ទំនិញគេចពន្ធ​ចូល​តាម​ច្រក​ព្រលានយន្តហោះ​ខេត្តសៀមរាប ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ព្រលានយន្តហោះ​ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ចាត់វិធានការ​ទប់ស្កាត់​ទ​ងើ្វ​មិន​ប្រក្រតី​របស់លោក គង់ ផល្លា​គុណ ប្រធានការិយាល័យ​គយ​ព្រលានយន្តហោះ​ខេត្តសៀមរាប ជាបន្ទាន់​។ ដោយហេតុថា រហូតមកដល់​ពេលនេះ​លោក គង់ ផល្លា​គុណ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ជាក់ស្តែង​ថ្មីៗ​កន្លងទៅនេះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បង្ក្រាប​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​ព្រលានយន្តហោះ​ខេត្តសៀមរាប ជា​បន្តបន្ទាប់​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ព្រលានយន្តហោះ​ខេត្តសៀមរាប មានដូចជា ទូរស័ព្ទដៃ​ទំនើបៗ គ្រឿងបន្លាស់​ទូរស័ព្ទ គ្រឿងសម្អាង គ្រឿងអលង្ការ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​។ ទំនិញ​ទាំងនោះ​សុទ្ធតែជា​ប្រភេទ​ទំនិញ​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់ ប៉ុន្តែ​ឈ្មួញ​អាច​នាំចូល​តាម​ព្រលានយន្តហោះ​ខេត្តសៀមរាប យ៉ាង​រលូន​ដោយសារតែ​មានការ​ឃុបឃិត​ជាមួយ​លោក គង់ ផល្លា​គុណ និង​មន្ត្រី​គយ​ចល័ត​ផងដែរ​។ កាលពីពេល​ថ្មីៗ​នេះ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បង្ក្រាប​ទំនិញគេចពន្ធ​ដែល​ឈ្មួញ​នាំចូល​តាម​ព្រលានយន្តហោះ​ខេត្តសៀមរាប មានតម្លៃ​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លារ​។ ឈ្មួញ​មួយចំនួន​បាន​បញ្ជាក់ថា ការដែល​ពួកគេ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ចូល​តាម​ព្រលានយន្តហោះ​ខេត្តសៀមរាប គឺ​ដោយសារ​ច្រក​នេះ​ត្រូវ​បង់លុយ​តិចជាង​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។

​បើទោះបី​លោក គង់ ផល្លា​គុណ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ព្រលានយន្តហោះ​ខេត្តសៀមរាប ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក៏ដោយ ក៏​រហូតមក​ដល់ពេលនេះ​មិនទាន់​ឃើញ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនទាន់​ចាត់វិធានការ​លើ​មន្ត្រី​រូបនេះ​នៅឡើយ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​នៅតែ​បន្ត​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ព្រលានយន្តហោះ​ខេត្តសៀមរាប ស្រេច​តែ​អំពើ​ចិត្ត​ហើយ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​។ រឿងរ៉ាវ​ខាងលើនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរពិនិត្យមើល​ផងដែរ ព្រោះ​សព្វថ្ងៃ​ទំនិញគេចពន្ធ​ចូល​តាម​ច្រក​ព្រលានយន្តហោះ​ខេត្តសៀមរាប ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​កាន់តែច្រើន​៕

ST-054លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ WAT-100518 WAT-100519