បារម្ភ​ការផ្អាក​បូមទឹក​ពី​អាង​កំពីងពួយ ៖ មង្គល​បូរី​ទើប​ទទួល​ទឹក​បូម​នោះ​ខ្លះៗ តែ​សិរីសោភ័ណ អត់​ទាន់​ទទួលបាន​មួយ​តំណក់​ទេ​!

បន្ទាយមានជ័យ:
 ពលរដ្ឋ​នៅ​ឃុំ​នានា​តាម​ដងស្ទឹង​មង្គល​បូរី ទើបតែ​ទទួលបាន​ទឹក​ថ្មី​ជា​ទឹក​បូម​ពី​អាង​កំពីងពួយ ស្រុក​បាណន់់ ខេត្តបាត់ដំបង តែ​ប៉ុន្មាន​ថ្ងៃមុន​ប៉ុណ្ណោះ​។ ឯ​ពលរដ្ឋ​ក្រុង​សិរីសោភ័ណ មិនទាន់​ទទួលបាន​ទឹក​នោះ​មួយ​តំណក់​នៅឡើយ​ទេ ហើយ​ឮ​មន្ត្រី​និយាយ​ប្រតិបត្តិ​ការបូមទឹក​នោះ នឹង​បញ្ឈប់​ក្នុងពេល​ឆាប់ៗ​នេះ​ទៀត​។​
 
 លោក​ឡុង ពុន អភិបាលស្រុក​មង្គល​បូរី​ប្រាប់​គេហទំព័រ CEN ថ្ងៃទី​១១​ឧសភា​ថា ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ស្ទឹង​មង្គល​បូរី​ដែល​ដាច់​ទឹកបាន​ទឹក​បរិភោគ និង​ទឹក​ប្រើប្រាស​វិញ ដែល​ជាការ​អនុវត្តតាម​ការណែនាំ​របស់លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន និង​ថ្នាក់ដឹកនាំ​ខេត្ត គឺ​២​ដំណាក់កាល ៖ ទី​១-​ទឹក​ដែល​មន្ត្រី​ក្រុមការងារ​អាជ្ញាធរ​ដែន​ដី សហការ​នឹង​ក្រុមហ៊ុន​ទឹកស្អាត​មង្គល​បូរី និង​ពលរដ្ឋ​នៅ​ស្រុក​មង្គល​បូរី និង​ស្រុក​ប​វេ​ល​បាន​ទៅ​កាយ​បង្ហូរទឹក​សេសសល់​ពី​ខ្សែទឹក​ខាងលើ តាំងពី​ចុងខែ​មេសា និង​ទី​២-​ទឹក ដែល​ក្រសួង​ធនធានទឹក​និង​ឧតុនិយម សហការ​នឹង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​បាត់ដំបង បូម​ពី​អាង​កំពីងពួយ​ឡើង​បញ្ច្រាស​តាម​ប្រឡាយ​អូរ​ដូន​ពៅ​រួច​ទម្លាក់​ចូល​ស្ទឹង​ប​វេ​ល កាលពី​យប់​ថ្ងៃទី​២៨​ខែមេសា ហើយ​ហូរ​ដល់​ស្ទឹង​មង្គល​បូរី​នៅ​ឃុំ​សឿ​ព្រំប្រទល់​ស្រុក​មង្គល​បូរី​កាលពី​ថ្ងៃទី​៥​ឧសភា ហើយក​ដល់​ចំណុច​សំណង់​ពោធិ៍​២​ដើម នៅ​ឃុំ​រហាត់ទឹក កាលពី​ថ្ងៃទី​៧​ឧសភា ។ នោះ​មកពី​ទឹក​ដែល​បូម​ពី​អាង​កំពីងពួយ ត្រូវ​បែងចែក​មួយចំណែក​ធំ​ទៅ​ស្ទឹង​ថ្មគោល​ស្រុក​ថ្មគោល​ផងដែរ​។​
  
ចំពោះ​ឃុំ​បត់​ត្រង់​និង​ឃុំ​ឬ​ស្សី​ក្រោក មិនទាន់​ទទួលបាន​ទឹក​នេះ​នៅឡើយ​ទេ ព្រោះ​ធារទឹក​តិច ហើយ​ល្បឿន​ហូរ​ក៏​យឺតៗ ហើយ​ត្រង់​សំណង់​ត្រូវដាក់​ម៉ាស៊ីន​បូម ព្រោះ​ទឹក​ស្ថិតនៅ​ទាប​ជាង​ទ្វារ​ទឹក​នៅឡើយ​។​
 
  រីឯ​បណ្តា​ឃុំ​នៅ​ប៉ែក​ខាងក្រោម​នៃ​ដងស្ទឹង​មង្គល​បូរី ដូចជា​ឃុំ​ឬ​ស្សី​ក្រោក គយ​ម៉ែង ស្រះ​រាំង តា​ឡំ សំបួរ​នៅតែ​ពុំមាន​ទឹក​នោះ​នៅឡើយ​ទេ​។​
 
  លោក​ឡុង ពុន  បាន​ជួបនឹង​មន្ត្រី​ធនធានទឹកៗ ហើយ​ប្រាប់​លោក​ថា ប្រតិបត្តិ​ការបូមទឹក​ពី​អាង​កំពីងពួយ​នឹង​បញ្ឈប់​នៅ​យ៉ាងយូរ​១​សប្តាហ៍​ទៀត​។ ដូច្នេះ​ពលរដ្ឋ​ស្រុក​មង្គល​បូរី​នឹង​អត់​ទឹក​ប្រើប្រាស​ឡើងវិញ​។​
 
  បើសិនជា​ដូច្នេះ ក្នុងនាម​អាជ្ញាធរ​និង​ពលរដ្ឋ លោក​សូម​សំណូមពរ​ដល់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​កុំអាល​បញ្ឈប់ ព្រោះ​ទឹក​ពី​អាង​កំពីងពួយ​ទើបបាន​ដល់ដៃ​ពលរដ្ឋ​ស្រុក​មង្គល​បូរី ប្រើប្រាស​តិចតួច​ប៉ុណ្ណោះ​។​
 
ឯ​ទឹកបាន​ប្រើប្រាស​មុននេះ គឺ​អាជ្ញាធរ សេវា​ទឹកស្អាត​និង​ពលរដ្ឋ​ដោះស្រាយ​ខ្លួនឯង​ទេ មិនមែន​ក្រសួង​ធនធានទឹក​ឡើយ​។​
  
 ហើយ​ទឹក​បូម​ពី​អាង​ត្រូវ​ផ្អាក​មែន អ្វីដែល​មន្ត្រី​ថ្នាក់់ដឹកនាំ​បាន​ប្រាប់​ពលរដ្ឋ​រាប់ពាន់​ម៉ឺន​នាក់​ក្នុង​យុទ្ធនា​ការស្តារ និង​សម្អាត​បរិស្ថាន ស្ទឹង​សិរីសោភ័ណ​កន្លងមក និង​ពេលនេះ​ថា​ចាំ​ទទួល​ទឹក​ពី​អាង​កំពីងពួយ​នោះ នឹង​ក្លាយជា​សំដី​ខ្យល់ គ្មាន​ន័យ ហើយ​ពលរដ្ឋ​ក៏​អស់ជំនឿ​ទៀត​ដែរ​។​

    រីឯ​លោក​រស់ សំអាង​និង​លោក​សាយ ញឹ​ប  ម្ចាស់​សេវា​ផលិត​ទឹកស្អាត​មង្គល​បូរី​និយាយប្រាប់​គេហទំព័រ​ស៊ី​អ៊ី​អិន​ថ្ងៃទី​១១​ឧសភា​ថា​: ពលរដ្ឋ​ជាង​៣.១០០​គ្រួសារ​នៅ​ឃុំ​ឬ​ស្សី​ក្រោក និង​ផ្នែក​ខ្លះ​នៃ​ឃុំ​គយ​ម៉ែង និង​ឃុំ​បន្ទាយ​នាង ដែល​ប្រើ​សេវា​ទឹកស្អាត​ខ្លួន​ទើប​ទទួលបាន​ទឹក​ផ្គត់ផ្គង់​វិញ កាលពី​ថ្ងៃទី​១​ឧសភា ពោលគឺ​ក្រោយ​ដាច់ទឹក​អស់​ជាង​កន្លះ​ខែ​មុន​។​
 
  លោក​និយាយ​បន្តថា​:​ទឹក​ដែលមាន​ឡើងវិញ​នេះ គឺ​ដោយសារ​បាន​កាយ​ចង្អូរ​ប្រឡាយ​ក្នុង​ស្ទឹង ហើយ​បរិមាណ​ធារទឹក​ក៏​តិចតួច​ដែរ​។​
  ម្យ៉ាង​ទឹក​បង្ហូរ​បានមក​នោះ ត្រូវ​បែង​ចែកជូន​ពលរដ្ឋរ​ស់​នៅ​បណ្តោយ​ដងស្ទឹង​ដង ឬ​បូម​យក​ប្រើប្រាស​មួយចំនួនធំ​។ រីឯ​ទឹក​ហូរ​ដល់​ស្ថានីយ៍​បូមទឹក​ទៅ​ផលិត​ទឹកស្អាត​នៅ​ទំនប់​ស្ពាន​រថភ្លើង​ឬ​ម៉ាស៊ីន​សូ​រ៉ា​ប៉ា ឃុំ​ឬ​ស្សី​ក្រោក គឺ​ហូរ​តិចតួច​ណាស់​។​
    ចំណែក​នៅ​ចំណុច​ទំនប់​វត្ត​កោះ​កែវ​គ្មាន​ទឹក​ទេ​។​
  
  លោក​បន្តថា :​ក្នុង​ពោះ​នៃ​ដងស្ទឹង​មង្គល​បូរី ផ្នែក​ខាងក្រោម​នាបច្ចុប្បន្ន បន្ត​ក្លាយជា​កន្លែង​ដី​ប្រេះ​ក្រហែង ហើយ​ក្មេង​និង​អ្នកស្រុក​នាំគ្នា​គាស់​និង​រត់​លេង​។​
  
  ឯ​កន្លែង​មានទឹក​ហូរ​វិញ​អ្នកស្រុក​និង​ក្មេងៗ នាំគ្នា​សាទរ សប្បាយ​ក្អាកក្អាយ​ដូច​បាន​រស់​ជាថ្មី​ឡើងវិញ ។​
  
  លោក​រស់ សំអាង​និង​លោក​សាយ ញ៉ឹ​ប ថ្លែងអំណរគុណ​ចំពោះ​ការដឹកនាំ សម្របសម្រួល​និង​ដោះស្រាយ​ទឹក​ជូន​ពលរដ្ឋ​នេះ ពី​សំណាក់​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន លោក​ទេសរដ្ឋមន្ត្រី​លឹម គានហោ លោក​អភិបាល អភិបាលរង​ខេត្ត​និង​មន្ត្រី​ពាក់ព័ន្ធ​ព្រមទាំង​ពលរដ្ឋ​។​
   ហើយក៏​ព្រួយបារម្ភ​ដូចដែល​មន្ត្រី​ធនធានទឹក​ប្រាប់​លោក​ថា ក្រសួង​នឹង​ផ្អាក​បូមទឹក​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​
 
  ចំណែក​មន្ត្រី ពលរដ្ឋ​នៅ​ក្រុង​សិរីសោភ័ណ និយាយ​ថ្ងៃទី​១០​ឧសភា​ថា​: បុព្វហេតុ​មួយ​ដែល​ក្រសួង​ធនធានទឹក ត្រូវ​បូមទឹក​ពី​អាង​កំពីងពួយ​ខេត្តបាត់ដំបង ទម្លាក់​ចូល​ស្ទឹង​មង្គល​បូរី គឺ​សំខាន់​ក្នុង​បំណង​បូម​បញ្ជូន​ទឹក​នេះ តាម​ប្រឡាយ​ទម្លាក់​បន្តទៅ​ស្ទឹង​សិរីសោភ័ណ ដើម្បី​រោងចក្រ​ផ្គត់ផ្គង់​ទឹកស្អាត​បន្ទាយមានជ័យ​ផលិត​ទឹកស្អាត​ផង និង​អោយ​ពលរដ្ឋ​យកទៅ​ប្រើប្រាស​ផង ព្រោះ​ក្រុង​នោះ​ប្រឈម​ខ្វះខាត​ខ្លាំង​។​
 
  ប៉ុន្តែ​ទឹក​ពី​អាង​កំពីងពួយ​នោះ មិនទាន់​ហូរ​បាន​មួយ​តំណក់​ដល់​ស្ទឹង​សិរីសោភ័ណ​នៅឡើយ​។ ដូច្នេះ​សូម​បូម​បន្ត ព្រោះថា ស្ទឹង​នេះ​មានទឹក​ប្រើប្រាស​បណ្តោះអាសន្ន​វិញ ដោយសារ​ទឹក​ដែក​បូម​ពី​ស្ទឹងតូច​នៅ​កណ្តោល​ជាយ​ខាងលិច ក្រុង​សិរីសោភ័ណ​ប៉ុណ្ណោះ ហើយ​ទឹក​នោះ​ក៏មាន​មិន​ច្រើន​ដែរ​៕

បារម្ភ​ការផ្អាក​បូមទឹក​ពី​អាង​កំពីងពួយ ៖ មង្គល​បូរី​ទើប​ទទួល​ទឹក​បូម​នោះ​ខ្លះៗ តែ​សិរីសោភ័ណ អត់​ទាន់​ទទួលបាន​មួយ​តំណក់​ទេ​!

បារម្ភ​ការផ្អាក​បូមទឹក​ពី​អាង​កំពីងពួយ ៖ មង្គល​បូរី​ទើប​ទទួល​ទឹក​បូម​នោះ​ខ្លះៗ តែ​សិរីសោភ័ណ អត់​ទាន់​ទទួលបាន​មួយ​តំណក់​ទេ​!

បារម្ភ​ការផ្អាក​បូមទឹក​ពី​អាង​កំពីងពួយ ៖ មង្គល​បូរី​ទើប​ទទួល​ទឹក​បូម​នោះ​ខ្លះៗ តែ​សិរីសោភ័ណ អត់​ទាន់​ទទួលបាន​មួយ​តំណក់​ទេ​!

បារម្ភ​ការផ្អាក​បូមទឹក​ពី​អាង​កំពីងពួយ ៖ មង្គល​បូរី​ទើប​ទទួល​ទឹក​បូម​នោះ​ខ្លះៗ តែ​សិរីសោភ័ណ អត់​ទាន់​ទទួលបាន​មួយ​តំណក់​ទេ​!

បារម្ភ​ការផ្អាក​បូមទឹក​ពី​អាង​កំពីងពួយ ៖ មង្គល​បូរី​ទើប​ទទួល​ទឹក​បូម​នោះ​ខ្លះៗ តែ​សិរីសោភ័ណ អត់​ទាន់​ទទួលបាន​មួយ​តំណក់​ទេ​!

បារម្ភ​ការផ្អាក​បូមទឹក​ពី​អាង​កំពីងពួយ ៖ មង្គល​បូរី​ទើប​ទទួល​ទឹក​បូម​នោះ​ខ្លះៗ តែ​សិរីសោភ័ណ អត់​ទាន់​ទទួលបាន​មួយ​តំណក់​ទេ​!