លោក William Heid ថា ខ្លួន​មិនបាន​នៅពីក្រោយយុទ្ធនាការ Black Monday ឡើយ

ឯកអគ្គ​រដ្ឋទូត​អាមេរិក លោក William Heid បាន​បញ្ជាក់​ប្រាប់​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ នាជំនួប​ប្រមាណ​៤០នាទី​នៅទីស្តីការ​ក្រសួងថា លោក​មិន​បាន​នៅ​ពីក្រោយ ឬ​ជុំរុញ​ឲ្យមាន​យុទ្ធនាការ «ស្លៀកពាក់ពណ៌​ខ្មៅរៀងរាល់​ថ្ងៃចន្ទ» (Black Monday) នោះឡើយ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួងការបរទេស។

យុទ្ធនាការ Black Monday ត្រូវ​ផុស​ផុលឡើង​ដើម្បី​ទាមទារឲ្យមាន​ការ​ដោះ​លែងបុគ្គលិកអង្គការ​អាដហុក​៤នាក់ និង​លោក នី ចរិយា អគ្គ​លេខាធិការ​រង​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុងសំណុំ​រឿង​ស្នេហា​របស់នារីម្នាក់ឈ្មោះ ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ។

អ្នកលេង​ហ្វេសប៊ុក​មួយចំនួន​បាន​ដាក់​ការសង្ស័យថា យុទ្ធនាការ​ផ្តួច​ផ្តើម​ឡើង​ដោយ​អគ្គ​រដ្ឋទូត​អាមេរិក។ លោក William Heid បើតាម​សម្តី​ដែល​ដក​ស្រង់ដោយ​ លោក ជុំ សុន្ទរី អះអាងថា ជំនួប​រវាង​លោក និង​បុគ្គ​លិក​អង្គការ​សង្គម​ស៊ីវិល​កន្លងមក គឺ​ដើម្បីពង្រឹង​ទំនាក់ទំនង​រវាងអាមេរិក និង​អង្គការ​ក្រៅរដ្ឋាភិបាលនៅ​កម្ពុជា តែប៉ុណ្ណោះ មិនមែន​ការ​លើក​ឡើងពី​យុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅនោះឡើយ៕