ពលរដ្ឋ​៣៤​គ្រួសារ​នៅ​ខេត្ត​ពោធិ៍សាត់​បារម្ភ​ខ្លាច​ក្រុមហ៊ុន​យក​ដី​ពួកគាត់

ពលរដ្ឋ​ចំនួន ៣៤​គ្រួសារ នៅ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ជាមួយ​ក្រុមហ៊ុន តូច ហៀវ ឲ្យ​បាន​ឆាប់។ ប៉ុន្តែ​អាជ្ញាធរ​ស្រុក​ភ្នំក្រវាញ បដិសេធ​ថា មិន​ដែល​ដឹង​ពលរដ្ឋ​ទាំង​នេះ​មាន​ដី​នៅ​ចំណុច​អំពួច នៃ​ឃុំ​ផ្ទះ​រុង តាំង​ពី​ពេល​ណា ហើយ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​យ៉ាង​ណា​នោះ​ទេ។

តំណាង​ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រៃ​កន្ទួត នៃ​ឃុំ​តាលោ ស្រុក​បាកាន និង​ភូមិ​ជ្រៃក្រឹម នៃ​ឃុំ​ផ្ទះរុង ស្រុក​ភ្នំក្រវាញ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ថា ក្រុមហ៊ុន តូច ហៀវ បាន​បោះ​បង្គោល និង​បាញ់​ថ្នាំ​ក្រហម​នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០១៦ ដើម្បី​កំណត់​ព្រំ​បណ្ដាល​ឲ្យ​ប៉ះពាល់​លើ​ដី​ចម្ការ​ជាង ១១៣​ហិកតារ​នៅ​​ចំណុច​អំពួច ដែល​ជា​ដី​របស់​ពួកគាត់​បាន​ចូល​កាន់កាប់ និង​អាស្រ័យផល​តាំង​ពី​អំឡុង​ឆ្នាំ​២០០០។

ពលរដ្ឋ​ម្នាក់ លោក យ៉ែម ម៉េង មាន​ប្រសាសន៍​ថា រូប​លោក និង​ពលរដ្ឋ​ជា​ច្រើន​ទៀត​ចង់​ឲ្យ​អាជ្ញាធរ​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ឲ្យ​បាន​ឆាប់ បើ​មិន​ដូច្នោះ​ទេ ពួកគាត់​នឹង​ជួប​បញ្ហា​ជីវភាព​កាន់​តែ​ខ្លាំង ព្រោះ​ពលរដ្ឋ​ពឹង​លើ​ដីធ្លី​ធ្វើ​កសិកម្ម។ លោក​ថា ក្នុង​ចំណោម​ពលរដ្ឋ ៣៤​គ្រួសារ មាន​ពលរដ្ឋ​ពីរ ឬ​បី​គ្រួសារ​ដែល​មាន​លិខិត​ស្នាម​កាន់កាប់​ដី​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ភូមិ និង​ឃុំ៖ «សូម​ឲ្យ​ខាង​លោកគ្រូ (វិទ្យុ​អាស៊ីសេរី)ផ្សព្វផ្សាយ​បន្ត​ថា ឲ្យ (អាជ្ញាធរ)ជួយ​ដោះស្រាយ​គ្រួសារ​ដែល​មាន​ដី​នៅ​ចំណុច​អំពួច​ហ្នឹង វេទនា​ណាស់! ព្រោះ​ដី​អាស្រ័យ​ផល​ហើយ តែ​ឥឡូវ​ហ្នឹង​ខាង​ក្រុមហ៊ុន​បាញ់​ថ្នាំ​យក​អ៊ីចឹង​ប្រជា​ពលរដ្ឋ​មាន​ការ​ភិតភ័យ»

