ជញ្ជីង​ថ្លឹង​រថយន្ត​ទូទាំង​ខេត្តកណ្ដាល គឺជា​ប្រភព​ចំណូល​ដ៏​ធំ​របស់លោក ម៉ឹង យូ​ឡេង

មន្ត្រីរាជការ​ក្នុង​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល កំពុង​សប្បាយ​ក្នុងការ​ប្រមូល​លុយ​ពី​ជញ្ជីង​ថ្លឹង​រថយន្ត​តាមផ្លូវ​ជាតិ​នានា​ដូចជា ផ្លូវជាតិ​លេខ​១ លេខ​២ លេខ​៣ លេខ​២១​បេ និង​ផ្លូវជាតិ​មួយចំនួនទៀត​។ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល មិន​ខ្វល់​ពី​រឿង​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ទម្ងន់​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ខូច​ស្ពាន​នោះទេ គឺ​ពួកគេ​គិ​តែ​ពី​រឿ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​លោក ស៊ុន ចាន់ថុល ដែល​ទើប​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជំនួស​លោក ត្រាំ អ៊ីវតឹក កាលពីពេល​ថ្មី​នេះ គួរ​ចាត់វិធានការ​ត្រួតពិនិត្យ​ផងដែរ ព្រោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ខេត្តកណ្ដាល ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​។

​ក្នុងចំណោម​ស្ថានីយ៍​ថ្លឹង​រថយន្ត​ក្នុង​ខេត្តកណ្ដាល គឺ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ចំណុច​ភូមិ​កំពង់ទួល ស្រុក​កណ្ដាលស្ទឹង ធ្វើ​សកម្ម​ភាពមិន​ខុសពី​កុងត្រូលជជុះ​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ឈ្មួញ អាជីវករ រកស៊ី​ដឹកជញ្ជូន​ទំនិញ ដឹកជញ្ជូន​កសិផល និង​ម្ចាស់​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់​ថ្ម ក្ដៅក្រហាយ​យ៉ាងខ្លាំង​។ ដោយហេតុថា បើទោះបី​ពួកគេ​ដឹកជញ្ជូន​ទំនិញ​មិន​លើស​ទម្ងន់ និង​ដឹកជញ្ជូន​ទំនិញ​តាម​រថយន្ត​តូចៗ ក៏​ចៀស​មិន​ផុតពី​ត្រូវ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ក្នុងភូមិ​កំពង់ទួល​ដែរ​។ មិនតែប៉ុណ្ណោះ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ បាន​ពង្រាយ​កម្លាំង​គ្រប់​ច្រកល្ហក់ ដើម្បី​តាម​ជំរិត​យកលុយ​ពី​រថយន្ត​ដឹក​ដី ខ្សាច់​ថ្ម ដែល​បើកបរ​នៅលើ​ផ្លូវលំ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា លោក ម៉ឹង យូ​ឡេង និង​លោក ជួរ ឈុន​ឡេង ដែលជា​ប្រធាន និង​អនុប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល កំពុង​សប្បាយ​ក្នុងការ​ប្រមូល​ផលប្រយោជន៍​ពី​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ទូទាំង​ខេត្តកណ្ដាល​។ ឈ្មួញ​និង​អាជីវករ​បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ ពិនិត្យមើល​សកម្មភាព​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ក្នុងភូមិ​កំពង់ទួល ស្រុក​កណ្ដាលស្ទឹង​ជាបន្ទាន់ ព្រោះ​ក្រុម​នោះ​មិនដែល​បង្ក្រាប​រថយន្ត​ធំៗ​ដឹកទំនិញ​លើស​ទម្ងន់​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ ផ្ទុយទៅវិញ​ពួកគេ​ចាំ​យកលុយ​ពី​ម្ចាស់​រថយន្ត​ទាំងនោះ​តាមរបៀប​កុងត្រូលជជុះ ហើយ​សូម្បីតែ​រថយន្ត​ដឹកទំនិញ​តូចៗ​ក៏ត្រូវ​បង់លុយ​ឲ្យ​ក្រុម​ជញ្ជីង​លើផ្លូវ​ជាតិ​លេខ​៣​នោះដែរ​។ មានការ​រិះគន់ថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៣ ធ្វើ​សកម្មភាព​ដូច​កុងត្រូលជជុះ​សុទ្ធសាធ ហើយ​ពួកគេ​ប្រមូល​លុយ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​៕

ម៉ឹង-យូឡេង-420x288លោក ម៉ឹង យូឡេង ប្រធានសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល WAT-060115