IFC សហការ​ជាមួយ​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ ពង្រឹង​អភិបាលកិច្ច​លើ​វិស័យ​ធនាគារ​នៅ​កម្ពុជា

IFC សហការ​ជាមួយ​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ ពង្រឹង​អភិបាលកិច្ច​លើ​វិស័យ​ធនាគារ​នៅ​កម្ពុជា



ភ្នំពេញ ​៖ សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែល​ជា​សមាជិក​មួយ​របស់​ធនាគារ​ពិភពលោក បាន​ចុះ​ហត្ថលេខា​ទៅលើ​អនុសារណៈ​យោគយល់​គ្នា​មួយ​ជាមួយនឹង​ធនាគារ​ជាតិ​ នៃ​កម្ពុជា ដើម្បី​ពង្រឹង​អភិបាលកិច្ច​របស់​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ ​និង​បង្កើន​តម្លាភាព ​និង​ទំនុក​ចិត្ត​របស់​សាធារណៈ​មក​លើ​វិស័យ​ធនាគារ។

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​រួមគ្នា​មួយ​រវាង​IFC​ និង​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​១១​ឧសភា​ ចុះ​នៅ​ក្នុង​ទំព័រ​ហ្វេ​ប៊ុ​ក​ធនាគារ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ IFC នឹង​ជួយ​ធនាគារ​ជាតិ​ នៃ​កម្ពុជា​ ដើម្បី​បង្កើន​សមត្ថភាព​និយ័តកម្ម ការ​ត្រួតពិនិត្យ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ តាមរយៈ​ការ​រៀបចំ​ និង​ផ្តល់​ការ​បណ្ដុះបណ្ដាល និង​សិក្ខាសាលា ​ស្ដីពី​ការ​អភិបាលកិច្ច​មន្ត្រី​ធនាគារ​ជាតិ ​នៃ​កម្ពុជា។ ធនាគារ​ជាតិ ​នៃ​កម្ពុជា​ ដោយមាន​កិច្ចសហការ​ជាមួយ IFC នឹង​រៀបចំ​អភិបាលកិច្ច​ដែល​ចែង​អំពី​ការអនុវត្ត​ល្អ ​នៃ​អភិបាលកិច្ច​សម្រាប់​ដាក់​ចេញ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គោរព​តាម។

លោក រ័ត្ន សុវណ្ណ​នរៈ​ អគ្គ​នាយករង​ត្រួតពិនិត្យ នៃ​ធនាគារ​ជាតិ ​នៃ​កម្ពុជា បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​ថា «​ការគ្រប់គ្រង​ហានិភ័យ​ប្រុងប្រយ័ត្ន​ និង​ការ​ត្រួតពិនិត្យ​ផ្ទៃក្នុង គឺជា​កត្តា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​របស់​ប្រទេស​កម្ពុជា​ ប្រកបដោយ​និរន្តរភាព​។

យើង​រំពឹង​ថា ​គម្រោង​នេះ​នឹង​ជំរុញ​ឲ្យ​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​ក្នុង​ការ​បន្ត​លើកកម្ពស់​ការអនុវត្ត​អភិបាលកិច្ច​ នៃ​គ្រឹះស្ថាន​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​រក​ការ​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល​»។

មុន​ពេល​មាន​កិច្ចសហការ​ជាមួយ IFC ធនាគារ​ជាតិ​ នៃ​កម្ពុជា​ក៏បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ពង្រឹង​អភិបាលកិច្ច តាមរយៈ​ការ​ចេញ​នូវ​បទបញ្ញត្តិ​ផ្សេងៗ​សម្រាប់​គ្រប់គ្រង ​និង​ត្រួត​ពិនិត្យ​អភិបាលកិច្ច​របស់​គ្រឹះស្ថាន​ធនាគារ ​និង​ហិរញ្ញវត្ថុ​។​

បន្ថែម​ពីលើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​ជាតិ ​នៃ​កម្ពុជា ការ​ផ្តល់​ជំនួយ​ពី IFC នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការពង្រីក​វិសាលភាព​ នៃ​ការ​កសាង​សមត្ថភាព​ ដើម្បី​លើកស្ទួយ​ប្រសិទ្ធ​ភាព​ នៃ​ការអនុវត្ត​ និង​គោរព​តាម​ការ​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​វិស័យ​ធនាគារ។

ស្ថាប័ន​ទាំងពីរ​ នឹង​សហការ​គ្នា​រៀបចំ​សិក្ខាសាលា​ជា​សាធារណៈ​ជា​បន្តបន្ទាប់​ ដើម្បី​បង្កើន​ចំណេះដឹង​អំពី​គោលការណ៍​អភិបាលកិច្ច។ សកម្មភាព​ទាំងនេះ​ គឺជា​មធ្យោបាយ​ដែល​អាច​បន្ត​ពង្រឹង​ប្រសិទ្ធភាព​ នៃ​ការគ្រប់គ្រង​ហានិភ័យ ការអនុវត្ត​តាមច្បាប់​ និង​មុខងារ​ត្រួតពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​វិស័យ​ធនាគារ។

Kyle Kelhofer នាយក IFC ប្រចាំ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម បាន​លើក​ឡើង​ថា «​កិច្ច​សហ​ប្រតិបត្តិការ​របស់​យើង​ជាមួយ​ធនាគារ​ជាតិ​ នៃ​កម្ពុជា នឹង​ជួយ​សមត្ថភាព​ និង​ការគ្រប់គ្រង​ហា​និភ័យ​ក្នុង​វិស័យ​ធនាគារ កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​។

ព្រឹត្តិការណ៍​នេះ​ នឹង​ជួយ​ឲ្យ​គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​កាត់បន្ថយ​ហានិភ័យ​ នៃ​ការ​ផ្តល់​កម្ចី និង​លទ្ធភាព​ទទួល​បាន​ឥណទាន សម្រាប់​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​នៅ​កម្ពុជា ដែល​កត្តា​ទាំងនេះ​ នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​»។

IFC បាន​ចូលរួម​ក្នុង​ការ​អនុម័ត​ក្រមច្បាប់ និង​បទបញ្ញត្តិ ​ស្ដីពី​អភិបាលកិច្ច​ចំនួន​៩៥ ក្នុង​ប្រទេស​ជាង​៣០​នៅ​ទូទាំង​ពិភពលោក​។ នៅ​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក IFC បាន​រៀបចំ​សៀវភៅ​ស្ដីពី​អភិបាលកិច្ច​ទី​១ សម្រាប់​បណ្ដា​ក្រុមហ៊ុន​នៅ​ប្រទេស​វៀតណាម​ និង​បាន​ជួយ​ដល់​អាជ្ញាធរ​ហិរញ្ញវត្ថុ​ឥណ្ឌូនេស៊ី​ផង​ដែរ៕