ទាក់ទង​បញ្ហា​នេះ​អភិបាល​ស្រុក​ភ្នំក្រវាញ លោក សូរ សាហុង ថា លោក​នឹង​ចុះ​ស្រាវជ្រាវ​លើ​ពលរដ្ឋ​ដែល​អះអាង​ថា មាន​ដី​នៅ​ចំណុច​អំពួច ប៉ុន្តែ​កន្លង​ទៅ​លោក​មិន​ដែល​ឃើញ​មាន​ពលរដ្ឋ​តវ៉ា​ទាមទារ​ដី​នៅ​ចំណុច​នេះ​ទេ។ លោក​ថា អាជ្ញាធរ​នឹង​ដោះស្រាយ​គ្រប់​បញ្ហា​ជា​បន្តបន្ទាប់ ប៉ុន្ដែ​ពេល​នេះ​អាជ្ញាធរ និង​ជំនាញ​សុរិយោដី យក​ករណី​ពលរដ្ឋ​ចំនួន ៤៦​គ្រួសារ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ជា​យូរ​មក​ហើយ​នោះ​ មក​ដោះស្រាយ​សិន៖ «អត់​ដែល​ដឹង ព្រោះ​អត់​ដែល​មាន​ឃើញ​ការ​តវ៉ា ហើយ​ក៏​អត់​ដែល​ឮ​ថា មាន​រឿង​ហ្នឹង​កើត​ឡើង។ អា​ហ្នឹង​ទាល់តែ​ចុះ​ពិនិត្យ​ជាក់​ស្ដែង​សិន បើ​ឲ្យ​និយាយ​ឥឡូវ មិន​ទាន់​និយាយ​កើត ព្រោះ​អត់​ដឹង​រឿង»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC)​ ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា យល់​ថា ដើម្បី​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដ៏​ចម្រូងចម្រាស​នេះ គឺ​អាជ្ញាធរ និង​ពលរដ្ឋ​ដែល​មាន​ផល​ប៉ះពាល់​ទាំង​អស់​ត្រូវ​ជួប​ពិភាក្សា និង​រក​ដំណោះស្រាយ​ជាមួយ​គ្នា​ផ្ទាល់៖ «ខាង​ជំនាញ​ត្រូវ​កំណត់ ថា​តើ​ដី​ទាំង​អស់​អស់​ឲ្យ​ទៅ​ប្រជា​ពលរដ្ឋ ឬ​មួយ​ឲ្យ​ទៅ​ក្រុមហ៊ុន ហើយ​បើ​អត់​មាន​ដំណោះស្រាយ​ទេ ឬ​មាន​ការ​ជជែក​គ្នា​ទេ ខាង​ក្រុមហ៊ុន​ក៏​ធ្វើ​អី​អត់​បាន ខាង​ប្រជាពលរដ្ឋ​ធ្វើ​អី​អត់​បាន ហើយ​អ្នក​ដែល​មាន​ផល​ប៉ះពាល់ គឺ​ប្រជា​ពលរដ្ឋ»

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​តំណាង​ក្រុមហ៊ុន តូច ហៀវ ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល ដើម្បី​ដាំ​ដំណាំ​កសិកម្ម និង​ចិញ្ចឹម​សត្វ។ ប៉ុន្តែ​កន្លង​ទៅ​មាន​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ស្រុក​បាកាន និង​ស្រុក​ភ្នំក្រវាញ នៃ​ពោធិ៍សាត់ ចោទ​ក្រុមហ៊ុន​ថា បាន​ដក​ហូត​ដី​របស់​ពួកគាត់​ទៅ​ជួល​ឲ្យ​ក្រុម​ឈ្មួញ​ដំឡូង និង​ពលរដ្ឋ​មក​ពី​តំបន់​ឆ្ងាយៗ ដើម្បី​ដាំ​ដំឡូងមី​ទៅ​វិញ។

យ៉ាង​ណា​អភិបាល​ស្រុក​បាកាន និង​ស្រុក​ភ្នំក្រវាញ អះអាង​ថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សុរិយោដី នឹង​ចាប់​ផ្ដើម​ចុះ​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​អ្នក​ភូមិ​ជ្រៃក្រឹម ចំនួន ៤៦​គ្រួសារ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន ឋិត​នៅ​ចំណុច​ក្បែរ​ភូមិ​នោះ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦ ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។