកម្ម​ដែល​មាន​បំផុត​ក្នុង​ពិភពលោក​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ជីវិតនិងសង្គម
Tags: