ទំលាប់ល្អ 9 យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ងាយ​ស្រួល

ការ​រស់​នៅ​ប្រចាំ​ខ្លះ​រមែង​តែ​នឹង​ជួប​នូវ​រឿង​ស្មុគ​ស្មាញ ជា​ច្រើន ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ការ​រស់​នៅ​របស់​អ្នក​ហាក់​ដូចជា​គ្មាន​ន័យ។ អ្នក​នឹង​ជួប​នូវ​រឿង​ដ៏​ស្មុគស្មាញ​នេះ​កាន់តែ​ច្រើន​នៅ​ពេល ដែល​អ្នក​មិន​បាន​រៀប​ចំ​ជីវិត​អ្នក​ឲ្យ​បាន​ល្អ។

ដើម្បី​​ឲ្យ​ការ​រស់​នៅ​របស់​អ្នក​កាន់តែ​រីករាយ និង​មិន​ជួប​នឹង​ការ​ស្មុគ​ស្មាញ​ច្រើន អ្នក​គួរ​តែ​មាន​ទម្លាប់​ល្អ​ 9 យ៉ាង​ ៖

1. រៀប​ចំ​កន្លែង​របស់​អ្នក​ឲ្យ​បាន​ស្អាត

វា​ជា​ទម្លាប់​ដែល​អ្នក​គួរ​តែ​ធ្វើ​មុន​គេ​បង្អស់ អ្វី​ដែល​អ្នក​គួរ​ធ្វើ គឺ​រៀប​ចំ​បន្ទប់​គេង សំលៀក​បំពាក់​ គេហដ្ឋាន និង កន្លែងធ្វើការ​របស់​អ្នក​ឲ្យ​បាន​ស្អាត និង មាន​របៀប​រៀប​រយ នោះ​អាច​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ក្នុង​ការរស់នៅ និង បំពេញការងារ​របស់​អ្នក ។

2. រស់​នៅ​ក្នុង​បច្ចុប្បន្ន​កាល​របស់​អ្នក

បើ​អ្នក​កំពុង​រស់​នៅ​ទាំង​ក្នុង​អតីតកាល ឬ​អនាគត​កាល អ្នក​នឹង​មាន​អារម្មណ៍ មិន​សប្បាយ​ចិត្ត, ធ្លាក់​ទឹក​ចិត្ត​។ បើ​អ្នក​ធ្វើ​ដូច​នេះ​មាន​ន័យ​ថា​​អ្នក​​​មិន​បាន​​រស់​​នៅ​ក្នុង​ជីវិត​របស់​អ្នក​ឱ្យ​បាន​ពេញ​លេញ​នោះ​ទេ។ បំភ្លេច​អំពី​អតីតកាល​ ហើយ​កុំ​គិត​អំពី​អនាគត​ខ្លាំង​ពេក​​ សូម​ព្យាយាម​រស់​​នៅ​​ក្នុង​​​បច្ចុប្បន្ន​កាល​របស់​អ្នក ! រៀន​ពី​ របៀប​ដើម្បី​រីករាយ​នឹង​ពេល​បច្ចុប្បន្ន​នេះ​និង មាន​មោទនភាព​សម្រាប់​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​មាន​នៅ​ក្នុង​ជីវិត​របស់​អ្នក​។

3. រៀបចំ​ផែនការ​មួយ​សប្ដាហ៍​របស់​អ្នក​ជា​មុន

ការ​រៀប​ចំ​ផែនការ​ពេញ​មួយ​សប្ដាហ៍​របស់​អ្នក​ជាមុន​ឲ្យ​ហើយ​គឺ ​ជា​ទម្លាប់​ដ៏​ល្អ​មួយ​ដែល​​ជួយ​ឲ្យ​ការ​រស់​នៅ​របស់​អ្នក​កាន់​តែ​ងាយ​ស្រួល ។ អ្នក​អាច​កត់​ត្រា​ពី​គំ​រោង​សម្រាប់​រឿង​ដែល​អ្នក​ត្រូវ​ធ្វើ​ពេញ​មួយ​សប្ដាហ៍​ជាមុន​ នៅ​លើ​សៀវភៅ​កំណត់​ត្រា​ ឬ ប្រតិទិន​។ ការ​រៀបចំ​ផែន​ការ​ទុក​ជាមុន​អាច​ធ្វើ​ឲ្យ​អ្នក​មិន​មាន​អារម្មណ៍​ថា អន្ទះសា ឬ ស្រ្តេស ហើយ​អ្នក​អាច​មាន​ពេល​វេលា​ច្រើន​សម្រាប់​គិត​រឿង​ផ្សេង​ៗ ទៀត។

4. ត្រូវ​ចេះ​និយាយ​ថា​ទេ

ដើម្បី​ធ្វើ​ឲ្យ​ជីវិត​អ្នក​កាន់​តែ​មា​ន​ភាព​ងាយ​ស្រួល​អ្នក​ត្រូវ​រៀន​និយាយ​ពាក្យ​ថា​ ទេ ។ កុំ​ព្យាយាម ទទួល​យក​សំនើរ ឬ ​ភារ​កិច្ច​ផ្សេងៗ ដែល​អ្នក​​ គ្មាន​ពេល​វេលា​ ឬ សមត្ថភាព សម្រាប់​ធ្វើ​វា ហើយ​អ្នក​ក៏​មិន​ត្រូវ​ទទួល​ខុស​ត្រូវ​លើ​អ្វី​ដែល​អ្នក​មិន​បាន​ធ្វើ​ផង​ដែរ ត្រូវ​គិត​ពីខ្លូនឯង​ជា​មុន​សិន​ មុន​និង​សម្រេច​ចិត្ត ជួយ​អ្នក​ដទៃ ។

A portrait of a young woman voting for no over white background

5. ស្វែង​រក​ពេល​វេលា​សម្រាប់​ខ្លួន​ឯង

ចូល​ស្វែង​រក​ពេល​វេលា​សម្រាប់​ខ្លួនឯង​ សម្រាប់​សម្រាក​លំហែ និង​ធ្វើអ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ ។ កុំ​ព្យាយាម​ចំណាយ​ពេល​ ពេញ​មួយ​ថ្ងៃ​របស់​អ្នក​សម្រាប់​តែ​ធ្វើការ​ ឬ ធ្វើ​អ្វី​មួយ​ដើម្បី​អ្នក​ដទៃ​ខ្លាំង​ពេក។

6. កត់​ត្រា​អ្វី​ដែល​ត្រូវ​ធ្វើ​​ដាក់​ជា​បញ្ជី

អ្នក​ត្រូវ​ទម្លាប់​ខ្លួន​ក្នុង​ការ​កត់​ត្រា​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​ដាក់​បញ្ជី ព្រោះ​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ មិន​ពិបាក​ក្នុង​ការ​ចង់​ចាំ​រឿង​ជា​ច្រើន និង​ត្រូវ​ខាត​ពេល​វេលា​ក្នុង​ការ​រកនឹក​រឿង​ទាំង​នោះ។ ឧទាហរណ៍ អ្នក​ត្រូវ​ទៅ​ទិញ​ទំនិញ ៥ មុខ​នៅ​ក្នុង​ផ្សារ អ្នក​អាច​កត់ត្រា​ឈ្មោះ​ទំនិញ​ដែល​អ្នក​ត្រូវ​ទិញ និង ចំនួន​ដែល​ត្រូវ​ទិញ​ដាក់​ក្នុង​បញ្ជី បន្ទាប់​ពី​អ្នក​បាន​ទិញ​ទំនិញ​ណា​មួយ​រួច​អ្នក​អាច​ធ្វើការ​គូស​បន្ទាត់​ពី​លើ​ដើម្បី​ចំណាំ។

7. ធ្វើ​ម្ហូប​ទុក​ជា​មុន

បើ​សិន​ជា​អ្នក​ពិត​ជា​មនុស្ស​ម្នាក់​ដែល​រវល់​ខ្លាំង​ណាស់ អ្នក​អាច​ប្រើ​ប្រាស់​វិធី​ធ្វើ​ម្ហូប​ទុក​ជា​មុន​។ តែ​មុខម្ហូប​ដែល​អ្នក​ត្រូវ​ធ្វើ​ត្រូវ​តែ​ជា​ម្ហូប​ដែល​អាច​រក្សា​ទុក​បាន​នៅ​ក្នុង​ទូរ​ទឹកកក និង​អាច​ទុក​បាន​យូរ​ផង​ដែរ។ ធ្វើ​បែប​នេះ​អ្នក​នឹង​ចំណេញ​ពេល​វេលា​ច្រើន​សម្រាប់​ធ្វើ​ការ​ងារ​អ្វី​ផ្សេង​ទៀត​បាន ។

8. កុំ​ព្យាយាម ធ្វើ​ឲ្យ​ខ្លួន​ឯង​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ

លើ​លោក​នេះ​គ្មាន​នរណា​ម្នាក់​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ បើ​សិន​ជា​អ្នក​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ឯង​អោយ​ល្អ​ឥត​ខ្ចោះ មាន​ន័យ​ថា​អ្នក​កំពុង​ដាក់​សម្ពាធ​ទៅ​លើ​ខ្លួន​ឯង ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​តូច​ចិត្ត​និង​ បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង។ មិន​ចាំបាច់​ត្រូវ​ចំណាយ​ពេល​វេលា​របស់​អ្នក​ព្រួយ​បារម្ភ​អំពីការធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ខ្លួនឯង​ ល្អ​ឥត​ខ្ចោះ​នោះ​ទេ​ ចូល​យក​ពេល​វេលា​នោះ​រីករាយ​នឹង​អ្វី​ដែល​អ្នក​មាន​នៅ​ពេល​នេះ ។

9. នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​កំពុង​តែ​ម៉ូរ​ម៉ៅ

ព្យាយាម​ចាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​កំពុង​តែ​ម៉ូរ​ម៉ៅ នឹង​រឿង​អ្វី​មួយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មិន​សប្បាយចិត្ត។ ការ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ដែល​កំពុង​តែ​ម៉ូ​ម៉ៅ​មិន​មែន​មាន​ន័យ​ថា​ អ្នក​កំពុង​តែ​បោះ​បង់​ពួកគេ ដោយ​មិន​បាន​ខ្វល់​ពី​ពួក​គេ​នោះ​ទេ គឺ​អ្នក​កំពុង​តែ​ព្យាយាម​រក្សា​ទំនាក់​ទំនង​រវាង​អ្នក​នឹង​ពួក​គេ​ឲ្យ​បាន​ល្អ។  ព្រោះ​ថា​នៅ​ពេល​មនុស្ស​ម្នាក់​កំពុង​ម៉ូ​ម៉ៅ​អាច នឹង​និយាយ​អ្វី​ដែល​មិន​បាន​គិត​ដល់​អារម្មណ៍​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ខឹង ឬ អន់ចិត្ត ដែល​អាច​ធ្វើ​ឲ្យ​ទំនាក់​ទនង​របស់​អ្នក​នឹង​ពួក​គេ​អាច​នឹង​រលាយ​សាប​សូន្យ​ក្នុង​មួយ​បរ​ប្រិច​ភ្នែក។

ពាក្យ​មួយ​ឃ្លា​របស់​ខុង​ជឺបាន​និយាយ​ថា ៖

ជីវិត​របស់​មនុស្ស​គឺ​សមញ្ញា​បំផុត តែ​មនុស្ស​ទៅ​វិញ​ទេ​ដែល​ធ្វើ​ឲ្យ​ជីវិត​មាន​ភាព​ស្មុគ​ស្មាញ
ដូច​នេះ​ជី​វិត​របស់​អ្នក​រីករាយ​ ឬ​ក៏​អត់​វា​អាស្រ័យ​ទៅ​លើ​អ្នក​ដោយ​ខ្លួន​ឯង៕

អត្ថបទដោយ ៖ Mr Dee
រក្សាសិទ្ធិដោយ ©CAMBOMAG


  • ទំលាប់ល្អ 9 យ៉ាង​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​កាន់​តែ​ងាយ​ស្រួល已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:បច្ចេកវិទ្យា
Tags: