សមត្ថកិច្ច​គួរ​វែកមុខ​មេខ្លោង​ប្រមូល​ទិញ​ឈើ​គ្រញូង​នៅតាម​តំបន់​ព្រំដែន​ចាត់ការ​តាមច្បាប់​

​ករណី​សមត្ថកិច្ច​សៀម​ធ្វើការ​បង្ក្រាប​ក្រុម​អ្នក​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​នៅ​ភូមិ​១៨ ឃុំ​ខូ​ត​ពី​ខម ស្រុក​មឿង​ស្រះកែវ ខេត្ត​ស្រះកែវ កាលពី​យប់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ បានបង្ហាញ​យ៉ាងច្បាស់​ថា​នៅតែមាន​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​ដដែល​។ នៅក្នុងពេល​បង្ក្រាប​នោះ​សមត្ថកិច្ច​សៀម ប្រទះឃើញ​មនុស្ស​ជាច្រើន​នាក់​ស្ពាយ​សាក់​ដូ​និង​ឈើ​លើ​ខ្នង​ដើរ​ឆ្លង​ចំណុច​ដែល​គេ​ត្រៀម​ជាស្រេច ហើយ​ពេលនោះ​មាន​សម្រែក​ជា​ភាសា​ខ្មែរ​ឲ្យ​ក្រុម​ទាំងនោះ​គេចខ្លួន​។ ក្រោយពេល​មាន​សម្រែក​នោះ​ក្រុម​អ្នក​ស្ពាយ​ឈើ​ជាច្រើន​នាក់​បាន​ទម្លាក់​ឈើ​ចោល​ហើយ​រត់​គេចខ្លួនបាត់​អស់​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​អ្នកសង្កេតការណ៍​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈ្មួញ​ដែលជា​មេខ្លោង​ជួញដូរ​ឈើ​គ្រញូង​នៅតែ​បញ្ចុះបញ្ចូល​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់​អភិរក្ស​លើទឹក​ដី​សៀម​។ នៅពេល​សមត្ថកិច្ច​សៀម​បង្ក្រាប​កាលពី​យប់​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ រឹបអូស​បាន​ឈើ​គ្រូ​ញូ​ង​ឈាមមាន់​១១១​ដុំ មាន​ប្រវែង​បណ្ដោយ​១​ម៉ែត្រ​ទាំងអស់ ម៉ាស៊ីន​អារឈើ​៥​គ្រឿង បន្ទះ​ដែក​ផ្លែ​រណា​៦​សន្លឹក ព្រមទាំង​សម្ភារៈ​មួយចំនួនទៀត​។ មិនតែប៉ុណ្ណោះ​នៅលើ​ដុំ​ឈើ​គ្រញូង​នីមួយៗ​សុទ្ធ​តែមាន​សរសេរ​ឈ្មោះ​ជា​អក្ស​ខ្មែរ ព្រមទាំង​មាន​ដាក់​លេខ​ទូរស័ព្ទ​សម្គាល់​ទៀតផង ដើម្បី​យកមក​លក់​ឲ្យ​ឈ្មួញ​នៅតាម​ព្រំដែន​។

ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ និង​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ វែកមុខ​មេខ្លោង​ជួញដូរ​ឈើ​គ្រញូង​យកទៅ​ចាត់វិធានការ​តាមច្បាប់ ទើប​លែងមាន​អ្នក​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​។ ឈ្មួញ​ឈើ​គ្រញូង​មួយចំនួន​ត្រូវបាន​គេ​ដឹងថា ជា​មន្ត្រី​ប្រដាប់អាវុធ​នៅក្នុង​ខេត្តឧត្ដរមានជ័យ និង​ខេត្តបន្ទាយមានជ័យ ហើយ​ពួកគេ​ប្រកប​របរ​នេះ​ជា​យូរ​មកហើយ ដោយ​ពុំមាន​សមត្ថកិច្ច​ឬ​ក្រសួង​ស្ថាប័ន​ណា ចាត់វិធានការ​បង្ក្រាប​នោះឡើយ​។ ហេតុនេះហើយ​ទើប​កន្លងមក​មាន​ពល​រដ្ឋ​ខ្មែរ​រាប់សិប​នាក់ ត្រូវ​តម្រួត​និង​ទាហាន​សៀម​ការពារ​ព្រំដែន​បាញ់សម្លាប់ ពេល​ពួកគេ​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម​។ ប៉ុន្តែ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​សមត្ថកិច្ច​សៀម បាន​កាត់បន្ថយ​ការបាញ់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​គេ​ដូច​កាលពីមុន​ទៀត​ទេ ដោយ​គ្រាន់តែ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ប៉ុណ្ណោះ​៕

Pisey-2016-05-10-full-R90 Pisey-2016-05-10-full-R80