យឹង យន ក្លាយ​ជា​ទូត​សុឆន្ទៈ​មរតក​ខ្មែរ នៃ​អង្គការ​មួយ​នៅ​អាមេរិក

យឹង យន ក្លាយ​ជា​ទូត​សុឆន្ទៈ​មរតក​ខ្មែរ នៃ​អង្គការ​សភា​ខ្មែរ​អន្តរជាតិ នៅ​សហរដ្ឋអាមេរិក ដែល​ប្រកាស​តែងតាំង​កាល​ពី​ពេល​ថ្មី​នេះ ខណៈ​លោក​កំពុង​បំពេញ​បេសកកម្ម​ផ្សព្វផ្សាយ​វប្បធម៌​នៅ​ទី​នោះ​ដូច​គ្នា។

 

យឹង យន ក្លាយ​ជា​ទូត​សុឆន្ទៈ​មរតក​ខ្មែរ នៃ​អង្គការ​មួយ​នៅ​អាមេរិកយឹង យន សម្ដែង​នៅ​សហរដ្ឋ​អាមេរិក

សិល្បករ​ពហុ​ជំនាញ​សិល្បៈ​រូប​នេះ​បាន​ប្រាប់ Sabay ថា ដោយ​សារ​លោក​ធ្វើ​ការ​ងារ​ដើម្បី​លើក​ស្ទួយ​វប្បធម៌​ខ្មែរ​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​លើ​ឆាក​អន្តរជាតិ ទើប​អង្គការ​ខាង​លើ​សម្រេច​ជ្រើសរើស​ដូច្នេះ។ ម្យ៉ាង​ទៀត​លោក​បាន​បំពេញ​ការងារ​ជា​សិល្បៈ​ជា​ច្រើន​ឆ្នាំ និង​ចេះ​ជំនាញ​សិល្បៈ​ជា​ច្រើន​ផង​ដែរ។

 

យឹង យន និយាយ​ថា៖” ការ​ពិត​ទៅ អង្គការ​ចង់​លើក​ទឹក​ចិត្ត​ខ្ញុំ និង​ជំរុញ​ខ្ញុំ​ឱ្យ​បន្ត​ទៀត​ក្នុង​ការងារ​សិល្បៈ ទើប​គេ​ជ្រើសរើស​តែ​ម្ដង​ទៅ”។

 

លោក​បន្ត​ថា ឈរ​លើ​សសរស្ដម្ភ”ការពារ រក្សា និង​លើក​តម្កើង” ហើយ​ក្នុង​នាម​ជា​ទូត​សុឆន្ទៈ លោក​ត្រូវ​ទទួល​ការងារ​សិល្បៈ​នានា ដែល​រៀបចំ​ដោយ​អង្គការ​មួយ​នេះ។ ក្រៅ​ពី​នេះ លោក​ត្រូវ​បំពេញ​ការងារ​សប្បុរសធម៌​របស់​អង្គការ​ទៀត​ផង។ ជាក់​ស្ដែង​កន្លង​មក អង្គការ​សភា​ខ្មែរ​អន្តរជាតិ ធ្លាប់​ផ្ដល់​ជំនួយ​ជា​សម្ភារៈ​សិក្សា សាលា​រៀន ថវិកា​មួយ​ចំនួន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ឧបត្ថម្ភ​ដល់​សិស្ស-និស្សិត​ក្រីក្រ​នៅ​តាម​ខេត្ត។

 

ទោះ​បី​ជា​យ៉ាង​ណា លោក យឹង យន បាន​បន្ត​ទៀត​ថា ពេល​នេះ​អង្គការ​សភា​ខ្មែរ​អន្តរជាតិ​ក៏​កំពុង​ត្រៀម​បើក​សារមន្ទីរ​មរតក​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ដែល​គ្រោង​សម្ពោធ​ជា​ផ្លូវ​ការ និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ខែ​មិថុនា​ខាង​មុខ​នេះ៕

 

យឹង យន ក្លាយ​ជា​ទូត​សុឆន្ទៈ​មរតក​ខ្មែរ នៃ​អង្គការ​មួយ​នៅ​អាមេរិក

 

អត្ថបទ៖ សំ ជំនាញ

រូបថត៖​ ផ្ដល់​ឱ្យ