ឱកាសល្អ សម្រាប់អ្នកដែលស្រលាញ់ និងលើកតម្កើងតន្រ្តី អាចរៀនដោយឥតគិតថ្លៃ

ភ្នំពេញ៖ សិល្បៈតន្ត្រី គឺជាទម្រង់ និងសកម្មភាពវប្បធម៌ ដែលយើងអាចស្តាប់បាន ដោយការឮសំលេង តែជួនកាល បង្កប់នូវភាពស្ងប់ស្ងាត់។ សម្រាប់សង្គមខ្មែរបច្ចុប្បន្ននេះ តន្ត្រីត្រូវបានគេលើកតម្កើង មានប្រជាប្រិយភាពជាងមុន ជាពិសេសបទនិពន្ធថ្មី ជាដើម និងសូម្បីយុវវ័យកាន់តែច្រើនឡើង ចាប់ផ្តើមមានសម្ថភាពអាចលេងហ្គីតា ឬឧបករណ៍តន្ត្រីផ្សេងទៀត ដោយខ្លួនឯងផងដែរ។

ជាក់ស្តែង ជួបជាមួយលោក យ៉ង ពៅ ដែលជាមនុស្សម្នាក់ មានទេពកោសល្យខាងតន្ត្រីដ៏ឆ្នើមមួយរូប និងបច្ចុប្បន្នជានាយក និងគ្រូបង្ហាត់បង្រៀននៅ Bosba Media ដែលជាស្ថាប័នផលិតបទចម្រៀងថ្មី និងបណ្តុះបណ្តាលនូវវិស័យតូរ្យតន្ត្រី និងមានបង្ហាត់បង្រៀនឧបករណ៍ភ្លេងដូចជា ហ្គីតា, ព្យាណូ, ម៉ង់ដូលីន(Mandolin), បាស, ស្គរ និងចម្រៀងជាដើម ដោយឥតគិតថ្លៃ

តំណាងឲ្យ Bosba Media លោកថ្លែងមកកាន់ក្រុមការងារ Khmerload ឲ្យដឹងថា «បើលើកពីផ្នែកចម្រៀងគឺមានការលំបាកគួរសម សិស្សរៀនក៏ច្រើន។ វិស័យចម្រៀងនេះមានភាពលំបាកបន្តិចត្រង់ការប្រើបំពង់ក ប្រើមាត់សំរាប់ច្រៀង បញ្ចេញសម្លេង ដែលខុសពីឧបករណ៍ផ្សេងៗ ដែលគ្រាន់តែប្រើដៃចុច ឬកេះ ឬដំ ដើម្បីបញ្ចេញសម្លេង។ វិស័យនេះទាមទារការហាត់រៀន ពិសេសបំផុតគឺទេពកោសល្យ។ បើទេពកោសល្យពីធម្មជាតិយើងស្ទើរ យើងហាត់ចាយពេលច្រើន តែបើសិនជាយើងមានដុង មានគ្រឹះលម្អឲ្យល្អហើយ យើងហាត់ចំនាយពេលតិចបំផុត»។ លោកបន្ថែមថា «ដោយឡែកឧបករណ៍ដែលនិយមច្រើនជាងគេបំផុតនៅ Bosba Media គឺ ឧបករណ៍ហ្គីតា» ។ លោកថាការបង្ហាត់ជាក្រុម (Band) សំរាប់បងប្អូន ឬសិស្សានុសិស្សដែលរៀនចេះហើយចង់បង្កើតជាក្រុម ដែលហៅថាតន្ត្រីជាវង់បានទៀតផង។

លោកគ្រូ យ៉ង ពៅ រៀបរាប់ពីជីវិតប្រាប់ Khmerload ថា «ទេពកោសល្យបូកនឹងការព្យាយាមទើបមានលទ្ធផល។ ខ្ញុំព្យាយាមលើវិស័យតូរ្យតន្ត្រីនេះ តាំងពីឆ្នាំ ១៩៩៣ មកដល់ឥលូវនេះ ២៣ឆ្នាំហើយ។ មុនឆ្នាំ ១៩៩៣ តាំងពីឆ្នាំ ១៩៨០ជាងមក ខ្ញុំបានស្តាប់មរតកចម្រៀងជាច្រើន ដូចជាលោក ស៊ិន ស៊ីសាមុត ជាដើម។ ខ្ញុំបានលួចស្តាប់បទមួយចំនួនធំ ព្រោះសម័យនោះមិនបានស្តាប់ទូលំទូលាយដូចឥលូវនេះទេ ដោយសារតែបរិបទនយោបាយ។ រហូតដល់សម័យ អ៊ុនតាក់ គេបានធ្វើសមាហរណកម្ម ប្រទេសរបស់យើងក៏ចាប់ផ្តើមមានសន្តិភាព ហើយខ្ញុំក៏បានស្តាប់ចម្រៀងយ៉ាងពេញលេញ។ ខ្ញុំបានស្តាប់ចម្រៀងរហូតរាប់ពាន់បទ ហើយខ្ញុំចេះចម្រៀងដោយមិនចាំបាច់មើលប៉ារ៉ូលដល់ទៅប្រាំទៅប្រាំមួយរយបទ។ នេះទាក់ទងនឹងជាមួយនឹងការព្យាយាមស្តាប់របស់ខ្ញុំផង បូករួមផ្សំនឹងទេពកោសល្យធម្មជាតិ ការពូកែចាំរបស់ខ្ញុំផង។ ខ្ញុំបានអភិវឌ្ឍ តាមការហ្វឹកហាត់ ៨ម៉ោងជារៀងរាល់ថ្ងៃ ជាមួយឧបករណ៍ ព្យានីកា (Pianica)។ ពីដើម ព្យានីកា ដូចជាកូនព្យាណូជ័រតូចមួយ ហើយមានទុយយ៉ូផ្លុំ ដែលភាគច្រើនមកពីជប៉ុន។ យើងសាកគិតទៅមើល ដែលកាលនោះខ្ញុំអាយុ ១៣ - ១៤ឆ្នាំហើយខ្ញុំផ្លុំ ព្យានីកា មួយថ្ងៃ៨ម៉ោង ដល់១០ម៉ោង។ នៅពេលដែលកាន់ ព្យានីកាដំបូងខ្ញុំមិនយល់ទេ ប៉ុន្តែខ្ញុំសិក្សាតែ១ថ្ងៃ ២ថ្ងៃខ្ញុំដឹងថាខ្យល់ត្រូវប្រើរបៀបម៉េច។ យើងគិតពីសភាពផលលំបាកទៅមើល ប៉ុន្តែខ្ញុំមិនដែលបោះបង់ទេ។ ដោយសេចក្តីស្រលាញ់រវាងទឹកចិត្តម្តាយ និងកូន គាត់ប្រាប់ថាកូនកុំខំពេក ខ្លាចរលាកបំពង់ក ខ្លាចកើតក្រឡទែន។ ដំបូងៗគឺថាវាធ្វើអោយយើងហត់ ឈឺកតិចតួច កើតក្រឡទែនប៉ោងសរសៃម្តងម្កាល។ នេះហើយទើបធ្វើអោយយើងរឹង ផ្លុំរាល់ថ្ងៃទៅជាទម្លាប់ ទៅជាកម្លាំង»។

ក្រៅពីចេះច្រៀង និងចេះលេងព្យានីកា ក្រោយមកលោកបានរៀនចេះឧបករណ៍ជាច្រើនទៀត ដូចជាព្យាណូ ហ្គីតា ស្គរ ហ្គីតាបេស។ លោកចេះសរសេរ Lyric និងអក្សរភ្លេងទៀតផង។ តែសំរាប់អក្សរភ្លេង លោកគ្រូមិនបានរៀនពីសាលាវិចិត្រសិល្បៈអ្វីទេ គឺគាត់់បានសុំសៀវភៅ និងឯកសារពីនិស្សិត ឬគ្រូដែលគាត់ស្គាល់ យកមកថតចម្លងដើម្បីរៀននៅផ្ទះ។ ទោះបីជាគ្មាន ការបណ្តុះបណ្តាលពីខាងណា ក៏លោកបានព្យាយាមដោយខ្លួនឯង រុករក ឈ្មុសឈ្មុលរក ទើបអាចចេះដល់សព្វថ្ងៃនេះ។

ចំពោះការលំបាកដើម្បីរៀបចំដំណើរការ ក៏ដូចជាប្រតិបត្តិការនៅ Bosba Media លោកគ្រូបានប្រាប់ថា «វាមានការលំបាក ព្រោះនិយាយតាមត្រង់ ខ្ញុំគ្មានជំនាញគ្រប់គ្រងទេ។ ខ្ញុំគឺជំនាញផលិត។ ខ្ញុំជាសិល្បៈករ ខ្ញុំដឹងតែពីលេងតន្ត្រីទេ ចឹងទើបខ្ញុំមានការងារគ្រប់គ្រងមួយចំនួនមកជួយ ដែលនេះហើយសុទ្ធតែជាការចំនាយ។ រាល់ថ្ងៃក៏មានការលំបាក ព្រោះយើងជួយសំរួលទៅលើការចំនាយរបស់សិស្សនិស្សិតយើង។ និស្សិតក្រីក្រ កូនទាហាន ពលទាហាន សន្តិសុខ បងប្អូនដែលមានជីវភាពលំបាក យើងអោយគាត់មករៀនដោយឥតគិតថ្លៃរហូតដល់ចេះ។ គាត់អាចតស៊ូបានប៉ុណ្ណាប៉ុណ្ណឹង អត់គិតថ្ងៃគិតខែគិតឆ្នាំអីទេ រៀនបានប៉ុណ្ណាប៉ុណ្ណឹង ចេះប្រើការខ្លួនឯង។ រីឯឧបករណ៍យើងក៏មាន ខ្ញុំបានចំនាយលុយជាច្រើនទិញឧបករណ៍តន្ត្រី ដែលយើងដឹងហើយថាវាមានតម្លៃថ្លៃ មិនថោកទេ»។

លោកបន្ថែមថា «សម្រាប់សិស្សនិស្សិត ឬមន្ត្រីឬរាជការដែល មានលទ្ធភាព គាត់អាចបង់ជាសេវាកម្ម ដើម្បីអោយសាលាយើងដើរតទៅមុខទៀត កុំអោយបិទទ្វារ គឺ១ខែ១០$ លើឧបករណ៍អីក៏ដោយ ចង់រៀនមួយណាក៏បាន។ ផលលំបាកមួយទៀតគឺ ត្រូវបង្រៀនខ្លួនឯងអោយបានច្រើន ដើម្បីកាត់បន្ថយចំនាយទៅលើគ្រូ»។

ជាចុងក្រោយ លោកគ្រូ យ៉ង ពៅ បាននិយាយថា តន្ត្រីជាភាសាសកលមួយ ផ្សាយនូវភាសាដួងចិត្ត ថាមពលផ្លូវចិត្ត និងដួងវិញ្ញាណរបស់យើងទៅមនុស្សរាល់គ្នា។ តន្ត្រី ពេលណាដែលយើងហត់នឿយ យើងអាចស្តាប់ ឬលេងឧបករណ៍តន្ត្រី វានឹងបន្ធូរអារម្មណ៍ បន្ធូរភាពតានតឹងទៀតផង។ សិល្បៈនេះហើយជាអ្នកស្ថាបនានូវវិញ្ញាណ និងព្រលឹងរបស់មនុស្សជាតិ ធ្វើអោយមនុស្សមានសេចក្តីស្រលាញ់ មានសន្តិភាព មានឧត្តមគតិ ចេះជួយយកអាសារគ្នា តាមរយៈការអប់រំផ្សេងៗ ដែលសិល្បៈក៏មានចំណែកដែរ។ រីឯយុវវ័យយើងគួរជៀសវាង ការដើរលេងផ្តេសផ្តាស ធ្វើអំពើអបាយមុខផ្សេងៗ គួរយកពេលវេលាទាំងនោះមកហាត់តន្ត្រី មកហាត់រាំ ឬអ្វីដែលស្រលាញ់ចូលចិត្ត។ គាត់សង្ឃឹមថា បងប្អូននឹងយល់ពីសិល្បៈតន្ត្រីខ្មែរ និងចូលរួមទាំងអស់គ្នាដើម្បីជំរុញ អោយរីកចម្រើនរុងរឿងដូចប្រទេសជឿនលឿនដែរ។ បើបងប្អូនមានចំណាប់អារម្មណ៍ អាចសិក្សាបាននៅ Bosba Media ដែលមានច្រើនម៉ោង ច្រើនពេលនិងអាចទំនាក់ទំនងបានតាមលេខទូរស័ព្ទ ០៨១ ៦១៣ ១៣៦ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរៀន និង ០១២ ៨២៣ ២៦៦ សម្រាប់កាលវិភាគរៀន ឬតាមរយៈអាស័យដ្ឋានផ្ទះលេខ ១៦E1 ផ្លូវ ២១៥ សង្កាត់មិត្តភាព ខណ្ឌ៧មករា នៅខាងជើងស្តុបដេអ៊ិន ចម្ងាយ៥០ម៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload