ឈ្មួញ​ឈើ​នៅ​ស្រុក​កែវ​សីមា សុទ្ធតែជា​សាច់ញាតិ​មន្ត្រី​អាជ្ញាធរ​

​ប្រភពពី​សកម្មជន​ព្រៃឈើ និង​សមត្ថកិច្ច​តូចតាច​បាន​ឲ្យ​ដឹងថា លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ​។ ផ្ទុយទៅវិញ​លោក ជុ​យ សុឃាង គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកឈើ​ប្រណីត​តាម​រថយន្ត​ឡង់​គ្រី​ស័​រ​២​គ្រឿង​ចេញពី​ភូមិ​ស្រែអំពិល ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​ង៉ាំ​ដី ដែល​គ្រប់គ្រង​ដោយ​លោក ប៊ូ សំអុល ជា​មេ​ប៉ុស្ដិ៍​ឡា​បា​ខេ​។ សកម្មភាព​របស់​ឈ្មួញ​ដឹកជញ្ជូន​ឈើ គឺ​ឆ្លង​កាត់មុខ​ស្នាក់ការ​មន្ត្រី​ជំនាញ​តែម្តង ប៉ុន្តែ​ទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ មាន​រថយន្ត​ដឹកឈើ​២​គ្រឿង​ដែលជា​សាច់ញាតិ​របស់​អភិបាល និង​អភិបាលរង​ស្រុក​កែវ​សីមា ធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន​ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​មួយចំនួន​។ ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​នោះ ទី​១​ឈ្មោះ រិ​ន ជា​ប្អូនប្រុស​របស់លោក​អភិបាលស្រុក​កែវ​សីមា និង​ទី​២​ឈ្មោះ ភឿន ជា​ប្អូន​របស់​អភិបាលរង​ស្រុក​កែវ​សីមា​។ ឈ្មួញ​ទាំង​២​នាក់​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​អូរ​អាម ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ហើយ​ដឹកជញ្ជូន​ឈើ​ទាំងយប់​ទាំង​ថ្ងៃ ចេញពី​ភូមិ​ស្រែអំពិល យកមក​លក់​ឲ្យ​ឈ្មួញ​ឈើ​ជា​មន្ត្រី​យោធា​នៅ​ស្រុក​កែវ​សីមា ក្នុងភូមិ​ឆ្នែង ហើយ​ឈ្មួញ​ឈើ​ជាម​ន្ត្រី​យោធា​នោះ​ដឹកជញ្ជូន​បន្ត​យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​ង៉ាំ​ដី​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ច្រើន​ស្ថាប័ន ទើប​ឈ្មួញ​ឈើ​ឈ្មោះ រិ​ន ឈ្មោះ ភឿន និង​ឈ្មួញ​ឈើ​ជាម​ន្ត្រី​យោធា​ហ៊ាន​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ទៅ​លក់​នៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ដូច​រៀបរាប់​ឈ្មោះ​ខាងលើនេះ បាន​ឲ្យ​ដឹងថា ពួកគេ​រត់ការ​បើកផ្លូវ​ជាមួយ​សមត្ថកិច្ច​តូចតាច​រហូតដល់​ថ្នាកលើ​ទើប​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​កែវ​សីមា យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​ង៉ាំ​ដី យ៉ាង​រលូន​។ បទល្មើស​ព្រៃឈើ​ដែលមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​នៅក្នុង​ស្រុក​កែវ​សីមា​នោះ គួរតែ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា និង​លោក វង់ សុក្រ​សិរី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី មិន​យកចិត្តទុកដាក់​បង្ក្រាប​ឡើយ​៕

13224286_1024770087616581_1696480651_o 13224184_1024770084283248_32658337_o 13199054_1024770077616582_392994826_o 13223475_1024770094283247_471890402_o