តំណាង​អយ្យការ​បន្ត​នីតិវិធី ​ទោះ​លោក កឹ​ម សុខា មិន​ចូល​បំភ្លឺ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ២០១៦ មិន​ចូលខ្លួន​តាម​ដីកាកោះ​របស់​តុលាការ​ពាក់ព័ន្ធ​បណ្ដឹង​កញ្ញា ធី សុវណ្ណ​ថា ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ នោះ​ទេ ។ មន្ត្រី​តុលាការ​ថ្លែង​ថា ទោះបី​លោក កឹ​ម សុខា មិន​ចូលខ្លួន​ក៏​ដោយ​ចុះ តុលាការ​នៅ​តែ​បន្ត​នីតិវិធី​ទៅ​មុខ​ដដែល ។

លោក លី សុ​ផា​ណា ព្រះរាជ​អាជ្ញាអម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ជា​អ្នកនាំពាក្យ​ឲ្យ​អយ្យការ​អម​សាលាដំបូង បាន​ថ្លែង​ថា ការ​ចូល​ឆ្លើយ ឬ​មិន​ចូល​ឆ្លើយ​ ជា​ការ​សម្រេចចិត្ត​របស់​សាមីខ្លួន តែ​តំណាង​អយ្យការ​នៅ​តែ​មាន​ចំណាត់ការ​តាម​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​មិន​ឆ្លើយ​តាម​ការ​កោះ ឬ​រឹងទទឹង​នូវ​ចំណាត់ការ​តាម​និ​តិ​វិធី​ព្រហ្មទណ្ឌ ។

កន្លង​មក​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា ការ​កោះហៅ​លោក កឹ​ម សុខា ចូល​បំភ្លឺ​គឺ​ពុំ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ ព្រោះ​លោក កឹ​ម សុខា ជា​តំណាងរាស្ត្រ មាន​អភ័យឯកសិទ្ធិ​សភា ។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បញ្ជាក់​ថា ដីកាកោះ​របស់​អយ្យការ​ជា​ដំណាក់កាល​ស៊ើបអង្កេត​បឋម​របស់​អយ្យការ​មុន​នឹង​ដល់​ដំណាក់កាល​ចោទប្រកាន់ ឬ​តម្កល់​រឿង​ទុក​ឥត​ចាត់ការ (​មាត្រា​៤១ ក្រម​និ​តិ​វិធី​ព្រហ្មទណ្ឌ​) ។ រដ្ឋធម្មនុញ្ញ​មាត្រា​៨០​ចែង​ថា អភ័យឯកសិទ្ធិ​សភា​គឺ​គិត​ពី​ដំណាក់កាល​ចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន ឬ​ឃុំខ្លួន (​បទល្មើស​មិន​ជាក់ស្តែង​) ។ ការ​កោះហៅ​របស់​ស្ថាប័ន​អយ្យកា​រលើ​បុគ្គល​ណា​ម្នាក់ គឺ​ពុំ​មែន​ជា​ការ​ចោទប្រកាន់ ការ​ចាប់ខ្លួន ការ​ឃាត់ខ្លួន ឬ​ការ​ឃុំខ្លួន​នោះ​ទេ ៕