កន្លះ​ឆ្នាំ​ទៀត ទើប គួច ​សុកុម្ភៈ​ ​អាច​ចូល​លេង​បាន

របួស​ដាច់​សរសៃ​កែង​របស់ គួច សុកុម្ភៈ​ ​នឹង​ត្រូវ​ប្រើ​ពេល​៣​ខែ​ទើប​អាច​ហាត់​បាន​តិច​ៗ ​ហើយ​ប្រើ​ពេល​៣​ខែ​ទៀត ទើប​អាច​ចូល​ទីលាន​ប្រកួត​បាន។ ​នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល។

 

កន្លះ​ឆ្នាំ​ទៀត ទើប គួច ​សុកុម្ភៈ​ ​អាច​ចូល​លេង​បាន គួច ​សុកុម្ភៈ​ កម្ដៅ​សាច់ដុំ​ (រូបភាព​មុន​របួស)

 

ខ្សែ​បម្រើ​ឆ្នើម​ គួច ​សុកុម្ភៈ ​បាន​រង​របួស​ដាច់​សរសៃ​កែង​ជើង​អំឡុង​ពេល​ប្រកួត​ជាមួយ​ក្រុម​ស៊ីម៉ាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា ។ ដោយ​របួស​នេះ​នឹង​ធ្វើ​ឱ្យ​រូបគេ ​មិន​អាច​ជួយ​ក្រុម​ណាហ្គាវើល​បាន​នោះ​ទេ​ក្នុង​រដូវ​កាល​នេះ ព្រោះ​ត្រូវ​សម្រាក​រហូត​ដល់​ទៅ​៦​ខែ​ឯ​ណោះ ។

 

លោក មាស ចាន់ណា ​បាន​និយាយ​ចំពោះ​បញ្ហា​នេះ​ថា​៖ “​ពិត​ជា​សោកស្ដាយ​ដែល កុម្ភៈ ​រង​របួស​ធ្ងន់​យ៉ាង​នេះ។ ពេទ្យ​បាន​ប្រាប់​ថា ​គាត់​ត្រូវ​សម្រាក​៣​ខែ​ទើប​អាច​ចូល​ហាត់​វិញ​បាន ហើយ​ហាត់​តិច​ៗ​ហ្នឹង ​៣​ខែ​ទៀត​ទើប​អាច​លេង​បាន។ អីចឹង​សរុប​ទៅ​៦​ខែ​ឯ​ណោះ។ អវត្តមាន​គាត់ ពិត​ជា​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​ក្រុម​ទាំង​មូល”។

 

ណាហ្គាវើល ​បច្ចុប្បន្ន​នេះ​អវត្តមាន​កីឡាករ​សំខាន់​២​រូប គឺ​គូច ​សុកុម្ភៈ​ ​និង ឃឹម បូរី (បាក់​ឆ្អឹង​ដង​កាំបិត) ។ ដោយ​កីឡាករ​២​នាក់​នេះ អាច​នឹង​អវត្តមាន​រហូត​ដល់​ចប់​រដូវ​កាល​២០១៦​នេះ​តែ​ម្ដង៕

 

អត្ថបទ៖ មុន្នី រម្យ