កែសម្រួល ក្រុម​អ្នកនាំពាក្យ​សាលា​រាជធានី ពី​៣​រូប ទៅ​៥​រូប ពេល​លោក​ឡុង ឌី​ម៉​ង់​ទទួលបាន​ភារកិច្ច​ថ្មី​

ភ្នំពេញ:
ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១១​ខែឧសភា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លើក​ទី​២៤ ដែល​ដឹកនាំ​ដោយ​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ដោយបាន​ធ្វើការ​អនុម័ត​ជា​ឯកច្ឆន្ទ​ចំនួន ២០ សំឡេង​លើ ២០ សំឡេង លើ​ការកែសម្រួល​សមាសភាព ក្រុម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​ពីមុន​មាន​សមាសភាព ៣ រូប ហើយ​ពេលនេះ​មាន​សមាសភាព ៥ រូប​។

 ការកែសម្រួល​សមាសភាព ក្រុម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើឡើង​ពេលដែល​លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី ទទួលបាន​ភារកិច្ច​ថ្មី​ពី​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​បំពេញភារកិច្ច​ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង​។​

​លោក​មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ដែល​ទើប​តែងតាំង​ថ្មី បាន​មានប្រសាសន៍ថា ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លើក​ទី​២៤ បានអនុម័ត​នូវ​ក្រុម​ទទួលបន្ទុក​ព័ត៌មាន​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ ដែល​ក្នុងនោះ​ធ្វើការ​កែសម្រួល​សមាសភាព​ក្រុម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ដែល​ពីមុន​មាន​សមាសភាព​៣​រូប គឺមាន​លោក​ឃួ​ង ស្រេង ជា​ប្រធាន លោក​ឡុង ឌី​ម៉​ង់ លោក​ឈាង ប៊ុន​ថា ជា​សមាជិក ប៉ុន្តែ​ដោយសារតែ​លោក​ឡុង ឌី​ម៉​ង់ ត្រូវ​ទទួល​ភារកិច្ច​ថ្មី​ពី​រាជរដ្ឋាភិបាល​ធ្វើជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​កូរ៉េ​។ ដូច្នេះ​សម្រាប់​ក្រុម​ទទួលបន្ទុក​សាលា​រាជធានី​ភ្នំពេញ មានការ​កែសម្រួល​ទៅជា​៥​រូប គឺ​លោក​ឃួ​ង ស្រេង អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជា​ប្រធាន លោក​មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ លោក​ម៉េ​ត មាស​ភក្តី ប្រធានការិយាល័យ​សុវត្ថិភាព​សាធារណៈ លោក​ជិន ប៊ុនធឿន មន្ត្រី​ការិយាល័យ​សុវត្ថិភាព​សាធារណៈ និង​លោក​ឈាង ប៊ុន​ថា មន្ត្រី​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ជា​សមាជិក​។​

​លោក​មាន ចាន់​យ៉ា​ដា បាន​ថ្លែងបន្តថា "​ក្រុម​ទទួលបន្ទុក​ព័ត៌មាន​នេះ មាន​តួនាទី​និង​ភារកិច្ច ផ្តល់នូវ​ព័ត៌មាន​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​ទៅនឹង​សាលា​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ទៅនឹង​ការងារ​អភិវឌ្ឍន៍​ក៏ដូចជា​ការងារ​សន្តិសុខ និង​ព័ត៌មាន​ផ្សេងៗ​ទៀត នៅ​ទូទាំង​រាជធានី​ភ្នំពេញ ជូនទៅ​សារព័ត៌មាន​របស់​យើង​"​។

​លោក​បាន​លើកឡើងថា ការបន្ថែម​សមាសភាព​ក្រុម​អ្នកទទួលបន្ទុក​ព័ត៌មាន​នេះ លោក​ម៉េ​ត មាស​ភក្តី  ទទួល​លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​រាជធានី ហើយ​លោក​ជិន ប៊ុនធឿន ទទួល​ការងារ​ពាក់ព័ន្ធ​លោក​អភិបាល​រាជធានី​ផ្ទាល់ ក៏ដូចជា​ព័ត៌មាន​ទូទៅ​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ​រាជធានី​។ ដូច្នេះ​ការបន្ថែម​សមាសភាព​នេះ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​ក្រុម​ទទួលបន្ទុក​ព័ត៌មាន ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​។​

​លោក​បាន​បន្ថែមថា "​នៅក្នុង​ដីកា​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានចែង​ច្បាស់​អំពី​តួនាទី​ភារកិច្ច និង​កាតព្វកិច្ច របស់​ក្រុម​ទទួលបន្ទុក​ព័ត៌មាន​នៅក្នុង​ការបំពេញ​តួនាទី​របស់ខ្លួន នៅក្នុង​ការឆ្លើយតប​និង​ជូន​ព័ត៌មាន ទៅដល់​អ្នកសារព័ត៌មាន ដូច្នេះ​ខ្ញុំ​គិតថា ពួកយើងខ្ញុំ​ប៉ុន្មាន​នាក់​នេះ នៅ​ថ្មី និង​ត្រូវការ​បណ្តុះបណ្តាល​បន្ថែម​ស្តីពី​ការនាំ​ពាក្យ ក៏ដូចជា​ផ្តល់ព័ត៌មាន​ទៅដល់​អ្នកសារព័ត៌មាន ប៉ុន្តែ​ទន្ទឹមនឹងនេះ ក៏ត្រូវ​ទាមទារ​ឲ្យ​មាន​ការចូល​រួមសហកា​រ​ពី​អ្នកសារព័ត៌មាន ឲ្យ​មានការ​យោគយល់​និង​មានការ​សហការគ្នា​ទៅវិញទៅមក ទើប​ការ​ផ្តល់ព័ត៌មាន​នោះបាន​ល្អ​"៕

កែសម្រួល ក្រុម​អ្នកនាំពាក្យ​សាលា​រាជធានី ពី​៣​រូប ទៅ​៥​រូប ពេល​លោក​ឡុង ឌី​ម៉​ង់​ទទួលបាន​ភារកិច្ច​ថ្មី​

កែសម្រួល ក្រុម​អ្នកនាំពាក្យ​សាលា​រាជធានី ពី​៣​រូប ទៅ​៥​រូប ពេល​លោក​ឡុង ឌី​ម៉​ង់​ទទួលបាន​ភារកិច្ច​ថ្មី​

កែសម្រួល ក្រុម​អ្នកនាំពាក្យ​សាលា​រាជធានី ពី​៣​រូប ទៅ​៥​រូប ពេល​លោក​ឡុង ឌី​ម៉​ង់​ទទួលបាន​ភារកិច្ច​ថ្មី​

កែសម្រួល ក្រុម​អ្នកនាំពាក្យ​សាលា​រាជធានី ពី​៣​រូប ទៅ​៥​រូប ពេល​លោក​ឡុង ឌី​ម៉​ង់​ទទួលបាន​ភារកិច្ច​ថ្មី​

កែសម្រួល ក្រុម​អ្នកនាំពាក្យ​សាលា​រាជធានី ពី​៣​រូប ទៅ​៥​រូប ពេល​លោក​ឡុង ឌី​ម៉​ង់​ទទួលបាន​ភារកិច្ច​ថ្មី​