បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​នៅ​ស្រុក​ព្រែក​ប្រសព្វ កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៤៧ ឃុំ​ព្រែក​ប្រសព្វ មានឈ្មោះ សំណាង និង​មេការ​ឈ្មោះ ភ័ក្ត្រ យក​គ្រឿងចក្រ​មក​ឈូសឆាយ​ព្រៃ​នៅក្នុង​តំបន់​ព្រៃ​ការពារ​យ៉ាង​អនាធិបតេយ្យ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ដូចជា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ក៏ដូចជា​មន្ត្រី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ឈ្មោះ សំណាង ត្រូវបាន​គេ​ដឹងថា ជា​អ្នកមាន​លុយ និង​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​អាជ្ញាធរ ទើប​ហ៊ាន​ប្រើ​គ្រឿងចក្រ​បំផ្លាញ​តំបន់​គម្រប​ព្រៃ​ការពារ​យ៉ាង​គឃ្លើន​។

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ព្រែក​ប្រសព្វ មិន​ចាត់វិធានការ​ទប់ស្កាត់​សកម្មភាព​អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​តំបន់​គម្រប​ព្រៃ​ការពារ​នោះទេ​។ ហេតុនេះហើយ​ទើប​អ្នកមាន​លុយ អ្នកមានអំណាច អាច​ប្រើ​គ្រឿងចក្រ​បំផ្លាញ​ព្រៃឈើ កាប់ឆ្ការ​ព្រៃ ហ៊ុមព័ទ្ធ​យក​ដី ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ បន្ទាប់មក​អ្នកមាន​លុយ អ្នកមានអំណាច បាន​យក​ដី​នោះ​ដាំដំឡូង​មី​ដោយ​គេ​ចាត់ទុកថា​ជា​ដី​ដែល​គេ​កាន់កាប់​ស្របច្បាប់​។ បញ្ហា​នេះ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​អភិបាលស្រុក​ព្រែក​ប្រសព្វ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​។

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ព្រែក​ប្រសព្វ បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ភាពហិនហោច​នៃ​គម្រប​ព្រៃ​ការពារ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ព្រោះ​អ្នកមាន​លុយ អ្នកមានអំណាច កំពុង​ប្រើ​គ្រឿងចក្រ​បំផ្លាញ​ព្រៃ​ហ៊ុមព័ទ្ធ​យក​ដី​ជា​បន្តបន្ទាប់​។ មានការ​រិះគន់​ចំៗ​ថា លោក អ៊ី ស៊ីណា​ង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ មិន​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ និង​ទប់ស្កាត់​បទល្មើស​នោះទេ ហើយ​តែងតែ​ឆ្លើយ​យករួចខ្លួន​ក្រោយពេល​បទល្មើស​កើតឡើង​។ បញ្ហា​នេះ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ គួរពិនិត្យមើល​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ឈ្មួញ អ្នកមាន​លុយ អ្នកមានអំណាច កំពុង​ទន្ទ្រាន​កាន់កាប់​តំបន់​គម្រប​ព្រៃ​ការពារ​ស្រុក​ព្រែក​ប្រសព្វ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដោយសារតែ​មន្ត្រី​ជំនាញ​មិន​បង្ក្រាប​បទល្មើស​៕

S-148លោក សរ ចំរ៉ុង អភិបាលខេត្តក្រចេះ a-k-track-500x258