ថៃ និង​ចិន​ឈាន​ដល់ គ្រោង​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​លើ​ការ​ទិញ​-​លក់​អង្ករ

ប្រទេស​ថៃ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោកស្រី Apiradi Tantraporn នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដើម្បី​បញ្ចុះបញ្ចូល​ក្រុម​មន្ត្រី ឲ្យ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​ការ​ទិញ​-​លក់​អង្ករ រវាង​រដ្ឋាភិបាល​និង​រដ្ឋាភិបាល ឬ​ហៅ​កាត់​ថា (G-to-G) ។

តាម​ប្រសាសន៍​របស់​លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួងពាណិជ្ជកម្ម លោកស្រី Chutima Bunyapraphasara បាន​ថ្លែង​ថា ៖ « រដ្ឋមន្ត្រី​ថៃ​រូប​នេះ គ្រោង​នឹង​ហោះហើរ​ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​គោលបំណង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ចិន​អំពី​ការ​ចុះហត្ថលេខា​ង​លើ​ការ​ទិញ​លក់​អង្ករ​១​លាន​តោន ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល » ។ លើស​ពី​នេះ​ទៀត លោកស្រី​រដ្ឋមន្ត្រី​ថៃ ក៏​មាន​គោលបំណង​បញ្ចុះបញ្ចូល​ចិន ឲ្យ​ទិញ​កសិផល​របស់​ថៃ​បន្ថែម​ទៀត​ផង​ដែរ​ដូច​ជា កៅស៊ូ និង​ដំឡូង​មី​ជាដើម ដែល​ចិន​កំពុង​តែ​មាន​តម្រូវការ​ខ្ពស់ ។

រដ្ឋមន្ត្រី​ថៃ និង​ភាគី​ចិន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ខែធ្នូ ឆ្នាំ​២០១៤ កន្លង​មក ស្ដី​ពី​ការ​ទិញ​លក់​អង្ករ​ស្រូវ​ថ្មី និង​ចាស់​ចំនួន​១​លាន​តោន  និង​កៅស៊ូ​២០​ម៉ឺន​តោន។ ការ​ចុះ MoU នេះ ក៏​មាន​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ផង​ដែរ ។ ដោយឡែក ការ​ដឹក​ជញ្ជូន​ត្រូវ​បាន​កំណត់​នៅ​ក្នុងឆ្នាំនេះ ។

លោកស្រី Chutima Bunyapraphasara បានឱ្យ​ដឹង​ទៀត​ថា ៖ « ទោះបីជា​មានការ​សម្រេចចិត្ត​ថ្មី​របស់​រដ្ឋាភិបាល​ក្នុង​ការ​វិនិយោគ​លើ​គម្រោង​រថភ្លើង​ល្បឿន​លឿន​ក្តី ក៏​យើង​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ចិន​នឹង​ចុះ​កិច្ចព្រមព្រៀង​លើ​អង្ករ​១​លាន​តោន​បន្ថែម​ទៀត » ។

លោកស្រី​បន្ថែម​ថា ៖ « ខណៈ​ដែល​គ្រោះ​រាំង​ស្ងួត​នៅ​តែ​បន្ត​ក្តី ក៏​ពួក​យើង​ជឿជាក់​ថា ថៃ​នឹង​នៅ​តែ​មាន​សមត្ថភាព​នាំ​ចេញ​អង្ករ​ផង​ដែរ ដែល​គណៈកម្មការ​គោលនយោបាយ​អង្ករ​ជាតិ​បាន​អនុញ្ញាត​ក្នុង​ការ​លក់​អង្ករ​រដ្ឋ​បាន​តាម​កិច្ចសន្យា G-to-G » ។

មិនតែប៉ុណ្ណោះ លោកស្រី Apiradi Tantraporn នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​អាហ្វ្រិក​ខាងត្បូង​ផង​ដែរ ដើម្បី​ជំរុញ​ដល់​ការ​លក់​អង្ករ​នៅ​ក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក ។ ជាមួយ​គ្នា​នេះ រដ្ឋាភិបាល​ថៃ​មាន​អង្ករ​ចំនួន​១១,៤​លាន​តោន ។

យោង​តាម​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ថៃ​បាន​នាំ​អង្ករ​ចេញ​ចំនួន​២,៨៥​លាន​តោន ស្មើនឹង​៣៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ៕