ចាប់​យក​សាច់​សត្វព្រៃ​តាម​ទីផ្សារ ចាប់​មិន​ចេះ​អស់

ចាប់​យក​សាច់​សត្វព្រៃ​តាម​ទីផ្សារ ចាប់​មិន​ចេះ​អស់



ខេត្ត​រតនគីរី ៖ សាច់សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ដែល​ដាក់​លក់​នៅ​ក្នុង​ផ្សារ​បាន​លុង និង​ក្នុងភូមិ​ជ​យ័​ជំនះ ជុំវិញ​បរិវេណ​ផ្សារ​ក្រុង​បាន​លុង ត្រូវ​បាន​កម្លាំង​ក្រុម​អន្តរា​គន៍​បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត នៃ​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ រួម​ទាំង​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ផង​ដែរ បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​រុករក​ឃើញ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ឧសភា រឹបអូស​បាន​សាច់សត្វ​ព្រៃ​ពីរ​បី​ប្រភេទ ។

ម​ន្រី្ត​ដែល​ចុះ​បង្ក្រាប ផ្ទាល់​បាន​ប្រាប់​ថា សាច់សត្វ​ព្រៃ​ដែល​បង្ក្រាប​បាន​នោះ រួម​មាន​សាច់​ជ្រូកព្រៃ​នៅ​ស្រស់​ចំនួន​២៥​គីឡូក្រាម សាច់​ឈ្លូស​ស្រស់​ចំនួន​៣១​គីឡូក្រាម សាច់សត្វ​ត្រ​គួ​ត​ស្រស់​ចំនួន​៣.៨​គីឡូក្រាម និង​សត្វ​អារ​ញី​គ្រៀម មួយ​ក្បាល​ផង​ដែរ ។ ប៉ុន្តែ​ពេលធ្វើការ​បង្ក្រាប​ចាប់​បាន​វត្ថុ​តាង​នោះ មន្ត្រី​សមត្ថកិច្ច​បានប្រាប់​ថា រឹបអូស​យក​តែ​សាច់សត្វ​ទាំងនោះ​ទេ​មិន​បាន​ឃាត់ខ្លួន​អ្នកលក់​សាច់សត្វ​នេះ ឡើយ ដោយ​រក​មិនឃើញ​មាន​អ្នក​ទទួលខុសត្រូវ​។

ការ​ចុះ​បង្ក្រាប​បែប នេះ មិនមែន​ជា​ការ​ចាប់ផ្តើម​ធ្វើ​នោះ​ទេ គឺ​ធ្វើ​ឡើង​រាប់​សិប​ដង​មក​ហើយ ឯ​លទ្ធផល​វិញ បាន​ត្រឹមតែ​យក​សាច់សត្វ​ដែល​បាន​រឹបអូស​ដុត​ចោល​តែ​ប៉ុណ្ណោះ និង​ហៅ​អាជីវករ​ជា​ម្ចាស់​សាច់សត្វ​នោះ​មក​ធ្វើ​កំណត់ហេតុ​ផាកពិន័យ ណែនាំ​ឲ្យ​បញ្ឈប់​រកស៊ី​មុខ​របប​នេះ ។ ប៉ុន្តែ​តាម​ការ​កត់សម្គាល់​អាជីវករ​ទាំងនោះ មិន​រាងចាល​ទេ មិន​ខុស​ពី​វែក​ចក​នោះ​ឡើយ ពោល​គឺ​ក្រុមការងារ​ចេញពី​ផ្សារ​មិន​ទាន់​ផុត​ផង គេ​ដាក់​សាច់សត្វ​ព្រៃ​គ្រប់​ប្រភេទ​លក់​ពាសពេញ​ផ្សារ​ដដែល ដោយសារ​អាជីវករ​ទាំងនោះ​បាន​ត្រូវរ៉ូវ​ជាមួយ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​នោះ អស់ហើយ ។ គឺ​ចាប់​យក​ទៅ​ក្លែម​ចុះ កុំ​តែ​ចាប់​ម្ចាស់ ។

ជាក់ស្តែង ការ​ចុះ​បង្ក្រាប​ថ្ងៃនេះ ចាប់​បាន​តែ​សាច់សត្វ​ព្រៃ ឯ​មនុស្ស​គេចខ្លួន​អស់ ប្រហែលជា​សមត្ថកិច្ច​មូលដ្ឋាន​ជា​អ្នក​ផ្តល់​ដំណឹង​ឲ្យ​រត់ និង​ខ្លះ​ទៀត​យក​សាច់សត្វ​លាក់​អស់់ នៅ​សេសសល់​តិចតួច​យក​លាក់​មិន​ទាន់ ចាប់​យក​ទៅ​ចុះ ។

មានការ​កត់​សម្គាល់ថា អាជីវករ​លក់​សាច់សត្វ​ព្រៃ​ខុសច្បាប់​ទាំងនេះ ភាគច្រើន​ជា​ប្រពន្ធ​មេ​ៗ​ទាហាន និង​ប៉ូលិស ។ ជាមួយនឹង​ការ​ដាក់​លក់​ក្នុង​ផ្សារ ក៏​នៅ​មាន​ហាង​ជា​ច្រើន​ទៀត មាន​លក់​សុទ្ធ​សឹង​ម្ហូប​សាច់សត្វ​ព្រៃ​គ្រប់​ប្រភេទ មិនឃើញ​សមត្ថកិច្ច​បង្ក្រាប​នោះ​ឡើយ ។

អីចឹង​ហើយ បានជា​នៅ​ខេត្ត​រតនគីរី​អស់​ព្រៃ អស់សត្វ​ដែរ ។ សត្វ​ដែល​អត់​ព្រៃ​ជ្រក ត្រូវ​ព្រានព្រៃ​ដែល​មាន​កាំភ្លើង​តាម​បាញ់ប្រហារ កាប់​សាច់​លក់​ជា​សាធារណៈ តាម​ទីផ្សារ ៕