តុលាការ​កំពូល ​កាត់ទោស​បុរស​ម្នាក់ ​ករណី​នាំ​ក្មេង​អត់​គ្រប់​អាយុ​ឲ្យ​ជនបរទេស​រួមភេទ​

តុលាការ​កំពូល ​កាត់ទោស​បុរស​ម្នាក់ ​ករណី​នាំ​ក្មេង​អត់​គ្រប់​អាយុ​ឲ្យ​ជនបរទេស​រួមភេទ​



ភ្នំពេញ ៖ តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ បាន​កាត់ទោស​បុរស​ម្នាក់​ ជាប់​ចោទ​ពី​បទ​សញ្ចារកម្ម​ មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ជនរងគ្រោះ ពាក់ព័ន្ធ​ការ​អូស​ទាញ​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​២​នាក់​ឲ្យ​រួមភេទ​ជាមួយ​ជនបរទេស។

មន្ត្រី​តុលាការ​កំពូល​ថ្លែង​ថា ជនជាប់ចោទ​ឈ្មោះ ទេព ចាន់​បូ អាយុ​៣៤​ឆ្នាំ ត្រូវ​បាន​សាលា​ឧទ្ធរណ៍ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​៨​ឆ្នាំ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៣ នៅ​ចំណុច​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ។ ប៉ុន្តែ​ការសម្រេច​នេះ ជនជាប់ចោទ​បាន​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល។

ប្រភព​ព័ត៌មាន​បញ្ជាក់​ថា ឈ្មោះ ទេព ចាន់​បូ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០១៣ នៅ​ចំណុច​ភោជនីយដ្ឋាន​ហាន​នី ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូនពេញ ខណៈ​កំពុង​ប្រគល់​ក្មេង​ស្រី​២​នាក់​ឲ្យ​ជនបរទេស​ម្នាក់ ឈ្មោះ ប៉ូ។

នៅ​ក្នុង​សវនាការ ជនជាប់ចោទ​បាន​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​មែន គ្រាន់តែ​សំណូមពរ​ឲ្យ​តុលាការ​ជួយ​បន្ធូរបន្ថយ​ទោស​ប៉ុណ្ណោះ។ ទោះ​បី​យ៉ាង​ណា ក្រោយ​ការ​សួរ​ដេញ​ដោល លោកស្រី​ចៅក្រម គិ​ម ស​ត្ថា​វី បាន​លើក​ពេល​ប្រកាស​សាលដីកា​ទៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៦ ខាងមុខនេះ​វិញ៕