ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី គ្រុប នឹង​ដំណើរការ​រោងចក្រ​ចំនួន​3​បន្ថែម​ទៀត​ក្នុងឆ្នាំនេះ

រាជធានី​ភ្នំពេញ ៖ ម៉ុង ឫ​ទ្ធី គ្រុប ដែល​ជា​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​ដ៏​ធំ​ប្រចាំ​ប្រទេស​កម្ពុជា ព្រមទាំង​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ទាំង​ផ្ទាល់ និង​ប្រយោល​ជាង​១​ម៉ឺន​នាក់​នោះ នឹង​ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ចំនួន​៣​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ។ ដូច្នេះ តម្រូវការ​កម្លាំង​ពលកម្ម​របស់​ក្រុមហ៊ុន​នឹង​កើនឡើង​បន្ត​ទៀត ដែល​អាច​ផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ច្រើន​ផង​ដែរ ។

លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫ​ទ្ធី អគ្គនាយក​ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី គ្រុប បាន​មាន​ប្រសាសន៍​ថា ៖ « រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន ម៉ុង ឫ​ទ្ធី គ្រុប បាន​ផ្ដល់​ការងារ​ទាំង​ផ្ទាល់ និង​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ជាង​១​ម៉ឺន​នាក់​ហើយ និង​ត្រូវការ​កម្លាំង​ពលកម្ម​បន្ថែម​ទៀត​សម្រាប់​សង្វា​ក់​ផលិតកម្ម​ដែល​បង្កើត​នៅ​ក្នុងឆ្នាំនេះ និង​ឆ្នាំ​ខាង​មុខ ។ យើង​អាច​ផ្ដល់​ការងារ​ទាំង​ផ្ទាល់ និង​ប្រយោល​សម្រាប់​ពេល​នេះ​លើស​ពី​១​ម៉ឺន​នាក់ ហើយ​នៅ​ពេល​ដែល​រោងចក្រ​ស្បែក​ដំណើរការ យើង​នឹង​ចាប់ផ្ដើម​ប្រើ​មនុស្ស​ចាប់ពី​១០០​នាក់ ទៅ​ដល់​១.០០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១៦ និង​ឆ្នាំ​២០១៧ ។ ចំណែក​រោងចក្រ​ផលិត​ចំណី​របស់​ក្រុមហ៊ុន ក៏​ត្រូវការ​មនុស្ស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែរ ក្នុង​នោះ​ពេល​ដែល​រោងចក្រ​កៅស៊ូ​ក្រែប​របស់​យើង​ដំណើរការ ក៏​យើង​ត្រូវការ​កម្លាំង​មនុស្ស​សម្រាប់​ធ្វើការ​ដែរ » ។

លោក​បន្ត​ថា ៖ « នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី គ្រុប នឹង​ដំណើរការ​រោងចក្រ​ចំនួន​៣​បន្ថែម​ទៀត គឺ​រោងចក្រ​កៅស៊ូ​ក្រែប ដែល​មាន​សមត្ថភាព​ផលិត​បាន​២​តោន​ក្នុង​១​ម៉ោង រោងចក្រ​កែ​ច្នៃ​ស្បែក និង​រោងចក្រ​ផលិត​ចំណី​សត្វ ។ ដូច្នេះ រោងចក្រ​ទាំង​៣​នេះ​នឹង​ផ្ដល់​ការងារ​ទាំង​ផ្ទាល់ និង​ប្រយោល​បាន​ច្រើន​ទៀត​ដល់​ប្រជាពលរដ្ឋ​កម្ពុជា»។

ដើម្បី​គាំទ្រ​ដល់​រោងចក្រ​ទាំង​បី​នេះ ប្រភព​សំខាន់​បំផុត​នោះ គឺ​ប្រភព​ទឹក ។ ទន្ទឹម​នឹង​នោះ​ដែរ ក្រុមហ៊ុន​ម៉ុង ឫ​ទ្ធី គ្រុប បាន​កសាង​ទំនប់​ទឹក​ដ៏​ធំ​មួយ​នៅ​ស្រុក​កែវ​ផុស ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​បណ្តោយ​ជាង​៣០០០​ម៉ែត្រ​អាច​ស្តុក​ទឹកបាន​ប្រមាណ​ជា​ជាង​៦០០.០០០​ម៉ែ​ត្រ​គូប ដើម្បី​ស្តុក​ទឹក​ទុក​ប្រើប្រាស់​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង​ស្រោច​ស្រព​ដំណាំ​ក្នុង​ចម្ការ ។ បើ​តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឫ​ទ្ធី គឺ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ក៏​អាច​យក​ទឹក​មក​ប្រើប្រាស់​បាន​ដែរ ដោយ​មិនមែន​កសាង​ទំនប់​សម្រាប់​តែ​ផ្គត់ផ្គង់​នៅ​ក្នុង​ក្រុមហ៊ុន​ឡើយ ។

លោក​បន្ថែម​ថា ៖ « គោលបំណង​សំខាន់​ដែល​លោក​កសាង​ទំនប់​ទឹក និង​បង្កើត​រោងចក្រ​នេះ គឺ​ដើម្បី​ពង្រីក​វិសាលភាព​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ពង្រីក​វិសាលភាព​ការងារ​ជូន​ប្រជាជន​ធ្វើ ដើម្បី​កុំឱ្យ​ប្រជាជន​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស » ។

គួរ​បញ្ជាក់​ថា ម៉ុង ឫ​ទ្ធី គ្រុប គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​កសិកម្ម​ដ៏​ធំ​មួយ​នៅ​កម្ពុជា ។ សព្វ​ថ្ងៃនេះ ក្រុមហ៊ុន​បាន​អភិវឌ្ឍន៍​ទៅ​លើ​ចម្ការ​ដូងប្រេង ដែល​ដាំ​បាន​នៅ​លើ​ផ្ទៃដី​ចំនួន​១៦.២០០​ហិ​កតា ដំណាំ​កៅស៊ូ​២.៥០០​ហិ​កតា កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង​ដំណាំ​ស្រូវ ។ ក្រុមហ៊ុន​ក៏​មាន​រោង​ម៉ាស៊ីនកិនស្រូវ រោងចក្រ​កែ​ច្នៃ​ដូងប្រេង រោងចក្រ​កែ​ច្នៃ​កៅស៊ូ​ក្រែប រោងចក្រ​ចំណី និង​រោងចក្រ​កែ​ច្នៃ​ស្បែក​ផង​ដែរ ៕