សម្ដេច​ក្រឡាហោម ​៖ ត្រូវ​រក​ភាព​ស្រប​ច្បាប់​មុននឹង​ចេញទៅ​ធ្វើ​ការងារ​ នៅ​ក្រៅ​ប្រទេស​

សម្ដេច​ក្រឡាហោម ​៖ ត្រូវ​រក​ភាព​ស្រប​ច្បាប់​មុននឹង​ចេញទៅ​ធ្វើ​ការងារ​ នៅ​ក្រៅ​ប្រទេស​



ភ្នំពេញ ​៖ នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នា​កាលពី​ថ្ងៃទី​១០​ ខែឧសភា នៅ​ទីស្ដីការក្រសួង សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋ​ម​ន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើ​ការ​ទទូច​ដល់​ពលរដ្ឋ​ខ្មែរ ទាំងប្រុស​ទាំងស្រី ត្រូវ​ខិតខំ​ស្វះស្វែង​រក​ភាព​ស្រ​ប​ច្បាប់​មុននឹង​ធ្វើការ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​។​

សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ស ខេង ​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ប៉ុន្តែ​សុំ​ឲ្យ​មានការ​ឆ្លងដែន​និង​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស ត្រូវ​ស្ថិត​ក្នុង​ក្រោម​រូបភាព​ស្របច្បាប់​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ការ​ពារ​។​ ជាមួយគ្នា​នោះ សម្ដេច​ក្រឡាហោម ក៏បាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​តាម​ច្រករបៀង​ត្រូវ​រឹត​បន្តឹង​ការពារ​ឲ្យ​បាន​តឹងរ៉ឹង ខណៈ​មាន​លំហូរ​មនុស្ស​ឆ្លងដែន​ និង​មាន​ទំនិ​ញ​ចេញចូល​នៅ​តាម​បណ្ដា​ច្រករបៀង​នោះ ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ការងារ​ខុសច្បាប់​។​

លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បញ្ជាក់​ថា ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៦ លំហូរ​ទេសន្តរប្រវេសន៍​ការ​ងា​រ គឺ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ក្រៅប្រទេស​សរុប​ជិត​៣​សែន​នាក់ ក្នុង​នោះ​ទៅ​ក្រៅ​ស្របច្បាប់​មាន​ជាង​១៥​ម៉ឺន​នាក់ និង​មិន​ស្របច្បាប់​មាន​ជិត​១៤​ម៉ឺន​នាក់ ​ស្រី​ជិត​៦​ម៉ឺន​នាក់ អនីតិជន​ជាង​៥​ពាន់​នាក់ ហើ​យ​មាន​អ្នក​ត្រឡប់មកវិញ​មាន​ប្រមាណ​តែ​ជិត​៣​ម៉ឺន​៥០០០​នាក់​ប៉ុណ្ណោះ​។ ​ដោយឡែក​សម្រាប់​សក​ម្ម​ភាព​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​អនុវត្ត​បាន​១៧​ករណី ​ថយ​៥​ករណី ឃាត់ខ្លួន​ជនសង្ស័យ បាន​២០​នាក់​ស្រី​១១​នាក់ ក្នុង​នោះ​ដែរ សមត្ថកិច្ច​បាន​សង្គ្រោះ​ជនរងគ្រោះ​បាន​៤៣​នាក់ ក្នុង​នោះ​២៥​នាក់​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​។​

លោកស្រី​បន្ត​ថា ប្រទេស​ថៃ​ជា​ប្រទេស​មួយ ដែល​មាន​ពិបាក​ជាងគេ​ក្នុង​ការ​ផ្តល់​ភាព​ស្រប​ច្បាប់​ឲ្យ​ពលករ​កម្ពុជា ​ដែល​បញ្ហា​នេះ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ងាយ​ជួយ​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ការងារ​នៅ​គ្រា​ណាមួយ​នោះ​។​

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​ពលករ​របស់​ខ្លួន​ប្រមាណ​១​លាន​នាក់ ​បាន​និង​កំពុងធ្វើការ​ប​ម្រើ​ការងារ​ក្រៅប្រទេស​រួមមាន ​៖​ ប្រទេស​ថៃ ​ម៉ាឡេស៊ី ​កូរ៉េខាងត្បូង ​និង​ប្រទេស​ជប៉ុន​ជាដើម ក្នុង​នោះ មាន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​មាន​ជិត​កន្លះ​លាន​នាក់​៕

សម្ដេច​ក្រឡាហោម ​៖ ត្រូវ​រក​ភាព​ស្រប​ច្បាប់​មុននឹង​ចេញទៅ​ធ្វើ​ការងារ​ នៅ​ក្រៅ​ប្រទេស​