ប្តី​ទំនើង​ប្រើ​កណ្ដាប់ដៃ​វាយ​ទៅលើ​ប្រពន្ធ​​ចំ​ភ្នែក​យ៉ាង​ដំណំ​

ប្តី​ទំនើង​ប្រើ​កណ្ដាប់ដៃ​វាយ​ទៅលើ​ប្រពន្ធ​​ចំ​ភ្នែក​យ៉ាង​ដំណំ​



បន្ទាយមានជ័យ ៖ យោង​តាម​ពាក្យបណ្ដឹង​របស់​ជន​រងគ្រោះ​ឈ្មោះ វ៉ា ស៊ីនួន ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​ប្ដឹង​ទៅលើ​ឈ្មោះ សិន ហេង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ត្រូវជា​ប្ដី បាន​ប្រើ​អំពើ​ហិង្សា​វាយ​មក​លើ​រូប​គាត់​ឲ្យ​មាន​របួស​លើ​ផ្ទៃមុខ ​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៩​ ខែឧសភា ឆ្នាំ​២០១៦​នៅ​លើផ្ទះ​។

អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ក្រោយពី​ទទួល​បាន​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ចំនួន​៤​នាក់​ដឹកនាំ​ដោយ​លោក​វរ​:​សេនីយ៍​ត្រី ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សិន ហេង ត្រូវជា​ប្ដី​នៅ​វេលា​ម៉ោង​១​ថ្ងៃត្រង់​ថ្ងៃទី​១០​ខែឧសភា ឆ្នាំ​២០១៦​យក​មក​កាន់​បញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង ​ដើម្បី​ធ្វើការ​សាកសួរ ​ហើយ​ធ្វើ​កំណត់ហេតុ​បញ្ជូន​មក​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​។

លោក វរ​:​សេនីយ៍​ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ទទួល​លើ​ការងារ​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ក្រោយពី​កម្លាំង​ជំនាញ​សួរចម្លើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រពន្ធ​ពិតប្រាកដ​មែន ប៉ុន្តែ​មិនបាន​ប្រើ​កណ្ដាប់ដៃ​ដាល់​ទេ គឺ​យកដៃ​ច្រាន​ទៅលើ​ផ្ទៃមុខ​របស់​ប្រពន្ធ​ពេញទំហឹង​ផ្ទប់​ទៅ​នឹង​ជញ្ជាំង​ បណ្ដាល​ឲ្យ​រង​របួស​តែប៉ុណ្ណោះ​។ លោក​វរ​:​សេនីយ៍​ឯក ម៉ែន ភិរម្យ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយពី​បាន​ចម្លើយ​សារភាព​និង​យោង​តាម​របួស​របស់​ជន​រងគ្រោះ​នោះ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដាក់ទោស​តាមច្បាប់​៕