អគ្គ​រដ្ឋ​ទូតអាមេរិក នៅតែ​ប្រើពាក្យ​«​រ៉ូ​ហ៊ីង​យ៉ា​» ដោយ​មិន​ខ្វល់​ពី​ការណែនាំ​របស់លោក​ស្រី​ស៊ូ​ជី

​ការប្រើប្រាស់​ពាក្យ « រ៉ូ​ហ៊ីង​យ៉ា​» ទៅកាន់​ក្រុម​ជនជាតិភាគតិច​ឥស្លាម បាន​ក្លាយជា​ចម្រូងចម្រាស​មួយ​ដ៏​ធំ​សម្រាប់​មី​យ៉ាន់​ម៉ា​។ ជុំវិញ​បញ្ហា​នេះ បើទោះបីជា​មានការ​ណែនាំ​ចំពោះ​ការប្រើ​ពាក្យ រ៉ូ​ហ៊ីង​យ៉ា​ពី​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​ក៏ដោយ អគ្គរដ្ឋទូត​ថ្មី​អាមេរិក​ប្រចាំ​មី​យ៉ាន់​ម៉ា បាន​អះអាងថា​លោក​នឹង​នៅតែ​បន្ត​ប្រើប្រាស់​ពាក្យ​នោះ​សម្រាប់​ក្រុម​ជនជាតិភាគតិច​ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ដដែល​។

​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​មី​យ៉ាន់​ម៉ា​លោក Scot Marciel នៅ​ថ្ងៃទី​១០​ខែឧសភា បាន​ថ្លែងថា លោក នៅតែ​បន្ត​ប្រើប្រាស់​នូវ​ការហៅ​ឈ្មោះ​ក្រុម​ជនជាតិភាគតិច​ឥស្លាម​នៅ​មី​យ៉ាន់​ម៉ា​ថា «​រ៉ូ​ហ៊ីង​យ៉ា​» ដដែល បើទោះបីជា​ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​សុំ​ឲ្យ​លោក ចៀសវាង​ការហៅ​នេះ​ក៏ដោយ​។

​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ថា លោក នឹង​ប្រើប្រាស់​ពាក្យ រ៉ូ​ហ៊ីង​យ៉ាប​ន្ត​ទៀត​ឬ​យ៉ាងណា លោក Scot Marciel បាន​បញ្ជាក់ថា «​គោលជំហរ​របស់​យើង​គឺ​សកល ហើយ​ការអនុវត្ត​ជា​អន្តរជាតិ របស់​យើង​ក៏​ទទួលស្គាល់​ដែលថា​សហគមន៍​គ្រប់​ទីកន្លែង មាន​សមត្ថភាព​ក្នុងការ​ជ្រើសរើស​អ្វីដែល ពួកគេ​គួរតែ​ត្រូវបាន​»​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​បន្ថែម​ដែលថា លោក Scot សង្កត់ធ្ងន់​ដែរ​ថា នេះ​(​ការហៅ​ឈ្មោះ​) គឺជា​គោលនយោបាយ​របស់​ក្រុង​វ៉ាស៊ីនតោន​ពីមុន ហើយ រដ្ឋបាល​ក្រុង​វ៉ា​ស៊ិន​តោន ក៏មាន​ចេតនា​ក្នុងការ​បន្ត​ហៅ​ឈ្មោះ​នេះ​ផងដែរ​។

​សូម​រម្លឹក​ផងដែរ​ថា កាលពី​សបា្តហ៍​មុន លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ណែនាំ​អគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​មី​យ៉ាន់​ម៉ា​ប្រឆាំងនឹង​ការប្រើប្រាស់​ពាក្យ រ៉ូ​ហ៊ីង​យ៉ា ក្នុងការ​ពណ៌នា​ទៅលើ​ក្រុម​ជនជាតិភាគតិច ឥស្លាម​ដែល​ទទួល​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ដែល​កំពុងតែ​រស់នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​មី​យ៉ាន់​ម៉ា លោក Kyaw Zay Ya បាន​បញ្ជាក់ថា រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា មិន​ប្រើប្រាស់ ពាក្យ​រ៉ូ​ហ៊ីង​យ៉ា​នោះទេ ពីព្រោះ រ៉ូ​ហ៊ីង​យ៉ា មិនត្រូវ​បានទទួល​ស្គាល់​ក្នុងចំណោម​ជនជាតិភាគតិច​ទាំង​១៣៥​ជា​ផ្លូវការ​នោះទេ​។ ហើយ​ការប្រើប្រាស់​ពាក្យ​នេះ មានន័យថា មិន​គាំទ្រ​នូវ​ដំណើរការ​នៃ​ការផ្សះផ្សារ​ជាតិ និង​ដោះស្រាយ​បញ្ហា​នោះទេ​។​

​សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​ប្រជាជន ឬ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក្រុម​ជនជាតិភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ា ដែល​កំពុងតែ​រស់នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​ជាមាន​ប្រជាជន​ភាគច្រើន​គោរព​សាសនាព្រះពុទ្ធ គឺ​ត្រូវបាន​ចាត់ទុកថា​ជា​ក្រុម​ភៀសខ្លួន​ខុសច្បាប់​ពី​ប្រទេស​បង់​ក្លេ​ដែ​ស​។ ហើយ​ពាក្យ​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​នេះ​គឺ «Bengalis»៕