អាជ្ញាធរខេត្ត​កំពង់ឆ្នាំង មិន​ខ្វល់​ពី​រឿង​កុង​ទ័​រ​ភ្លើង​ក្រុមហ៊ុន អ៊ុង សុវណ្ណនី វិល​លឿន​ខុស​ប្រក្រតី​

ករណី​កុង​ទ័​រ​ភ្លើង​របស់​ក្រុមហ៊ុន អ៊ុង សុវណ្ណនី អេ​ឡិច​ទ្រី​ស៊ី​ធី ឌី​វី​ឡុ​ប​មេន វិល​លឿន​ខុស​ប្រក្រតី​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង ព្រោះ​កន្លងមក​ក្នុង​មួយខែ​ពួកគាត់​ប្រើ​អស់​តែ​២០​ទៅ​៣០​គីឡូវ៉ាត់​ក្នុង​មួយខែ ប៉ុន្តែ​ថ្មីៗ​នេះ​តួលេខ​បាន​កើនឡើង​២​ទៅ​៣​ដង​។ ដោយសារតែ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ខ្លាំងពេក ទើប​ប្រជាពលរដ្ឋ​ក្រុង​កំពង់ឆ្នាំង បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរខេត្ត ដែលមាន​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អភិបាលខេត្ត ជួយ​ដោះស្រាយ​ផងដែរ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ជា​អភិបាលខេត្ត និង​អគ្គិសនី​កម្ពុជា​ខេត្តកំពង់ឆ្នាំង មិន​យកចិត្តទុកដាក់​ដោះស្រាយ​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ឡើយ​។

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក កែវ រតនៈ អគ្គិសនី​កម្ពុជា ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ព្រោះ​កុង​ទ័​រ​ភ្លើង​របស់​ក្រុមហ៊ុន អ៊ុង សុវណ្ណនី មាន​ភាពមិនប្រក្រតី​ធ្វើ​ឲ្យ​ពួកគាត់​ចំណាយលុយ​កាន់តែច្រើន​ក្នុងការ​ប្រើប្រាស់​ចរន្តអគ្គិសនី​។ ជាងនេះទៅទៀត​មានការ​រិះគន់ថា បុគ្គលិក​ក្រុមហ៊ុន អ៊ុង សុវណ្ណនី មាន​ចរិត​ក្រអឺតក្រទម​ប្រើ​សំដី​មិន​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​។ ហេតុនេះហើយ​ទើប​កន្លងមក​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួ​សារបាន​ផ្ដិតមេដៃ​ប្ដឹង​ក្រុមហ៊ុន អ៊ុង សុវណ្ណនី ពាក់ព័ន្ធ​ទៅនឹង​កុង​ទ័​រ​ភ្លើង​វិល​លឿន​ហួសហេតុ ក្នុងខណៈដែល​ពួកគាត់​ប្រើ​ភ្លើង​ដោយ​សន្សំសំចៃ​ខ្ពស់​។

មានការ​សង្ស័យថា មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​អគ្គិសនី​កម្ពុជា​ក្នុង​ខេត្តកំពង់ឆ្នាំង ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន អ៊ុង សុវណ្ណនី ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​នេះ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត ហើយ​ម្ចាស់​ក្រុមហ៊ុន​មិន​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​ទៀតផង​។ លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ឆ្នាំង ប្រហែលជា​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុមហ៊ុន ទើប​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ក្រុង​កំពង់ឆ្នាំង​។ ប្រការនេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​គួរ​ដកសិទ្ធិ​វិនិយោគ​ពី​ក្រុមហ៊ុន អ៊ុង សុវណ្ណនី ជាបន្ទាន់​ដើម្បី​ជាការ​ព្រមាន​។ ជាងនេះទៅទៀត​លោក ឈួ​រ ច័ន្ទ​ឌឿ​ន ក្នុងនាម​ជា​អភិបាលខេត្ត​កំពង់ឆ្នាំង គួរ​គិតគូរ​ដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ខ្លះ​ផង ព្រោះ​ករណី​កុង​ទ័​រ​ភ្លើង​ក្រុមហ៊ុន អ៊ុង សុវណ្ណនី វិល​លឿន​ហួសហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​ក្នុង​ក្រុង​កំពង់ឆ្នាំង​៕

KHM-suy sem-soysophea-20120913លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល 12122916_1631380100444817_4420394001708030257_nលោក អ៊ុក រស់ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ឆ្នាំង 12063658_1631380153778145_1527967719372371369_n